ក្រុម​ Lampard និង Terry ​ប្រកួត​រក​កៅអី​១​ទៅ EPL ខណៈ Derby មាន​ប្រវត្តិ​ជួប​មិន​សូវ​ល្អ

  • 2019-05-26 04:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Derby County និង Aston Villa របស់​អតីត​វីរបុរស​២​នាក់​របស់​ Chelsea នឹង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ play-off នៅ​កីឡដ្ឋាន Wembley នៅ​ថ្ងៃ​ចន្ទ (ម៉ោង​ ៩:០០យប់ នៅ​កម្ពុជា) ដើម្បី​រក​កៅអី​១​ទៅ​លេង​នៅ Premier League រដូវ​កាល​ក្រោយ។

​ក្រោយ​​វាយ​បក​យក​ឈ្នះ Leeds United របស់​គ្រូ​បង្វឹក Marcelo Bielsa ដ៏​ពោរពេញ​ដោយ​បទពិសោធន៍ នៅ​ជើង​ទី​២​វគ្គ play-off គ្រូ​បង្វឹក​ Frank Lampard នឹង​ដឹកនាំ​ក្រុម​ Derby County ទៅ​ជួប​​អតីត​មិត្ត​រួម​ក្រុម John Terry ដែល​ជា​ជំនួយការ​គ្រូ​បង្វឹក​នៅ Aston Villa។

Aston Villa ចង់​បញ្ចប់​ភាព​និរទេស​របស់​ខ្លួន​ ៣ ឆ្នាំ​ក្រោយ​ធ្លាក់​ចេញ​ពី​ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​អង់គ្លេស ខណៈ Lampard ចង់​ឲ្យ​ក្រុម​គាត់​លេង​ដោយ​ភាព​ធូរស្រាល​ទោះ​ប្រវត្តិ​ជួប​មិន​សូវ​ល្អ។

ប្រវត្តិ និង ស្ថិតិ​ត្រួសៗ​របស់​ក្រុម​ទាំង​២​

Derby បាន​ចាញ់​​ត​ដៃ​មិន​រួច​ទល់​នឹង​ការ​ប្រកួត​ទាំង​២​ជើង​នៅ Championship ជាមួយ Aston Villa នៅ​រដូវ​កាល​នេះ​ដោយ​គ្រាប់​សរុប ៧-០ (៣-០ ក្នុង​ដី និង ៤-០ ក្រៅ​ដី) ។

Aston Villa បាន​ទទួល​ជ័យជម្នះ ៦ លើក​ក្នុង​ចំណោម ៩ ប្រកួត​ចុង​ក្រោយ​របស់​ពួកគេ​លើ Derby (ការ​ប្រកួត​ក្នុង​លីគ​ទាំង​អស់) ដោយ​ចាញ់​តែ​ម្ដង​គត់​ ០-២ កាល​ពី​ខែ​ធ្នូ​ឆ្នាំ ២០១៧។

ប៉ុន្តែ​ Aston Villa បាន​ចាញ់ ៥ លើក​​ក្នុង​ចំណោម​៦​ប្រកួត​ចុង​ក្រោយ​របស់​ពួកគេ​នៅ​កីឡដ្ឋាន Wembley ហើយ​ឈ្នះ​តែ​ម្ដង​គត់​ទល់​នឹង​ក្រុម Liverpool នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ FA Cup កាល​ពី​ខែ​មេសា ឆ្នាំ​២០១៥។

ដោយ​ឡែក​ ទឹកដី Wembley ក៏​មិន​សូវ​អំណោយ​ផល​សម្រាប់​ Derby ដែរ។ ​​ក្រុម​ចៀម​​ នឹង​ប្រកួត​វគ្គ play-off ផ្ដាច់ព្រ័ត្រ​ជា​លើក​ទី​៤​របស់​ខ្លួន ដោយ​៣​ដង​កន្លង​មក ពួកគេ​ចាញ់​២​ដង (១៩៩៤ និង ២០១៤) និង​ឈ្នះ​ម្ដង​ (២០០៧)។

តើ​អ្នក​គិត​ថា Aston Villa អាច​បញ្ចប់​ភាព​និរទេស​ ៣ ឆ្នាំ​ពី Premier League បាន​ដែរ​ឬ​អត់?

អាន៖​ Premier League គ្រោង​កាត់​បន្ថយ​កូតា​កីឡាករ​បរទេស ប៉ុន្តែ​ក្លឹប​ជំទាស់

អាន៖ តើ Arsenal, Tottenham ឬ Chelsea មួយ​ណា​ជា​ក្រុម​ល្អ​បំផុត​នៅ​ទីក្រុង​ឡុង?

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខ លាងហ៊ត