ស្ងាត់​ៗ​មាន​ដំណឹង ស៊ិន ឧត្ដម​ផល្លា ដើរ​ចេញ​កណ្ដាល​ទី ពី​ការងារ​ច្រៀង​នៅ​ភោជនីយដ្ឋាន​មួយ

  • 2019-05-21 03:14:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស៊ិន ឧត្តម​ផល្លា ត្រូវ​បាន​អ្នក​និយម​ទៅ​ពិសា​អាហារ​ពេល​យប់​នៅ​ភោជនីយដ្ឋាន "ពិភព​រាត្រី" កត់​សម្គាល់​ឃើញ​ថា បាន​បាត់​វត្តមាន​ឆាក​តន្ត្រី​នៅ​ភោជនីយដ្ឋាន​ខាង​លើ​មួយ​រយៈ​ធំ​មក​ហើយ​ដោយ​មិន​ដឹង​មូល​ហេតុ​ច្បាស់​លាស់​នៅ​ឡើយ។

តាម​ព័ត៌មាន​កន្លង​មក ស៊ិន ឧត្តម​ផល្លា ត្រូវ​បាន​ថៅកែ​ភោជនីយដ្ឋាន "ពិភព​រាត្រី" កោះ​ហៅ​ទៅ​ធ្វើ​ជា​តារា​ចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន​របស់​ខ្លួន។ បើ​ទោះ​ជា​សាមី​ខ្លួន​មិន​ដែល​គិត​ថា​អាច​ទទួល​ឱកាស​នោះ​ជា​ថ្មី ដោយ​សារ​វ័យ​ជ្រេ​បន្តិច ប៉ុន្តែ​អ្វី​ៗ​បាន​ក្លាយ​ជា​ ដោយ​ផ្អែក​លើ​សមត្ថភាព​អាច​ច្រៀង​ច្រើន​ភាសា​របស់​ខ្លួន។

ប៉ុន្តែ​ក្រោយ​ពី​អ្វី​ៗ​បាន​ព្រមព្រៀង និង​បាន​ធ្វើ​ការ​ជាមួយ​គ្នា​មួយ​រយៈ ស្រាប់​តែ​អ្នក​មេម៉ាយ​រូប​ស្រស់​រូប​នេះ បាន​បាត់​ខ្លួន​ឈឹង​ជា​ថ្មី​ពី​ការងារ​ជា​តារា​ចម្រៀង​តាម​ភោជនីយដ្ឋាន ដែល​ជា​អាជីព​ចាស់​កាល​ពី​២០​ឆ្នាំ​មុន​ទៅ​វិញ។ ប្រិយមិត្ត​រូប​ដែល​អះអាង​ថា ជា​ម៉ូយ​ប្រចាំ​មួយ​របស់​ភោជនីយដ្ឋាន​ខាង​លើ និង​ជា​អ្នក​និយម​ស្ដាប់​សំនៀង​ជា​ភាសា​បរទេស​របស់​តារា​ចម្រៀង​ស្រី បញ្ជាក់​ថា ផល្លា បាន​បាត់​មុខ​ប្រមាណ​ជាង ១​ខែ​មក​ហើយ។

“គាត់​ដូច​ជា​បាត់​មុខ ជាង​១​ខែ​ហើយ ហើយ​ខ្ញុំ​សួរ​គេ(បុគ្គលិក) ខ្លះ​ថា អត់​ដឹង ខ្លះ​ថា គាត់​ឈប់​ហើយ ប៉ុន្តែ​មិន​ដឹង​ថា មាន​រឿង​អី ទើប​គាត់​ឈប់​នោះ​ទេ!”។ ប្រភព​ថ្លែង។

ជុំវិញ​បញ្ហា​នេះ សាមី​ខ្លួន បាន​អះអាង​ថា អ្នក​នាង ពិត​ជា​បាន​ឈប់​សម្រាក​ពី​ការងារ​ច្រៀង​នៅ​ភោជនីយដ្ឋាន​ខាង​លើ​នោះ​មែន។ ចំពោះ​មូលហេតុ ដោយ​សារ​ថា នាង​មាន​កាលវិភាគ​ជាន់​គ្នា​ច្រើន​ពេក ធ្វើ​ឲ្យ​នាង​មិន​អាច​រ៉ាប់រង​រួច ទើប​សុំ​ថៅកែ​ឈប់​តែ​ម្ដង។ "ឈប់​ហើយ ខ្ញុំ​ឈប់​ជិត២​ខែ​ហើយ ព្រោះ​រត់​មិន​រួច...ច្រៀង​ចប់​ម៉ោង ១២ កន្លះ​រាល់​យប់ ម៉ោង ៦​ត្រូវ​បើក​ហាង​លក់ និង​ជួន​ត្រូវ​ច្រៀង Affair ទៀត អីចឹង ខ្ញុំ​រត់​អត់​រួច​ទេ"។

