អ្វីនៅពីក្រោយភាពជោគជ័យរបស់ គង់ សុជាតិ ពីអ្នកលក់ចេកឆឹង ក្លាយជាពិធីការិនីល្បី និង ជាថៅកែហាងកែសម្ផស្ស?
- 2014-11-17 17:03:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្វីនៅពីក្រោយភាពជោគជ័យរបស់ គង់ សុជាតិ ពីអ្នកលក់ចេកឆឹង ក្លាយជាពិធីការិនីល្បី និង ជាថៅកែហាងកែសម្ផស្ស?
ចន្លោះមិនឃើញ
ជាទូទៅ មនុស្សម្នាក់ៗមានភាពជោគជ័យខុសៗគ្នា ហើយដំណើរទៅរកភាពជោគជ័យក៏ខុសគ្នាដែរ។ ដូច្នេះហើយ អ្នកនាង គង់ សុជាតិ ពិធីការិនីឆ្នើមនៅកម្ពុជាបានស្ម័គ្រចិត្តប្រាប់ពីគន្លឹះមួយ ចំនួនដែលនាំឲ្យអ្នកនាងជោគជ័យទាំងលើវិថីសិល្បៈ និង អាជីវកម្មដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននេះ។
នៅមុនចូលដល់ការបង្ហើបប្រាប់ពីគន្លឹះជោគជ័យ ពីអ្នកនាង គង់ សុជាតិ Sabay សូមរំលឹកពីប្រវត្តិសង្ខេបខ្លះៗ ដែលអ្នកនាង គង់ សុជាតិ ធ្លាប់ឆ្លងកាត់ពីការលំបាករហូតដល់ភាពជោគជ័យនៅលើវិថីសិល្បៈ និង ជាម្ចាស់ហាង (ថៅកែ) កែសម្ផស្សដែលមានទីតាំងនៅទល់មុខវិទ្យាល័យបាក់ទូក។
ពីឆ្នាំ ១៩៩៤-១៩៩៥ អ្នកនាង គង់ សុជាតិ បានប្រឡូកក្នុងពិភពសិល្បៈលើកដំបូង តាមរយៈជាប់ជាកញ្ញាឯក ស្ថានីយទូរទស្សន៍ IBC (ប៉ុស្តិ៍លេខ ៥ បច្ចុប្បន្ន) ។ ក្រោយមកអ្នកនាងបានក្លាយជាពិធីការិនី ហើយទទួលប្រាក់ខែលើកដំបូងបានត្រឹមតែ ១១១ ដុល្លារ ក្នុង១ខែ។
នៅឆ្នាំ ១៩៩៧ អ្នកនាង គង់ សុជាតិ បានគ្រប់គ្រងកម្មវិធីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣។ អ្នកនាងបានចំណាយពេល ៥ ឆ្នាំ ទើបក្រសោបបានភាពល្បីល្បាញ ដោយទស្សនិកជនស្គាល់អ្នកនាង តាមរយៈកម្មវិធីកំប្លែងល្បីៗ ដំណើរកម្សាន្តទស្សនាចរជុំវិញពិភពលោក ការប្រគំតន្ត្រី ហ្គេម កម្មវិធីសម្ផស្ស និង ចម្រៀងស្ដីពីទិដ្ឋភាពស្រុកខ្មែរ។ រហូតមកដល់ឆ្នាំ ១៩៩៩ អ្នកគង់ សុជាតិ បានសម្រេចបើកជំនួញផ្ទាល់ខ្លួនមួយដែលដាក់ឈ្មោះថា “សុជាតកែសម្ផស្ស” ឥឡូវដូរមកជា សុជាតិសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈថែរក្សាសម្ផស្ស ឬ Socheat beauty salon ដែលមានទីតាំងនៅមុខវិទ្យាល័យបាក់ទូក។
ដូច្នេះការ ផ្លាស់ប្ដូរពីអ្នកលក់ចេកឆឹង មកជា ពិធីការិនីឆ្នើម និង មានហាងកែសម្ផស្សផ្ទាល់ខ្លួន រួមទាំងមានក្រុមគ្រួសារកក់ក្ដៅ ដោយអ្នកនាង មានកូនពីរ និង ទើបរៀបអាពាហ៍ពិពាហ៍ជាមួយកម្លោះសង្ហារ ជា វិបុល គឺជាកិច្ចប្រឹងប្រែងឥតឈប់ឈររបស់អ្នកនាង។ ចង់ដឹងកិច្ចខិតខំប្រឹងប្រែងតស៊ូអ្វីខ្លះដែលនាំឲ្យ អ្នកនាង គង់ សុជាតិ ជោគជ័យជាបន្តបន្ទាប់ក្នុងជីវិតរបស់ខ្លួននោះ ខាងក្រោមនេះ គឺជាកិច្ចសម្ភាសន៍រវាង Sabay និង អ្នកនាង គង់ សុជាតិ។
Sabay៖ នៅក្នុងចង្កោមអ្នកសិល្បៈ នរណាៗ ក៏ទទួលស្គាល់ដែរថា អ្នកនាងគឺជាបុគ្គលជោគជ័យមួយរូបដែលថ្មីៗនេះ ទទួលលាភធំ គឺស្វាមីដ៏ល្អម្នាក់ ជំនួញ និង ការងារសិល្បៈកំពុងរីកចម្រើនដូចកាំជណ្ដើរ តើអ្នកនាងអាចប្រាប់ពីគន្លឹះសំខាន់ៗអ្វីខ្លះ ដែលនាំឲ្យអ្នកជោគជ័យ មកដល់សព្វថ្ងៃនេះ?
