អ្នក​គាំទ្រ Liverpool និង Spurs រួមគ្នា​តវ៉ា​រឿង​សំបុត្រ​យន្តហោះ​សណ្ឋាគារ​ឡើង​ថ្លៃ​គុណ​នឹង​១០

  • 2019-05-11 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នកគាំទ្រ Tottenham និង Liverpool បាន​រួមគ្នា​ដើម្បី​ថ្កោលទោស​ចំពោះ​ការ​ឡើង​ថ្លៃ​ សំបុត្រ​យន្តហោះ និង សណ្ឋាគារ​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃក្របខ័ណ្ឌ Champions League នៅ​ទីក្រុង​ម៉ាឌ្រីដ។

talkSPORT បាន​រាយការណ៍​ថា ក្រុម​ហ៊ុន​អាកាសចរណ៍ EasyJet បាន​ដំឡើង​ថ្លៃ​សំបុត្រ​យន្តហោះ​សម្រាប់​ជើង​ហោះហើរ​ពី​ទីក្រុង​លីវើភូល​ប្រទេស​អង់គ្លេសរហូត​ដល់​ទៅ ៨៤០% ឡើង​ថ្លៃ​ពី ២៣០ ដុល្លារ ទៅ​ចន្លោះ​ពី ៩២០ ទៅ ៩៧០ ដុល្លារ។

ដោយ​ឡែក ការ​​រក​ជួល​បន្ទប់​សណ្ឋាគារ ផ្ទះ​សំណាក់​នៅ​ទីក្រុង​ម៉ាឌ្រីដ​ហក់​ឡើង​ថ្លៃ​ខ្លាំង​ហួស​ឡើង​ពី​ចន្លោះ ១៥០ ដុល្លារ​ក្នុង​១​យប់​ រហូត​ដល់​​ប្រមាណ ១ ៦០០ ដុល្លារ ពោល​គឺ​ឡើង​គុណ​នឹង​១០។

ចំពោះ​សំបុត្រ​ចូល​ទស្សនា​បាល់ទាត់​​ក៏​ឡើង​ថ្លៃ​​ពី ៤៥០ អឺរ៉ូ (៥០០ ដុល្លារ) សម្រាប់​ឆ្នាំ​២០១៨ ទៅ ៦០០ អឺរ៉ូ (៦៧០ ដុល្លារ) សម្រាប់​ឆ្នាំ​២០១៩។

​​ក្រុម​អ្នកគាំទ្រ Tottenham និង Liverpool បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​​រៀបរាប់​ថា "សេចក្តី​រីករាយ​របស់​យើង​ក្នុង​ការ​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ត្រូវ​បាន​រារាំង​ដោយ​តម្លៃ​នៃ​ការ​ធ្វើដំណើរ កន្លែង​ស្នាក់នៅ សំបុត្រ​ទស្សនា និង ការ​កំណត់​ចំនួន​សំបុត្រ"។

Mauricio Pochettino គ្រូ​បង្វឹក Tottenham បាន​និយាយ​ថា​លោក​​ពិត​ជា​មាន​ការឈឺចាប់​សម្រាប់ ក្រុម​អ្នកគាំទ្រ Tottenham និង Liverpool ព្រោះ​តែ​តម្លៃ​នៃ​ការ​​ទៅ​លេង​នៅ Madrid។ ខណៈ​លោក Jurgen Klopp ក៏​សម្ដែង​ការ​អាណិតអាសូរ​ចំពោះ​អ្នក​គាំទ្រ។

Pochettino បាន​និយាយ "កាល​ពី​ម្សិលមិញខ្ញុំ​ទាក់ទង​​សណ្ឋាគារ​មួយ​ចំនួន​ដើម្បី​កក់​​កន្លែង​ស្នាក់​នៅ ដើម្បី​កក់​ប៉ុន្មាន​បន្ទប់​ ព្រោះ​​ខ្ញុំ​មិន​ដឹង​ថា​គ្រួសារ​ខ្ញុំ​នឹង​​ទៅ​មើល​ឬ​អត់ សម្រាប់​សមាជិក​គ្រួសារ​មួយ​ចំនួន សម្រាប់​ពួកគេ​មក​ពី​អាហ្សង់ទីន"។

“ខ្ញុំ​ចង់​កក់ ប៉ុន្តែ​វា​ពិបាក​មែនទែន ហើយ​តម្លៃ​វិញ​​គឺ​ឆ្កួត​មែនទែន"។

Klopp បាន​និយាយ​ថា "តើ​អាច​ឲ្យ​មាន​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នៅ Kiev [កន្លែង​ដែល Liverpool បាន​លេង​វគ្គ​ផ្តាច់ព្រ័ត្រ Champions League កាល​ពី​ឆ្នាំ​មុន] និង Baku យ៉ាង​ម៉េច? ខ្ញុំ​មិន​ដឹង​ថាតើ​​អ្នក​ធ្វើ​ដំណើរ​​ទាំង​នោះ​នឹង​​មាន​អ្វី​ហូប​សម្រាប់​អាហារ​ពេល​ព្រឹក?”៕

អាន៖ កីឡាករ ៦ នាក់ផ្សេងទៀតដែលរកគ្រាប់បាល់បាន ៦០០ គ្រាប់សម្រាប់ក្លឹបដូច Messi

អាន៖ ជំនួប Derby ស៊ីសាច់​ហុត​ឈាម​៥​គូ ដែល​បច្ចុប្បន្ន​​គូបដិបក្ខ​ម្ខាង​លែង​ខ្លាំង​ទៀត​ហើយ

ប្រភព៖ Talk Sport   ប្រែ​សម្រួល៖ សុខ លាងហ៊ត