​រក​ឃើញ​ក្រុមហ៊ុន​ផលិត​ទូរសព្ទ ២ ​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​បំផុត

  • 2019-01-27 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុមហ៊ុន​ផលិត​ទូរសព្ទ ២ គឺ Vivo និង Meizu ដែល​ទើប​នឹង​បញ្ចេញ​ស្មាតហ្វូន​ជំនាន់​ចុងក្រោយ​មក​កាន់​ទីផ្សារ​នៅ​ដើម​ឆ្នាំ ២០១៩ នេះ​បាន​ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​មាន​ការ​បង្កើត​ថ្មី មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​បំផុត​លើ​ការ​ឌីហ្សាញ និង​បំពាក់​បច្ចេកវិទ្យា​ថ្មី​ចុង​ក្រោយ​គេ​បង្អស់​លឿន​ជាង​ក្រុមហ៊ុន​ដទៃ​ពោល​គឺ Apple និង Samsung។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Business Insider។

Meizu Zero

​ស្មាតហ្វូន Meizu Zero និង Vivo APEX 2019សុទ្ធ​តែ​ជា​ស្មាតហ្វូន​សម្រាប់​ថ្ងៃ​អនាគត​ដែល​បាន​លេច​រូបរាង​យ៉ាង​ពិត​ប្រាកដ​ហើយ។ ស្មាតហ្វូន​ទាំង​ពីរ​នេះ ​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​ចុង​ក្រោយ​គេ​បង្អស់ ដោយ​ថ្មីៗ​នេះ​ក្រុមហ៊ុន​ Meizu បាន​បង្ហាញ​ចេញ​ស្មាតហ្វូន​ម៉ូដែល​ Zero ដែល​ជា​ស្មាតហ្វូន​ដំបូង​គេ​ក្នុង​លោក គ្មាន​រន្ធ​ គ្មាន​ប៊ូតុងអ្វី​ទាំង​អស់។ ជំនួស​មក​វិញ ដោយ​ការ​ប្រើ​ប្រាស់​ អេក្រង់​ AMOLED ទំហំ ៥,៩៩ អ៊ីញ ដែល​មាន​គែម​អេក្រង់​រាង​ស្ដើង​បំផុត។

លើ​អេក្រង់​នេះ​មាន​បង្កប់​ទ្រនាប់​ស្កេន​ម្រាម​ដៃ ហើយ​​មាន​នូវ​បច្ចេកវិទ្យា​ "mSound 2.0” ដែល​​អាច​ឲ្យ​អេក្រង់​ ដើរ​តួ​ជា​រន្ធ​បំពង​សំឡេង​បាន។

Meizu Zero

​រន្ធ​សាក​ថ្ម​ត្រូវ​បាន​បំបាត់​ចោល ដោយ​ជំនួស​មក​វិញ​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​ “Super mCharge Wireless” ដែល​អាច​ចម្លង​ចរន្ត​បាន​ដល់ ១៨ វ៉ាត់ អាច​បញ្ចូល​ថ្ម​ឆាប់​ពេញ​បំផុត។

Meizu បាន​ប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា​ Haptic Feedback ដែល​ផ្ដល់​ជូន​ជា​ប៊ូតុង​សិប្បនិម្មិត​​​នៅ​ផ្នែក​ចំហៀង​នៃ​ទូរសព្ទ ដើម្បី​បើក​ទូរសព្ទ និង​បន្ថែម​បន្ថយ​សំឡេង​បាន។

វីឯបច្ចេកវិទ្យា​ eSIM បាន​ចូល​មក​ជំនួស​រន្ធ​ដាក់​ស៊ីម​កាត​ ដែល​និយម​ប្រើ​ទូទៅ។ ដោយ​សារ​គ្មាន​រន្ធ​បែប​នេះ ធ្វើ​ឲ្យ​ Meizu Zero អាច​ធន់​នឹង​ទឹក​​ក្នុង​កម្រិត IP68។

Vivo APEX 2019

ចំណែក​ឯ Vivo APEX 2019 ក៏​គ្មាន​ប៊ូតុង​សម្រាប់​ចុច​ដែរ ប៉ុន្តែ​ជំនួស​មក​វិញ​ដោយ​មាន​ប៊ូតុង​ជា​ប្រភេទ Touch ។ វា​មាន​រន្ធ Speaker ដែរ តែ​មិន​មែន​រន្ធ​បំពង​សំឡេង​ធម្មតា​ទេ គឺ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​សំឡេង នៅ​លើ​អេក្រង់​តែ​ម្ដង។ បច្ចេកវិទ្យា​នេះ គឺ​ប្រើប្រាស់​ដូចគ្នា​នៅ​លើ​ផ្នែក​ខាងក្រោយ​សម្រាប់​ការ​ចាក់​សំឡេង​ឮ Loudspeaker ។

Vivo APEX 2019 ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ​ក្រោម​អេក្រង់ ជំនាន់​ចុងក្រោយ​បំផុត​របស់ vivo ដែល​ការ​ស្កេន​ដោះ​សោរ ​នៅ​កន្លែង​ណា​ក៏​បាន​ដែរ​នៅ​លើ​អេក្រង់​នេះ។ មិន​ថា​អ្នក​ដាក់​ម្រាម​ដៃ នៅ​ត្រង់​កន្លែងណា នៅ​លើ​អេក្រង់​នេះទេ វា​អាច​ដោះ​សោរ​បាន​ទាំង​អស់។ អ្នក​ក៏​អាច​យក​ម្រាម​ដៃ​ពីរ​ទៅ ចុច​ដោះសោរ​លើ​អេក្រង់​ទូរសព្ទ​នោះ​​ក៏​បាន​ដែរ។

Vivo APEX 2019

ចំណែក​ឯ​ការ​សាក​ថ្ម​វិញ ស្មាតហ្វូន APEX 2019 ប្រើប្រាស់​នូវ​រន្ធ​ដោតម៉ាញ៉េទិច magnetic charging connector pins ដែល​ស្រដៀង​គ្នា​ទៅ​នឹង អ្វី​ដែល​អ្នក​ធ្លាប់​មើល​ឃើញ​នៅ​លើ Smart Watch ដែរ។ សម្រាប់ Connector Pins នេះ​ក៏​អាច​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការ​បញ្ជូន​ទិន្នន័យ​ឯកសារ​បាន​ផង​ដែរ៕

តើ​អ្នក​យល់​ថា ​ទាំង​នេះ​ជា​របក​គំហើញ​ថ្មី​ដែល​ក្រុមហ៊ុន​ផ្សេង​មិន​ទាន់​មាន​ដែរ​ទេ?

អានបន្ត៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រក្សា