គង់ សុជាតិ៖ ខ្ញុំគ្មានអ្វីច្រើននោះទេ គឺអ្វីដែលសំខាន់នោះ គឺធ្វើអ្វីមួយដោយសេចក្ដីស្រឡាញ់ចេញពីចិត្តរបស់ខ្លួន។ ប្រសិនបើយើងធ្វើការ ឬ បើកមុខរបរអ្វីមួយក្ដី គឺយើងត្រូវធ្វើវាចេញពីសេចក្ដីស្រឡាញ់របស់យើង ដូច្នេះ គ្រប់យ៉ាងយើងប្រឹងធ្វើវាដោយក្ដីស្រឡាញ់ ដោយអស់ពីចិត្តរបស់យើង។ “ខ្ញុំធ្វើអ្វីមួយខ្ញុំធ្វើឲ្យអស់ពីដៃពីជើងតែម្ដង”។
Sabay៖ ដើម្បីគ្រប់គ្រងការងារ ក៏ដូចជា គ្រប់គ្រងមុខរបរដែលកំពុងធ្វើរាល់ថ្ងៃ តើអ្នកនាងមានទម្លាប់ដូចម្ដេចខ្លះ ដើម្បីឲ្យជោគជ័យនោះ?
គង់ សុជាតិ៖ ខ្ញុំមានបីចំណុចសំខាន់ ៖
-ចំណុចទី១ ខ្ញុំ សូមលើកឡើងពីការបង្កើតទម្លាប់ល្អ គឺទម្លាប់ល្អនេះហើយដែលនាំឲ្យយើងក្លាយជាបុគ្គលជោគជ័យ។ ខ្ញុំឧទាហរណ៍ថា ប្រសិនបើយើងណាត់នរណាម្នាក់នៅម៉ោង ៦-៧ ព្រឹក ហើយយើងមិនស្រួលខ្លួន ឬ យើងស្ទើរតែក្រោកមិនរួច ដូច្នេះ យើងត្រូវជម្នះខ្លួនឯងជានិច្ច គឺត្រូវតែងើប ទៅជួបគេ ព្រោះយើងត្រូវគោរពការណាត់ ឬ ការសន្យា។
ការណ៍ដែលយើងធ្វើបែប នេះ គឺផ្ដល់ទំនុកចិត្ត និង ការជឿជាក់ ដល់មនុស្សគ្រប់គ្នា ដែលកត្តានេះគឺជារឿងសំខាន់ដែលមនុស្សជោគជ័យតែងតែមាន។
-ចំណុចទី ២ ហាត់ ប្រាណ និង សមាធិ៖ មនុស្សយើងគ្រប់គ្នានៅពេលបំពេញការងារតែងតែមានភាពតានតឹង ដូច្នេះការហាត់ប្រាណ គឺជា បច្ច័យល្អបំផុតសម្រាប់សុខភាព និងការដុតបំផ្លាញកោសិកាខ្ជិលច្រអូសមួយចំនួន។
មួយទៀត ខ្ញុំតែងតែធ្វើសមាធិ ដើម្បីឲ្យអារម្មណ៍ស្ងប់ មានន័យថា ផ្លូវចិត្តសំខាន់ណាស់ ដែលនាំឲ្យយើងមានអារម្មណ៍ល្អ ហើយឈានទៅសម្រេចចិត្តអ្វីៗផ្សេងៗទៀតប្រកបដោយការជឿជាក់ និង ច្បាស់លាស់។
-ចំណុចទី ៣ ត្រួតពិនិត្យការងារ៖ ថ្វីបើខ្ញុំមានក្រុមការងារធ្វើការនៅសិល្បៈក៏ដោយ ក៏ខ្ញុំនៅតែត្រួតពិនិត្យគ្រប់កិច្ចការ នៅមុនចេញការផ្សាយនៅតាមកញ្ចក់ទូរទស្សន៍ ធ្វើបែបនេះ គឺ បង្ហាញពីភាពច្បាស់លាស់របស់យើង ក្នុងនាមជាអ្នកធ្វើការ។ បើនិយាយពីអាជីវកម្មរបស់ខ្ញុំវិញ ខ្ញុំក៏មិនបានបណ្ដោយទាំងស្រុងទៅក្រុមគ្រួសារដែរ គឺយើងត្រូវតែចុះទៅពិនិត្យនៅហាង និយាយរួមយើងពិនិត្យការងារ នៃការបែងចែកការទទួលខុសត្រូវចំពោះបុគ្គលិកផងដែរ។
សូមចុចអាន ៖ ការដើរលើវិថីសិល្បៈ បញ្ហាប្រឈម និង ធ្វើខ្លួនបែបណាឱ្យល្បីជាអ្វីដែលតារាៗធ្លាប់ឆ្លងកាត់
Sabay៖ ដើម្បីដឹកនាំ អាជីវកម្មមួយជោគជ័យ តើត្រូវការបុគ្គលិកលក្ខណៈ និង របៀបគ្រប់គ្រងដូចម្ដេចដែរ?
