ចាន់​ រតនា ធ្លាប់​យំ​សោកស្តាយ​ពាន​រង្វាន់​មាន​ប្រាក់​​ជិត​៥​ពាន់ដុល្លារនៅសង្វៀន ONE

  • 2019-03-29 03:35:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​«រឿង​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​គឺ​ ពេល​​អាជ្ញាកណ្ដាល​​​ឲ្យ​ខ្ញុំ​ចាញ់​ សំអាង​ ឌុន​ ​​ដោយ​​គិត​ថា​ខ្ញុំ​វ៉ៃ​ខុស​បច្ចេកទេស​​ឃាត់​មិន​ទាន់។ ខ្ញុំ​យំ​ ខ្ញុំ​តូច​ចិត្ត​​​​យូរ​ដែរ​ ចំពោះ​លទ្ធផល​ ​ដែល​ខ្ញុំ​ត្រូវ​ឈ្នះ​​ពាន​រង្វាន់​​មាន​​តម្លៃ​​ជិត​៥​ពាន់​ដុល្លារ​កាល​ឆ្នាំ​២០១៤»។ នេះ​ជា​ការ​រំលឹក​របស់​ ចាន់ ​រតនា​ ក្នុង​អាជីព​ប្រកួត​គុន​ចម្រុះ​នៅ​សង្វៀន​ One។

ចាន់ រតនា ឡើង​ជង្គង់​លើ សំអាង ឌុន

​គ្រូ​បង្វឹក​ក្លឹប​ប្រដាល់​សិល្បៈ​ រំលឹក​ថា​ ​កាល​​នោះ​​ស្ថាប័ន​​​កម្រិត​ពិភព​លោក​ One Championship ​មក​រៀប​​​ចំ​ប្រកួត​​លើក​ដំបូង​​នៅ​កម្ពុជា​នៅ​ឆ្នាំ​ ២០១៤​ ដោយ​តម្រូវ​​ឲ្យ​​មាន​​កីឡាករ​ខ្មែរ​២​គូ​​ប្រកួត​ ហើយ​ ​​អ្នក​ឈ្នះ​ឡើង​ទៅ​ជួប​អ្នក​ឈ្នះ​ដើម្បី​ពាន​រង្វាន់។ ​រូប​គេ​​បាន​​​វ៉ៃ​ឲ្យ​ ប្រាក់ ចាន់ស៊ីន​ ​​​លើក​ទង់​ជ័យ​ស​​​នា​ទឹក​ទី១​​ប្រកួត​​ដំបូង​ ខណៈ​ សំអាង​ ឌុន​ ឈ្នះ​ ជិន ហេង ទឹក​ទី​១​ដូចគ្នា។​ ដូច្នេះ​រូប​គេ​​ត្រូវ​ប៉ះ ​ឌុន សំអាង​ ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។ ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ រូប​គេ​បាន​ វ៉ៃ​​ខុស​បច្ចេកទេស​នៅ​​​ទឹក​ទី១​ ​​​ទើប​ធ្វើ​​ឲ្យ​ពាន​រង្វាន់​​លើក​ដំបូង​របស់​​ One ​ធ្លាក់​ទៅ​លើ​ សំអាង​ ឌុន​ ឆ្នាំ​ ២០១៤។​

ចាន់ រតនា នៅ​ពី​លើ សំអាង ឌុន

​អ្នក​ប្រយុទ្ធ​​ក្បាច់​គុន​យុទ្ធ​​ក្រម​ខម​ ​បាន​​​បញ្ជាក់​ទៀត​ថា​ ៖«​កាល​​ហ្នឹង​​ ខ្ញុំ​គ្មាន​ចេត​នា​​ ​ខ្ញុំ​ដួល​អស់​ជំហរ​​​ក៏​ត្រូវ​ សំអាង​ ឌុន ​​បន្ទាប់​​​ឌុន​​ គេ​​លែង​វ៉ៃ​ ហើយ ​អាជ្ញា​កណ្ដាល​​កាត់​ក្ដី​ឲ្យ​​គេ​ឈ្នះ​​ខ្ញុំ​​តែ​ម្ដង។ ​ខ្ញុំ​តូច​ចិត្ត​ខ្លាំង​ណាស់​ ​ខ្ញុំ​យំ​លំបាក​ចិត្ត​​ខ្លាំង​ក្រោយ​ពេល​ប្រកួត​ចប់»។ យ៉ាង​ណា​ក៏​ដោយ​ ​អ្នក​ទាំង​ពីរ​​ត្រូវ​គណៈកម្មការ​​ផ្គូផ្គង​​​ឲ្យ​ប្រកួត​ជា​ថ្មី​​ក្នុង​នាម​ជា​គូ​សង​សឹក ​នៅ​​ខែ​ធ្នូ​ ឆ្នាំ​ ២០១៥។​ ទីបំផុត​ ​​ជើង​ខ្លាំង​ ចាន់ ​រតនា​ ​​សង​សឹក​បាន​សម្រេច​ដោយ​ប្រើ​ពេល​​ត្រឹម​ទឹក​ទី១​​​ ​វ៉ៃ​​ឲ្យ​ ​ឌុន សំអាង ​ចុះ​​ចាញ់​​ដោយ​អស់​ចិត្ត។​