ផល្លា បញ្ជាក់​ថា ថៅកែ​បាន​ព្រមព្រៀង​ឲ្យ​ឈប់ ដោយ​មើល​ឃើញ​ថា អ្នក​មេម៉ាយ​មាន​កិច្ចការ​មមាញឹក​ច្រើន​ពិត​មែន។ "គាត់​ព្រម​ឲ្យ​ឈប់ តែ​គាត់​ថា ឲ្យ​ទៅ​ជួយ​មួយ​អាទិត្យ​៣​ថ្ងៃ​អី​ទៅ កុំ​ឈប់​ដាច់ ប៉ុន្តែ​ជាក់​ស្ដែង​ខ្ញុំ​នៅ​តែ​ញែក​ខ្លួន​មិន​កើត​ពិត​មែន អីចឹង​៣​ថ្ងៃ​ហ្នឹង ក៏​អត់​បាន​ទៅ​ជួយ​គាត់​ទៀត"។

ស៊ិន ឧត្តម​ផល្លា គឺ​ជា​តារា​ចម្រៀង​យ៉េយ៉េ ដែល​អាច​ច្រៀង​ច្រើន​ភាសា​ដូច​ជា ខ្មែរ ចិន អង់គ្លេស និង​ឥណ្ឌា​ជា​ដើម។ កាល​ជាង​២០​ឆ្នាំ នាង ធ្លាប់​បាន​សាង​កេរ្តិ៍​ឈ្មោះ​ជា​មួយ​សមត្ថភាព​កម្រ​នេះ ក្នុង​អាជីព​ជា​តារា​ចម្រៀង​តាម​ភោជនីយដ្ឋាន​រាត្រី និង​រង្គសាល​ជា​ច្រើន​មាន​ដូច​ជា ឈូក​ទិព្វ បុប្ផា​ទិព្វ លី ឡាយ និង​ប៉ាស៊ីហ្វិក​ឃីស ជា​ដើម។ ក្រោយ​បោះបង់​ជាង ២០​ឆ្នាំ នាង​ក៏​វិល​ទៅ​អាជីព​នេះ​ជា​ថ្មី ក្រោយ​ថៅកែ​ហាង​ខាង​លើ​បាន​កោះហៅ។

រូបភាព៖ ហ្វេសប៊ុក​ ស៊ិន ឧត្តម​ផល្លា

ច្រៀង​នៅ​ភោជនីយដ្ឋាន "ពិភព​រាត្រី" បាន​ប្រមាណ​ជាង ១​ខែ នាង​ក៏​ត្រូវ​លោក យ៉ែម សំអូន កោះហៅ​ចូល​ក្រុម Dara Entertainment ថែម​ទៀត។ បន្ទាប់​ពី​នោះ​មក អ្នក​មេម៉ាយ ក៏​កាន់​តែ​រវល់​ឡើង​ៗ ដោយ​គេ​ឃើញ​ឧស្សាហ៍​ចេញ​ច្រៀង​តាម​កម្មវិធី​មង្គល​ការ ខួប​កំណើត ពិធី​ជប់​លៀង​ផ្សេង​ៗ​។ ដោយ​សារ​តែ​កាល​វិភាគ​សិល្បៈ​កាន់​តែ​ញឹក​ស្អេក ផ្សំ​នឹង​មុខ​ជំនួញ​លក់ គ្រឿង​បុណ្យ យីហោ "ឧត្តម្ភ ឧត្តម្ភ" ក៏​រវល់​ក្នុង​រដូវ​កាល​បុណ្យ​ចូល​ឆ្នាំ​កន្លង​មក​ផង នាង​ក៏​សម្រេច​សុំ​ថៅកែ​ឈប់​តែ​ម្ដង ព្រោះ​កម្លាំង​ទ្រាំទ្រ​លែង​បាន៕

អាន៖ លក់​ជើង​មាន់​គេ​មើល​ងាយ​ ថា​ជាមុខ​របរ​តូចតាច តែអ្នក​លក់ ទើប​ទិញ​ឡាន ៧ម៉ឺន​ដុល្លារ​ក្ដៅ​ៗ

អាន៖ ក្រឡេក​មើល Fashion ស្អាត​ៗ​សម្រាប់​មង្គលការ​ពី​តារា​ស្រី​ល្បី​ៗ

អាន៖ មើល​សម្រស់ ឱក សុគន្ធ​កញ្ញា កាន់​តែ​ដូច​ព្រះនាង​ហើយ​

អត្ថបទ៖ ទារិកា

អត្ថបទថ្មី