កម្ពុជា​អាច​នឹង​មាន​ 5G ប្រើ​មុន​គេ នៅ​អាស៊ាន​

  • 2019-03-02 10:27:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​បង្ហាញ​ក្ដី​រំពឹង​ថា​​ប្រទេស​កម្ពុជា អាច​នឹង​ក្លាយ​ជា​ប្រទេស​ទី​មួយ​​នៅ​អាស៊ាន​ ដែល​មាន​ប្រើ​ប្រាស់​​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី ៥ (5G)។ នេះ​បើ​តាម​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​លើ​គេហទំព័រ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​នា​ថ្ងៃ​ទី ២ ខែ​មីនា​នេះ។

ការ​បង្ហាញ​ក្ដី​រំពឹង​នេះ​ បន្ទាប់​ពី​ឯកឧត្ដម​រដ្ឋ​មន្ត្រី ត្រាំ អ៊ីវ​តឹក និង​គណៈ​ប្រតិភូ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​​ចូល​រួម​ក្នុង​មហាសន្និបាត​ទូរសព្ទ​ចល័ត​ MWC ឆ្នាំ ២០១៩ ដែល​ធ្វើ​ឡើង​ក្នុង​ទីក្រុង​បាសេឡូណា ប្រទេស​អេស្ប៉ាញ​ ​ដែល​ប្រារព្ធ​ឡើង​ពី​​​ថ្ងៃ​ទី ២៥ ដល់ ២៨ ខែ​កុម្ភៈ។

មហាសន្និបាត MWC ​ឆ្នាំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធាន​បទ “ប្រជាពលរដ្ឋ​ឌីជីថល” ដែល​បាន​ធ្វើ​ឱ្យ​អ្នក​ចូលរួម​បាន​ស្វែង​យល់​ពី​អ្វី​ដែល​ជា​ការ​ផ្លាស់​ប្ដូរ​ឌីជីថល ដើម្បី​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក ក៏​ដូច​ជា​ផល​ប៉ះពាល់​នៃ​បច្ចេកវិទ្យា​ថ្មី​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​រយ:ពេល​វែង។ ជា​មួយ​គ្នា​នេះ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏​មាន​ការ​ដាក់​តាំង​ពិព័រណ៍​នូវ​ឧបករណ៍​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​ ៥ (5G) និង​ដំណោះ​ស្រាយ​នានា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ 5G ដែល​ជា​ប្រធានបទ​ឈាន​មុខ​គេ។

បញ្ជាក់​ផង​ដែរ​ថា បណ្ដា​ប្រទេស​ធំៗ​នៅ​លើ​ពិភពលោក​ មាន ចិន កូរ៉េ រុស្ស៊ី សហភាព​អឺរ៉ុប និង​បណ្ដា​ប្រទេស​ដទៃ​ទៀត កំពុង​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់​​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥ (5G) នៅ​ក្នុង​ពេល​ខាង​មុខ​ឆាប់ៗ​នេះ ហើយ​​ប្រទេស​កម្ពុជា ក៏​កំពុង​ត្រៀម​ខ្លួន​ផង​ដែរ៕​

រូបភាព ៖ ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍

អត្ថបទ៖ សុខហេង