ចាន់ រតនា ស្រែក​យំ​ពេល​​អាជ្ញា​កណ្តាល​ឲ្យ​ចាញ់ សំអាង ឌុន

ក្រៅ​ពី​រឿង​សោក​ស្តាយ​ខាង​លើ​ ចាន់ រតនា មាន​​​រឿង​បន្ទាប់​បន្សំ​មួយ​​ទៀត​ដែល​​ដក់​ជាប់​ក្នុង​ចិត្ត​នៅ​​សង្វៀន​លំដាប់​ពិភព​លោក​គឺ ពេល​​អាជ្ញា​​កណ្ដាល​​ប្រកាស​ឲ្យ​ចាញ់​​កីឡាករ​ចិន​ Haobin Ma ​ កាល​ឆ្នាំ​ ២០១៦​ ដែល​រៀប​ចំ​នៅ​​ម៉ាកាវ។ ​អ្នក​លេង​គុន​ខ្មែរ​​រូប​នេះ​​​​​សង្កត់​ធ្ងន់​​ថា​ ​៖«មិន​គួរ​ណា​ ​Haobin Ma ​ឈ្នះ​​​ខ្ញុំ​ទេ​ ​​ព្រោះ​គេ​​ស៊ី​ខ្ញុំ​បាន​ត្រឹម​ ទឹក​​ទី​១ ​តែ​​​ទឹក​ទី​២ ​មិន​ប៉ុន្មាន​ដែរ​ ​​ហើយ​ទឹក​ទី​៣ ខ្ញុំ​​ដេញ​វ៉ៃ​រហូត​ ​បែរ​ជា​ចាញ់​​ទៅ​វិញ។ ខ្ញុំ​បាន​មើល​វីដេអូ​ឡើង​វិញ​ទៀត​ផង។ ​​បើ​ថ្ងៃ​ក្រោយ​គេ​ដាក់​​ឲ្យ​សង​សឹក​ ខ្ញុំ​​នឹង​​អាច​ឈ្នះ Haobin Ma ជា​មិន​ខាន​ទេ»។

សំអាង ឌុន លើក​ពាន​រង្វាន់​ ONE

គិត​ត្រឹម​ពេល​នេះ​​ ចាន់ រតនា ​​​ឡើង​សង្វៀន​ ប្រកួត​គុន​ចម្រុះ​បាន​​៨ ​ដង​ ​ដោយ​​​ឈ្នះ​៥ ​ និង​ ចាញ់​៣ ដង។ រូប​គេ​​​ប្រកួត​​​លើក​ដំបូង​ជា​អន្តរជាតិ​​​​ ​នៅ​សង្វៀន ​One​ តែ​ម្ដង​ពេល​​​រៀប​ចំ​នៅ​​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​​កាល​ឆ្នាំ​ ២០១៤​ ពេល​​ អាជ្ញា​​កណ្ដាល​ផ្ដល់​​ ឲ្យ​ ឌុន សំអាង ​ឈ្នះ​​ដែល​គេ​គិត​ថា​ រតនា​ ​ប្រកួត​ខុស​បច្ចេកទេស។​ ចំណែក​​ប្រកួត​ចុង​ក្រោយ​​រូប​គេ​​ធ្វើ​ឲ្យ​ខ្ពស់​មុខ​មាត់​ និង ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​សាកល​ដោយ​​វ៉ៃ​​​កីឡាករ​គុន​ចម្រុះ​ ABRO Fernandez ​របស់​​​​ឥណ្ឌូណេស៊ី ​​ឲ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី២ កាល​ ខែ​ ធ្នូ ឆ្នាំ​ ២០១៨ កន្លង​ទៅ​​នៅ​ប្រទេស​ម៉ាឡេស៊ី៕ ​

ចាន់ រតនា (ស្តាំ)​វ៉ៃ​ទៅ​លើ​កីឡាករ​ចិន Haobin Ma (រូបថត៖ ONE)

អត្ថបទ៖ ស៊ីធី