ត្រឹម បឺត សង្ឃឹម ជើងខ្លាំង ធន់ អៀងឡៃ ប្រើពេល១ទឹកប៉ុណ្ណោះផ្ដួលឲ្យសន្លប់
- 2019-02-12 07:56:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹម បឺត សង្ឃឹម ជើងខ្លាំង ធន់ អៀងឡៃ ប្រើពេល១ទឹកប៉ុណ្ណោះផ្ដួលឲ្យសន្លប់
ចន្លោះមិនឃើញ
អ្នកប្រដាល់កំពុងឡើងកូដ ដូចទឹកបាក់ទំនប់ ធន់ អៀងឡៃ ប្រើពេលត្រឹម១ទឹកប៉ុណ្ណោះដើម្បីយកឈ្នះជើងខ្លាំងត្រកួល បឺត ឈានទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ TV5 កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ។
គូនេះគឺបានការសាទរជាខ្លាំង ដោយសារតែពួកគេទាំងពីរសុទ្ធតែចង់ឈ្នះរៀងៗខ្លួនដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រយកលុយ៤ពាន់ដុល្លារនៅពេលខាងមុខ។ គ្រាន់តែចូលទឹកទី១ភ្លាមទាំង ប៊ឺត សង្ឃឹម ក៏ដូចជា ធន់ អៀងឡៃ គឺសម្រុកគ្នាគ្មានប្រណីតែម្ដង។
កូនសិស្សលោក ធន់ សុភា ហាក់ធ្វើបានល្អជាងដោយព្យាយាមដើរចូលបុក និងកាចអុកជង្គង់ បើទោះជាត្រូវ បឺត សង្ឃឹម វ៉ៃចូលច្រើនដៃ ឬឆក់កែងយ៉ាងណាក្ដី។ ដោយសារ អៀងឡៃ មានកម្លាំងខ្លាំងជាង ធ្វើឲ្យអ្នកប្រដាល់រូបនេះមានប្រៀបក្នុងការចាប់អុកជង្គង់ចូលពេញៗជាង បឺត សង្ឃឺម។ នៅពេលកំពុងកាចគ្នានោះ ក្មួយប្រុស បឺត ខាំ បែរមុខចេញ គេចពីដៃគូរួមទាំងភ្លេចខ្លួនផងនោះ ក៏ជាឱកាស សម្រាប់ ធន់ អៀងឡៃ បុកកែងឆ្វេងឲ្យសន្លប់ក្នុងពាក់កណ្ដាលទឹកទី១នោះតែម្ដងទៅ។
ធន់ អៀងឡៃ បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយនៃកម្មវិធីប្រកួតដណ្ដើមពានរង្វាន់ទម្ងន់ ៥៧គីឡូក្រាម នៅសង្វៀន TV5 កាលពីថ្ងៃសៅរ៍ ទី៩ ខែកុម្ភៈ ២០១៩ បន្ទាប់ពីផ្ដួល បឺត សង្ឃឹម ឲ្យសន្លប់ក្នុងទឹកទី១។ អៀងឡៃ នឹងត្រូវប៉ះ ម៉ន សាម៉េត នៅវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ខាងលើនេះនៅ២សប្ដាហ៍ទៀតនេះ៕
វីដេអូប្រកួត៖
ថាម៉េច? ថតវីដេអូកូន ឈ្នះដំណើរកម្សាន្តទៅជួប David Beckham ដោយផ្ទាល់
Marcelo ទម្លាយ Bale នៅ Real Madrid ៦ឆ្នាំតែមិននិយាយអេស្ប៉ាញសោះ