គង់ សុជាតិ៖ កត្តាសំខាន់យើងត្រូវច្បាស់ខ្លួនឯងសិន យើងឈរលើគោលការណ៍ និង គោលដៅច្បាស់លាស់។ និយាយពីគ្រប់គ្រង គឺយើងច្បាស់លាស់មែនទែន ពីរបៀបគ្រប់គ្រង ដោយត្រូវចេះបែងចែកតួនាទី កុំឲ្យជាន់គ្នា ត្រួតពិនិត្យគុណភាពការងារ និង សេវាកម្មផ្សេងៗ ហើយអ្វីជាពិសេសនោះ គឺកត្តាអនាម័យ ដែលទាំងអស់នេះ គឺជាភាពចំាបាច់ដែលត្រូវផ្ដល់ជូនអតិថិជនឲ្យមានជំនឿលើហាងរបស់ យើង។
Sabay៖ និយាយអំពីការគ្រប់គ្រងកម្មវិធីវិញ តើមានគន្លឹះសំខាន់អ្វីខ្លះដែរ?
គង់ សុជាតិ៖ ការគ្រប់គ្រងកម្មវិធីឲ្យល្អមួយសំខាន់យើងត្រូវមានគោលបំណងច្បាស់ លាស់ជាមុនសិន បន្ទាប់មកយើងត្រូវដឹងថា ថ្នាក់លើរបស់យើងចង់បានអ្វី និង ប្រិយមិត្តទស្សនិកជនគាត់ចង់បានអ្វី ដើម្បីឲ្យដំណើរការកម្មវិធីមួយទៅចំគោលដៅរបស់ថ្នាក់គ្រប់គ្រងផង និង ទស្សនិកជនផង។
Sabay៖ តើការដឹកនាំកម្មវិធី និង ការគ្រប់គ្រងមុខរបររកស៊ីមានភាពខុសគ្នាដែរទេ?
គង់ សុជាតិ៖ ខ្ញុំថា ដូចជាមិនមានភាពខុសគ្នាអីនោះទេ គឺសំខាន់យើងធ្វើអ្វីមួយត្រូវមានភាពម៉ត់ចត់ធ្វើដូច្នេះ ដើម្បីឲ្យប្រាកដថា យើងជាអ្នកធ្វើការ ឬ ជាអ្នករកស៊ី។
Sabay៖ ដោយសារតែអ្នកនាង គឺជាស្ត្រី ហើយកំពុងគ្រប់គ្រងកម្មវិធីមួយចំនួនតាមស្ថានីយទូរទស្សន៍ និង មានអាជីវកម្មផ្ទាល់ខ្លួនផង តើអ្នកនាងអាចប្រាប់ពីវិធីបែងចែកពេលវេលា រវាងការងារ រកស៊ី និង គ្រួសារដូចម្ដេចដែរ?
គង់ សុជាតិ៖ មនុស្សយើងគ្រប់គ្នាមានពេល ២៤ ម៉ោង ដូចគ្នា ដូច្នេះ យើងត្រូវចេះគ្រប់គ្រងពេលវេលា។ យើងត្រូវមាន Schedule ច្បាស់លាស់។ ឧទាហរណ៍ថា ខ្ញុំបង្រៀនកូនសិស្សនៅហាងរបស់ខ្ញុំពីព្រឹករហូតដល់ថ្ងៃត្រង់ ដូច្នេះ ក្រោយបាយថ្ងៃត្រង់ខ្ញុំត្រូវទៅធ្វើការនៅទូរទស្សន៍ឬថតកម្មវិធី ផ្សេងៗ។ រីឯការងារនៅផ្ទះពេលខ្លះ គឺមានអ្នកផ្ទះរបស់ខ្ញុំធ្វើ ប៉ុន្តែ ពេលខ្លះខ្ញុំក៏ធ្វើដែរ ប៉ុន្តែរឿងមួយសំខាន់គឺខ្ញុំរមែងលៃលកពេលសម្រាប់ក្រុមគ្រួសាររបស់ ខ្ញុំ ធ្វើដូចនេះ យើងជោគជ័យទាំងការងារ និង គ្រួសារ៕
អត្ថបទ៖ ប៊ិន ប៊ុណ្ណា