ជា​រឿង​ដ៏​កម្រ! តារា​ហូលីវូដ​ល្បី​ឈ្មោះ​ម្នាក់​ជិះ​យន្តហោះ​រាប់​ពាន់​គីឡូ មក​អបអរ​ខួប​កំណើត​នាយិកា Affesip

  • 2019-04-03 02:44:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាត់​ទុក​ថា​ជា​រឿង​ដ៏​កម្រ​មួយ សម្រាប់​អ្នក​ស្រី ម៉ម សុម៉ាលី នាយិកា​អង្គការ Afesip កម្ពុជា អង្គការ​គាំទ្រ​ស្ត្រី និង​កុមារ​ងាយ​រង​គ្រោះ ដោយ​អ្នក​ស្រី​បាន​ទទួល​ការ​ស្រឡាញ់​រាប់​អាន​ពី​តារា​ហូលីវូដ​ដ៏​ស្រស់​ស្អាត​ម្នាក់ រហូត​ដល់​តារា​ស្រី​រូប​នោះ សុខ​ចិត្ត​ជិះ​យន្តហោះ​រាប់​ម៉ោង ចម្ងាយ​ដី​រាប់​ពាន់​គីឡូ​មក​ចូល​រួម​អបអរ​ថ្ងៃ​កំណើត​របស់​អ្នក​ស្រី។

អ្នក​ស្រី​នាយិកា រំភើប​រហូត​ដល់​បញ្ចេញ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។ អ្នក​ស្រី​បាន​សរសេរ​បង្ហាញ​ពី​កម្រង​មិត្តភាព​ពិត និង​សរសើរ​ពី​មិត្ត​ល្អ​កម្រ​រក​បាននាង​ឈ្មោះ AnnaLynne McCord ។ "រក​បាន​ទេ មនុស្ស​ល្អ​ដែល​ស្រលាញ់​យើង​គ្មាន​លក្ខខ័ណ្ឌ​នោះ គាត់​ជា​តារា ហូលីវូដ  AnnaLynne McCord ជាមួយ​មិត្ត​ប្រុស សុខ​ចិត្ត​ខាត​ការងារ​ជិះ​យន្តហោះ​ជិត ៣០ ម៉ោង​ដើម្បី​ខ្ញុំ ? មក surprise ខួប​ខ្ញុំ!”។

នាយិកា​ដដែល បញ្ជាក់​ថា អ្នក​ស្រី គ្រាន់​តែ​ចូល​ចិត្ត​ធ្វើ​តាម​ក្ដី​ស្រមៃ និង​ជួយ​មនុស្ស​ដែល​ត្រូវ​គេ​រើស​អើង​ប៉ុណ្ណោះ។ ដោយ​ឡែក​ទំនាក់​ទំនង​ជាមួយ​តារា​ស្រី​ជនជាតិ​បរទេស​ខាង​លើ អ្នក​ស្រី​បញ្ជាក់​ថា តារា​បរទេស​រូប​នោះ គឺ​មាន​តម្លៃ​ណាស់​សម្រាប់​អ្នក​ស្រី។ យ៉ាង​ក៏​ដោយ អ្នក​ស្រី សុម៉ាលី មិន​បាន​បញ្ចេញ​នៅ​ឡើយ​អំពី​ទំនាក់ទំនង​ជាមួយ​ស្ត្រី​ជនជាតិ​ស្បែក​ស​ដ៏​ស្រស់​ស្អាត ថា​កើត​ឡើង​ដោយ​របៀប​ណាស់ ជិត​ស្និទ្ធ​កម្រិត​ណា ខណៈ​អ្នក​ស្រី មិន​ទាន់​អាច​ទំនាក់ទំនង​ដើម្បី​អធិប្បាយ​បន្ថែម​បាន។

AnnaLynne McCord គឺ​ជា​តារា​សម្ដែង​ស្រី​ជនជាតិ​អាមេរិក និង​ជា​អតីត​តារា​ម៉ូដែល បច្ចុប្បន្ន​នាង​មាន​វ័យ ៣២​ឆ្នាំ។ ក្នុង​អាជីព​សិល្បៈ នាង បាន​ចូល​រួម​សម្ដែង​រឿង​ជា​ច្រើន​រាប់​មិន​អស់ ក្នុង​នោះ​រឿង​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​មាន​ដូច​ជា "Transporter 2” "Day of the Dead " និង​រឿង "Scorned " ជា​ដើម។ ភាពយន្ត​ចុង​ក្រោយ​​របស់​នាង​មាន "68 Kill"បញ្ចាំង​នៅ​ឆ្នាំ ២០១៧ និង​រឿង "First We Take Brooklynn” នៅ​ឆ្នាំ ២០១៨។ នេះ​បើ​តាម Wikipedia។

ក្រៅ​ពី​ការងារ​សិល្បៈ AnnaLynne ចូល​ចិត្ត​ការងារ​សប្បុរសធម៌ ហើយ​នោះ​ទំនង​ជា​ហេតុផល​មួយ​ដែល​នាំ​ឲ្យ​នាង​បាន​មក​ជួប និង​ស្គាល់​ជាមួយ​អ្នក​ស្រី ម៉ម សុម៉ាលី អង្គការ Afesip កម្ពុជា អង្គការ​គាំទ្រ​ស្ត្រី និង​កុមារ​ងាយ​រង​គ្រោះ​ដោយ​ការ​ជួញ​ដូរ។

នៅ​ថ្ងៃ​ម្សិលមិញ មិន​ត្រឹម​តែ​តារា​ស្រី​ហូលីវូដ​ខាង​លើ​ប៉ុណ្ណោះ​ទេ​ដែល​ចូល​រួម​អបអរ​ថ្ងៃ​កំណើត​របស់​អ្នក​ស្រី ម៉ម សុម៉ាលី។ តារា​ល្បី​ៗ​កម្ពុជា​ជា​ច្រើន​រូប​មាន លោក ប៉ែន ចំរុង និង យ៉ែម សំអូន ជា​ដើម​ក៏​បាន​ចូល​រួម​អបអរ និង​ជូន​ពរ​ក្នុង​ថ្ងៃ​ពិសេស​របស់​នាយិកា​អង្គការ​រូប​នេះ​ដែរ៕

អាន៖ សំណេរ​រឿង​ខ្លី "សុំ​ឆ្ងល់​លេង" របស់​អ្នក​និពន្ធ កែវ ច័ន្ទ​បូរណ៍ ធ្វើ​ឲ្យ​ផ្ទុះ​លើ​ Facebook

អាន៖ ទី​បំផុត​ស្រី​ស្អាត​នៅ​រាជធានី​ភ្នំពេញ គ្រង​មកុដ​ផ្កា​រំដួល សម្រាប់​ជយលាភី Miss Cambodia 2019

រូបភាព៖ ហ្វេសប៊ុក​អ្នក​ស្រី ម៉ម សុម៉ាលី)

អត្ថបទ៖ ទារិកា