បុរស​ដែល​រីករាយ​បំផុត​លើ​លោក ប្រាប់​វិធី​​៣​យ៉ាង​ធ្វើ​ខ្លួន​ឲ្យ​មាន​សុភមង្គល​

  • 2019-04-21 06:20:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​នរណា​ជា​​មនុស្ស​ដែល​រីករាយ​បំផុត​នៅ​លើ​ពិភពលោក?

ប្រសិន​បើ​អ្នក​ស្វែងរក​នៅ​លើ​ Google នោះ​ឈ្មោះ "Matthieu Ricard" នឹង​លេច​ឡើង។

តើ Matthieu Ricard ជា​នរណា?

Matthieu Ricard អាយុ ៦៩ ឆ្នាំ​គឺ​ជា​ព្រះសង្ឃ​ពុទ្ធសាសនា​ទីបេ​ ដើម​កំណើត​មក​ពី​ប្រទេស​បារាំង​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ជា​បុរស​ដែល​មាន​សុភមង្គល​បំផុត​នៅ​លើ​ពិភពលោក។

Matthieu Ricard អាយុ ៦៩ ឆ្នាំ​គឺ​ជា​ព្រះសង្ឃ​ពុទ្ធសាសនា​ទីបេ​ ដើម​កំណើត​មក​ពី​ប្រទេស​បារាំង​

នោះ​គឺ​ដោយសារ​គាត់​បាន​ចូលរួម​ក្នុង​ការ​ស្រាវជ្រាវ​​ពិសោធន៍​​ខួរក្បាល​​ក្នុង​ការ​ធ្វើ​សមាធិ​រយៈពេល​១២​ឆ្នាំ​របស់ សាកលវិទ្យាល័យ Wisconsin សហរដ្ឋអាមេរិក ដឹកនាំ​ដោយ​សាស្ត្រាចារ្យ​ចិត្តសាស្ត្រ Richard Davidson។ Davidson បាន​ភ្ជាប់​ក្បាល​របស់ Ricard ទៅ​នឹង​ឧបករណ៍​ចាប់​សញ្ញា​មួយ​ដែល​មាន​ហ្សេនស៊័រ (sensor) ចំនួន​ ២៥៦។

ការ​ស្កេន​បាន​បង្ហាញ​ថា​នៅ​ពេល​​ដែល Ricard ធ្វើ​សមាធិ​​អំពី​សេចក្ដី​​មេត្តា​ករុណា​​ ខួរ​ក្បាល​របស់​ គាត់​បង្កើត​បាន​ជា​រលក​ហ្គាម៉ា​កម្រិតខ្ពស់ ​ទាក់ទង​ទៅ​នឹង​ ការ​យល់ដឹង ការ​យកចិត្តទុកដាក់ ការ​រៀនសូត្រ និង ការ​ចងចាំ​ មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​វិទ្យាសាស្ត្រ​សរសៃប្រសាទ។

ខួរក្បាល​ផ្នែក​ខាង​ឆ្វេង​របស់​គាត់​ធ្វើ​សកម្មភាព​ច្រើន​ជាង​ខាង​ស្តាំ ពោល​គឺ​អនុញ្ញាត​ឲ្យ​គាត់​មាន​​​សមត្ថភាព​ធំធេង​មិន​ធម្មតា​សម្រាប់​សុភមង្គល និង ទំនោរ​កាត់​បន្ថយ​ភាព​អវិជ្ជមាន។ ​​

