មក​ដឹង​ស្នៀត​គ្រោះថ្នាក់​របស់​ ម៉ៃសុទ្ធ​ មុន​ប៉ះ​ ឡៅ​ ចិត្រា​ ស្អែក​នៅ​កំពង់ស្ពឺ​

  • 2019-03-29 08:57:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់​តែ​ជិត​ដល់​មែនទែន​ហើយ​ ជំនួប​មិត្តភាព​អន្តរជាតិ​អម​គូ​ខ្សែក្រវាត់​កម្មវិធី​ «អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ទៅ​តាម​ខេត្ត​» រវាង​ ឡៅ​ ចិត្រា​ និង​ជើង​ខ្លាំង​ឆ្លង​ដែន​មក​ពី​ថៃ​ ម៉ៃសុទ្ធ​ ល្ងាច​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ក្នុង​ខេត្ត​កំពង់ស្ពឺ។​

កីឡាករ ឡៅ ចិត្រា​

មុន​ដល់​ការ​ប្រកួត​រវាង​ ចិត្រា​ និង​ ម៉ៃសុទ្ធ​ ឥលូវ​នេះ​មើល​ពី​ស្នៀត​គ្រោះ​ថ្នាក់​ ឬ​បច្ចេកទេស​ខ្លះៗ​ដែល​កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​យក​ឈ្នះ​កីឡាករ​កម្ពុជា​ដូច​ ឃីម​ ឌីម៉ា​ ឡុង​ សំណាង​ សួន​ ចាន់នី​ និង​ស្មើ​ ឡៅ​ ចន្រ្ទា​ នា​ពេល​កន្លង​មក។​

ម៉ៃសុទ្ធ​ ម្នាក់​នេះ​មាន​ចំណុច​ល្អ​ច្រើន​ គឺ​រឹងមាំ​ ធន់​និង​ការ​វ៉ៃ​ត្រូវ​របស់​ដៃគូ​ ចូលចិត្ត​ធាក់​ជន្ទល់​សត្រូវ​ ចំណែក​ទាត់​វិញ​ក៏​រហ័ស​ផង​ដែរ​ ប៉ុន្តែ​ចូលចិត្ត​ទាត់​ឆ្មក់​ពី​ចម្ងាយ​មួយ​ៗ​ប៉ុណ្ណោះ។​ បើ​និយាយ​ការ​ប្រើ​កែង​វិញ​ក៏​បាន​ល្អ​ដែរ​ ប៉ុន្តែ​មិន​សូវ​ប្រើ​ឡើយ​ ពោល​ចូល​ចិត្ត​វ៉ៃ​តាម​ដំណើរ​មិន​សូវ​បុក​នោះ​ទេ​ គឺ​ថយ​ៗ​ទប់​ដៃគូ​វិញ។​ អ្នក​លេង​គុន​ថៃ​រូប​នេះ​ ប្រើ​ជង្គង់​បាន​ល្អ​ណាស់​ នៅ​ពេល​ចាប់​ម្ដងៗ​មាន​កម្លាំង​កាច​ល្អ​ ខណៈ​រូប​គេ​ខ្ពស់​ទៀត​នោះ​រឹតតែ​បាន​ផល។​ កីឡាករ​ឧស្សាហ៍​បង្ហាញ​មុខ​នៅ​សង្វៀន​ CNC​ រូប​នេះ​មាន​កម្លាំង​ស៊ុហ្វ​ល្អ​ រាល់​ការ​ប្រកួត​កន្លង​មក​កម្រ​អស់​មុន​ចប់​ទឹក​៥​ណាស់។​

ឡៅ ចិត្រា​ ក្រហម

ចំពោះ​ ឡៅ​ ចិត្រា​ របស់​កម្ពុជា​វិញ​ក៏​មិន​អន់​ដែរ​ នៅ​ក្នុង​ស្រុក​មាន​តែ​ ផល​ សោភ័ណ្ឌ​ ម្នាក់​គត់​ដែល​អាច​ឈ្នះ​អ្នក​ប្រដាល់​រូប​នេះ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មួយ​ ក្រៅ​ពី​នោះ​ភាគ​ច្រើន​ទទួល​បាន​ជោគជ័យ។​ អ្នក​ប្រដាល់​មក​ពី​កំពង់ស្ពឺ​ខាង​លើ​នេះ​ គឺ​ចិត្ត​សឿង​ណាស់​ មិន​ដែល​ខ្លាច​ដៃគូ​ឡើយ​ ពោល​ឡើង​ដល់​សង្វៀន​ហើយ​ ដឹង​តែ​វ៉ៃ​ហើយ​មិន​ថា​កីឡាករ​មក​ពី​ណា​ មាន​ប្រវត្តិ​ប្រកួត​យ៉ាង​ណា​នោះ​ទេ។​ ចិត្រា​ គឺ​ល្អ​មួយ​ឈុត​ មិន​ថា​កណ្ដាប់ដៃ​ ទាត់​ធ្ងន់​ ឬ​កែង​នោះ​ឡើយ​ ពោល​អាច​ប្រើ​បាន​គ្រប់​កាលៈទេសៈ។​ បើ​ស្នៀត​ជង្គង់​វិញ​ មិន​បាច់​និយាយ​ឡើយ​ ឲ្យ​តែ​ហ៊ាន​ចាក់​តទល់​គ្នា​ដឹង​តែ​គ្រោះថ្នាក់​ហើយ។​

ចិត្រា កាលឈ្នះប្រាក់លានគោជល់

អ្នក​ទាំង​ពីរ​នាក់​នេះ​ គឺ​ស្នៀត​ប្រយុទ្ធ​ប្រហាក់ប្រហែល​គ្នា​ ប៉ុន្តែ​អាច​ថា​ ចិត្រា​ មាន​ប្រៀប​បន្តិច​ព្រោះ​វ៉ៃ​នៅ​កម្ពុជា​ ហើយ​ពិសេស​ទៀត​នោះ​ប្រកួត​ក្នុង​ខេត្ត​កំណើត​របស់​គេ​ទៀត​ផង។​

រំលឹក​ដែរ​ថា​ កម្មវិធី ​«អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ទៅ​តាម​ខេត្ត​»​ នេះ​រៀបចំ​ដោយ​សង្វៀន​ CNC​ ដែល​មាន​ការ​ឧបត្ថម្ភ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ គោ​ជល់។​ ធា វាសនា​ ប៉ះ​ ឡុង​ សំណាង​ សូត្រ​ សាណូ​ ប៉ះ​ រឿង​ សារិទ្ធ​ ទម្ងន់​៦៣,៥​គីឡូក្រាម​ គូ​វិលជុំ​ដណ្ដើម​ខ្សែក្រវាត់​។​ ចិត្រា​ ប៉ះ​ ម៉ៃសុទ្ធ​ ខណៈ​ ផល​ សោភ័ណ្ឌ​ ប៉ះ​ កែវកាំងវ៉ាន៕​

អត្ថបទ៖ នួន ស៊ីណា​