គូ​ប្រជែង​ GoPro ចេញ​ស៊េរី​ថ្មី មាន​ថែម​អេក្រង់​បត់​បាន​ត្រូវ​ចិត្ត​អ្នក​ថត Vlog

  • 2019-03-26 08:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពីរ​ឆ្នាំ​មុន​ Sony បាន​ប្រកាស​ចេញ​កាមេរ៉ា​ប្រភេទ Action ដំបូង​របស់​ខ្លួន​ម៉ូដែល​ RX0​ ដើម្បី​ប្រជែង​នឹង​ GoPro។ នៅ​ពេល​នេះ​ Sony បាន​ប្រកាស​ចេញ​កាមេរ៉ា RX0 II ជា​ស៊េរី​ថ្មី ដែល​កាន់​តែ​លេច​ធ្លោ​ជាង​ស៊េរី​មុន។

​RX0 II អាច​នឹង​ត្រូវ​ចិត្ត​អ្នក​ចូល​ចិត្ត​ថត​វីដេអូ​ Vlog ដោយ​សារ​តែ​បាន​បន្ថែម​នូវ​​អេក្រង់​ដែល​អាច​បត់​បាន​ ១៨០ ដឺក្រេ។ ជា​មួយ​តម្លៃ​ ៧០០ ដុល្លារ អាច​និយាយ​ថា​រាង​ថ្លៃ​បន្តិច​សម្រាប់​​ប្រភេទ​កាមេរ៉ា​ Action ​ប៉ុន្តែ​មើល​លក្ខណៈ​សម្បត្តិ​របស់​ RX0 II ពិត​ជា​សម​នឹង​តម្លៃ​នេះ​ណាស់។

​RX0 II មាន​ភាព​​រឹងមាំ​បំផុត​ ដោយ​អាច​ស្ថិត​នៅ​ក្នុង​ទឹក​បាន​ជម្រៅ​ដល់​ ១០ ម៉ែត្រ, ធន់​នឹង​ធូលី​ដី ហើយ​ធន់​នឹង​ការ​ធ្លាក់​​ទៀត​ផង។ លើ​កាមេរ៉ា​នេះ​មាន​បំពាក់​នូវ​ CMOS Sensor ដែល​មាន​កម្រិត​ ១៥,៣ MP គួប​ផ្សំ​នឹង​ Image Processor ប្រភេទ BIONZ X របស់​ Sony ដែល​អាច​ថត​រូបភាព​បាន​ ១៦ សន្លឹក​ក្នុង​មួយ​វិនាទី។ សមត្ថភាព​ថត​ពេល​យប់​របស់​ RX0 II ក៏​ខ្លាំង​ក្លា​ណាស់​ដែរ ដោយ​វា​មាន​ ISO ចន្លោះ​ពី ៨០ ដល់ ១២៨០០។

និយាយ​ពី​ការ​ថត​វីដេអូ​វិញ​​គឺ​អាច​ថត​បាន​នៅ​កម្រិត​ 4K ​ក្នុង​ល្បឿន​ ៣០ ប្លង់/វិនាទី ដែល​មាន​បច្ចេកវិទ្យា​​ទប់​លំនឹង​អេឡិចត្រូនិក, មាន​សមត្ថភាព​ថត​វីដេអូ​ល្បឿន​យឺត​ដល់​ល្បឿន​ ១០០០ ប្លង់​/វិនាទី​ក្នុង​កម្រិត 4K ហើយ​វា​អាច​ទ្រាំទ្រ​នឹង​ S-Log2 ល្អ​សម្រាប់​ការ​កែកុន​ផង​ដែរ។

Sony RX0 II នេះ​នឹង​មាន​លក់​លើ​ទីផ្សារ​អាមេរិក​ខាង​ជើង​ក្នុង​ខែ​មេសា​ខាង​មុខ​នេះ ជា​មួយ​តម្លៃ ៧០០ ដុល្លារ ឬ​ស្មើ​នឹង​ ៩០០ ដុល្លារ​កាណាដា៕

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង