PNN​ បើក​សករាជ​ថ្មី​ ម្ចាស់​ខ្សែក្រវាត់​មាស​ទទួល​រង្វាន់​១ម៉ឺន​ដុល្លារ​

  • 2019-05-08 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយទូរទស្សន៍​ PNN​ បើក​សង្វៀន​ថ្មី​ចាប់​ពី​ថ្ងៃ​ទី១២​ ខែ​ឧសភា​ ២០១៩​ នេះ​ហើយ​ ប្រជុំ​ជើង​ខ្លាំង​កម្ពុជា​៨រូប​ ដណ្ដើម​ខ្សែក្រវាត់​មាស​ និង​ទទួល​បាន​ប្រាក់​រង្វាន់​ដល់​ទៅ​ ១ម៉ឺនដុល្លារ​ទៀត​ផង។​

ទិដ្ឋភាពសន្និសីទម្សិលមិញ

តាម​ការ​បង្ហាញ​របស់​អ្នក​រៀបចំ​កម្មវិធី​សង្វៀន​ PNN​ បញ្ញាក់​ថា​ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៨រូប​ រួម​មាន​ ឃីម​ ឌីម៉ា​ ឡៅ​ ចិត្រា​ សុខ​ សាវិន​ លន​ បញ្ញា​ កូយ​ ឡាយ​ ធន់​ មករា​ ឡុង​ ជិន​ សារឿន​ ចាន់​ នឹង​ត្រូវ​តតាំង​ជា​មួយ​កីឡាករ​ថៃ​៨​ ក្នុង​រូបមន្ត​ចាញ់​ធ្លាក់​ ឈ្នះ​ឡើង​ដោយ​គ្មាន​សន្សំ​ពិន្ទុ​ឡើយ។​ រៀងរាល់​ខែ​ កីឡាករ​កម្ពុជា​២រូប​ នឹង​ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​២រូប​ ហើយ​អ្នក​ឈ្នះ​នឹង​ត្រូវ​ឡើង​ប្រកួត​ជា​ដណ្ដើម​ខ្សែក្រវាត់​ប្រាក់​ប្រចាំ​ខែ​ទល់​និង​អ្នក​ឈ្នះ​ដូច​គ្នា។​ បន្ទាប់​ពី​រក​ឃើញ​ម្ចាស់​ខ្សែក្រវាត់​ប្រាក់​ទាំង​៤នាក់​ ពួកគេ​នឹង​ត្រូវ​ប្រកួត​គ្នា​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ដើម្បី​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​មាស​តែ​ម្ដង។​

ទិដ្ឋភាពសន្និសីទម្សិលមិញ

ចំណែក​លោក​ ម៉ិល​ កាដូ​ តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ម្សិលមិញ​នេះ​ លើក​ឡើង​ដែរ​ថា​ ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​របស់​សង្វៀន​ PNN​ នេះ​រយៈពេល​ត្រឹម​៤ខែ​ អាច​ទទួល​បាន​ប្រាក់​រង្វាន់​រហូត​ដល់​ទៅ​១ម៉ឺន​ដុល្លារ​ ដូច្នេះ​កីឡាករ​កម្ពុជា​ទាំង​អស់​ត្រូវ​តែ​ខិតខំ​ឲ្យ​មែនទែន។​ កីឡាករ​ត្រូវ​គោរព​បទ​បញ្ជា​នៃ​កម្មវិធី​ ត្រូវ​រក្សា​ទម្ងន់​ឲ្យ​បាន​ត្រឹម​ត្រូវ​ ហ្វឹកហាត់​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ ខំប្រឹង​ប្រែង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព។​

ទិដ្ឋភាពសន្និសីទម្សិលមិញ

រំលឹក​ដែរ​ថា​ សង្វៀន​ទូរទស្សន៍​ PNN​ នឹងផ្ដើម​បើក​ការ​ប្រកួត​របស់​ខ្លួន​ជា​ថ្មី​វិញ​ហើយ​ ចាប់​ពី​ថ្ងៃ​អាទិត្យ​ ទី១២​ ខែ​ឧសភា​ ២០១៩​នេះ​តទៅ។​ សម្រាប់​គូ​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ ៦០​គីឡូក្រាម​នោះ​មិន​ទាន់​ប្រកួត​នៅ​ថ្ងៃ​បើក​ឆាក​ចុង​សប្ដាហ៍​នេះ​ទេ​ ប៉ុន្តែ​មាន​គូ​អន្តរជាតិ​ជំនួស​វិញ​គឺ​ រឿង​ សោភ័ណ្ឌ​ ប៉ះ​ Pongsiri​ Por.​ Siripong​ ខណៈ​ ឡុង​ សំណាង​ ប៉ះ​ Pektang​ Kiatpontip៕​

អត្ថបទ៖ នួន ស៊ីណា​