ដំណើរ​ការ​ខួរក្បាល៖ តាម​ទ្រឹស្ដី​វិទ្យាសាស្ត្រ ខួរ​ក្បាល​ថត​ខាង​ឆ្វេង និង ខាង​ស្តាំ​មនុស្ស​មាន​ការ​គិត​ខុស​គ្នា។ ខួរ​ក្បាល​ខាង​ឆ្វេង​មាន​តួនាទី​ជួយ​ឲ្យ​មនុស្ស​មាន​ការ​គិត​បែប​ឡូហ្ស៊ិក វិភាគ​រក​ហេតុផល ឬ សមត្ថភាព​ចងចាំ​ទ្រឹស្តី​គណិតវិទ្យា ​រូបវិទ្យា​ជា​ដើម។ រីឯ​ខួរ​ក្បាល​ថត​ខាង​ស្តាំ​រ៉ាប់រង​ផ្នែក​ អារម្មណ៍ ឬ ការ​ចងចាំ​បន្ទាប់​ពី​បាន​ឃើញ។

និយាយ​បែប​ផ្សេង បើ​​មនុស្ស​មាន​សមត្ថភាព​ខួរ​ក្បាល​ផ្នែក​ខាង​ឆ្វេង​ ខ្លាំង​ជាង​ខាង​ស្តាំ បាន​ន័យ​ថា​ គេ​ជា​មនុស្ស​​ដែល​មាន​ការ​យល់​ដឹង ការ​រៀនសូត្រ និង ចូលចិត្ត​ស្វែងរក​ហេតុផល​បែប​វិទ្យាសាស្ត្រ ជាជាង​ប្រើប្រាស់​អារម្មណ៍​ផ្ទាល់​ខ្លួន​ដើម្បី​វិនិច្ឆ័យ​រឿង។

ខាង​ក្រោម​នេះ​គឺ​ជា​វិធី​៣យ៉ាង​ដែល​រីឆាត​ណែនាំ​ដើម្បី​យើង​មនុស្ស​កាន់​តែ​មាន​សុភមង្គល៖​

១ ឈប់គិត ខ្ញុំ, ខ្ញុំ, ខ្ញុំ

យោង​តាម រីឆាត មូលហេតុ​គឺ​ដោយសារ​តែ​គិត​ពី​ខ្លួន​ឯង និង វិធី​ធ្វើ​ឱ្យ​ខ្លួន​ប្រសើរ​គ្រប់​ពេល នោះ​វា​នឹង​កាន់​តែ​​ធ្វើ​ឲ្យ​អ្នក​នឿយហត់ តានតឹង ហើយ​ទី​បំផុត​នាំ​ឱ្យ​មាន​ការ​មិន​សប្បាយ​ចិត្ត។

ប្រសិនបើ​អ្នក​ចង់​សប្បាយ​រីករាយ លោក​រីឆាត​បាន​និយាយ​ថា​ អ្នក​គួរតែ​ធ្វើ​ខ្លួន​​ឱ្យ​មាន "សេចក្ដី​មេត្តា​ករុណា" ដែល​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ប្រសើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ធ្វើ​ឱ្យ​អ្នក​ដទៃ​កាន់​តែ​ចូលចិត្ត​អ្នក។

ទ្រឹស្តី​នេះ​ស្តាប់​ទៅ​ដូចជា​អស្ចារ្យ​ណាស់ ប៉ុន្ដែ​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ពិតជា​មាន​សទ្ធា និង មិន​អត្មា​និយម​នោះ?

​២ ចាប់ផ្តើម​ហ្វឹកហាត់​ចិត្ត​របស់​អ្នក​ដូច​អ្នក​រត់​ម៉ារ៉ាតុង

រីឆាត​ជឿ​ថា មនុស្ស​តែង​មាន​​មាន​សមត្ថភាព​ក្នុង​ការ​​គិត​ឲ្យ​ស្រាល ដើម្បី​សម្រាល​ខ្លួន​ពី​បន្ទុក ពីព្រោះ​មនុស្ស​គ្រប់រូប​តែង​មាន​សេចក្តី​ល្អ​ក្នុង​ខ្លួន (លុះ​ត្រា​តែ​អ្នក​និយាយ​អំពី​ឃាតក​សម្លាប់​រង្គាល ឬ មនុស្ស​មាន​បញ្ហា​ខួរ​ក្បាល)។ ​​

