ដឹង​ទេ​គ្រាន់​តែ​បុណ្យ​ទាន​ម្តងៗ ចិន​​ទាញ​​ចំណូល​​បាន​ជិត​ស្មើ​ GDP ​ប្រទេស​អាស៊ាន​២​ប​ញ្ចូល​គ្នា

  • 2019-03-11 01:39:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណូល​​បាន​ពី​ទេសចរ​ក្នុងស្រុក​របស់​ប្រទេស​ចិន​ត្រូវ​បាន​រាយការណ៍​ថា​​បាន​កើន​ឡើង​ ៥១៣,៩ ពាន់​លាន​យ័ន (ប្រហែល ៧៦ ពាន់​លាន​ដុល្លារ) ក្នុង​អំឡុង​ចូលឆ្នាំ​ចិន និង បុណ្យ​និទាឃៈរដូវ។

យោងតាម​របាយការណ៍​របស់​ក្រសួង​វប្បធម៌ និង ទេសចរណ៍​ចិន​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ដំណើរ​សរុប​មាន​ចំនួន​ ៤១៥ លាន​ជើង​នៅ​ទូទាំង​ប្រទេស​ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​ខាង​លើ​នេះ ​កើន ៧,៦% ធៀប​នឹង​ឆ្នាំ​ចាស់។

ប្រជាជន​ចិន​ដែល​​​បាន​ធ្វើ​ដំណើរ និង ចាយវាយ​ក្នុង​ប្រទេស​របស់​ខ្លួន​អំឡុង​ថ្ងៃ​បុណ្យ​ឈប់​សម្រាក​កាល​ពី​ដើម​ឆ្នាំ ប្រមាណ ៧៦ ពាន់​លាន​ដុល្លារ​ ពោល​គឺ​ជិត​ស្មើ​នឹង GDP នៃ​ប្រទេស​ឡាវ និង ភូមា​បូក​បញ្ចូល​គ្នា (​មាន​តម្លៃ​​ប្រហែល ៨៩,២ ពាន់​លាន​ដុល្លារ)។ នេះ​បើ​តាម​ស្ថិតិ​ GDP ឆ្នាំ​២០១៧​របស់​​ធនាគារ​ពិភពលោក។

ផលិតផល​ក្នុង​ស្រុក​សរុប ឬ GDP គឺ​ជា​​ទ្រព្យសម្បត្តិ​​របស់​ប្រទេស​មួយ​ដែល​ផលិត​បាន​ក្នុង​មួយ​ឆ្នាំ ឬ និយាយ​ឲ្យ​ងាយ​យល់ គឺ​ជា​​ចំណូល​សរុប​ដែល​ប្រជាជន​របស់​ប្រជាជាតិ​មួយ​រក​បាន​ក្នុង​មួយ​ឆ្នាំ។

តំបន់​ទេសចរណ៍​វប្បធម៌​ប្រវត្តិសាស្ត្រ​​ ស្ថិត​ក្នុង​បញ្ជី​ដ៏​ពេញនិយម​បំផុត​អំឡុង​ថ្ងៃ​បុណ្យ​ធំ​របស់​ប្រទេស​ចិន​ មាន​រហូត​ដល់​៤០% នៃ​ដំណើរ​ទេសចរណ៍​សរុប។

ទំនង​ដោយសារ​ហេតុផល​នេះ​ហើយ​ទើប​ចិន​ព្យាយាម​ខ្ទប់​ប្រជាជន​របស់​ខ្លួន​មិន​​ចង់​ឲ្យ​ទៅ​ចាយ​លុយ​​ក្រៅ​ប្រទេស ដោយ​​បាន​បង្កើត​តំបន់​ទេសចរណ៍​បន្ថែម​ដូចជា ធ្វើ​ស្ពាន​កញ្ចក់ សង់​រូបសំណាក​គួន​អ៊ី​ធំ​បំផុត និង កន្លែង​​ប្លែកៗ​ទៀត​ជា​ច្រើន៕

ប្រភព៖ Chinadaily   ប្រែ​សម្រួល៖ សុខ លាងហ៊ត