អ្នក​រត់​ម៉ារ៉ាតុង​ត្រូវ​តែ​ហ្វឹកហាត់​មុន​ពេល​​គេ​អាច​ចូលរួម​រត់​​ក្នុង​ចម្ងាយ​៤២​គីឡូម៉ែត្រ​បាន ហើយ​បើ​អ្នក​ចង់​រីករាយ ត្រូវ​តែ​ហ្វឹកហាត់​ការ​គិត​ដែរ។

Ricard បាន​ពន្យល់​ថា "ជាមួយ​នឹង​ការ​ហ្វឹកហាត់​ផ្នែក​ស្មារតី យើង​តែងតែ​អាច​បង្កើត​នូវ​កម្រិត​នៃ​សុភមង្គល​របស់​យើង​ទៅ​តាម​កម្រិត​ផ្សេង​គ្នា។ វា​ដូចជា​ការ​រត់​ ប្រសិន​បើ​ខ្ញុំ​ហ្វឹកហាត់​ ខ្ញុំ​អាច​រត់​ម៉ារ៉ាតុង ខ្ញុំ​មិន​អាច​ក្លាយ​ជា​ជើងឯក​អូឡាំពិក​បាន​ទេ ប៉ុន្តែ​វា​នឹង​មាន​ភាព​ខុស​ប្លែក​គ្នា​ខ្លាំង​ រវាង​ការ​ហ្វឹកហាត់ និង ការ​មិន​ហ្វឹក​ហាត់។ ហេតុ​ដូច្នេះ ហេតុ​អ្វី​បាន​​ជា​យើង​មិន​​យើង​មិន​​ហ្វឹកហាត់​ផ្នែក​ស្មារតី ?

​៣​ ចំណាយ​ពេល​១៥​នាទី​ជា​រៀងរាល់​ថ្ងៃ​គិត​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​រីករាយ

Ricard និយាយ​ថា​ចាប់ផ្ដើម​ដោយ​គិត​ពី​គំនិត​ដែល​ធ្វើ​​ឲ្យ​អ្នក​សប្បាយ​រីករាយ​ចន្លោះ​ពី ១០ ទៅ ១៥ នាទី​ក្នុង​មួយ​ថ្ងៃ។

ជា​ធម្មតា​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​នៃ​សុភមង្គល និង សេចក្ដី​ស្រឡាញ់​នោះ​វា​ជា​រឿង​ខ្លី ហើយ​បន្ទាប់​មក​មាន​អ្វី​ផ្សេង​ទៀត​កើត​ឡើង ប៉ុន្តែ​កុំ​បោះបង់​ ផ្ទុយ​មក​វិញ​ត្រូវ​​ផ្ដោត​អារម្មណ៍​ និង គិត​រឿង​វិជ្ជមាន។

ប្រសិន​បើ​អ្នក​អាច​ហ្វឹកហាត់​ដូច្នេះ​ជា​រៀងរាល់​ថ្ងៃ នោះ​២​សប្ដាហ៍​ក្រោយ អ្នក​នឹង​ភ្ញាក់​ផ្អើល​​ថា​អ្នក​នឹង​ទទួល​អារម្មណ៍​វិជ្ជមាន​ច្រើន៕

អាន៖ ស្ងើច​ក្មេង​ប្រុស​ម្នាក់​ដៃ​ម្ខាង​កាន់​លុយ​ ម្ខាង​​កាន់​​​មាន់​សុំ​ពេទ្យ​​សង្គ្រោះ​កូនមាន់​ដែល​កង់​ខ្លួន​កិន

អាន៖ នេះ​ជា​ទម្លាប់​ល្អ​៣ ​ប្រើ​ពេល​២៧​នាទី​រាល់​ព្រឹក​នឹង​ផ្លាស់ប្ដូរ​ជីវិត​អ្នក

ប្រភព៖ Independent   ប្រែ​សម្រួល៖ សុខ លាងហ៊ត