Emery អស់សង្ឃឹម​នឹង​ក្លឹប​មិន​អាច​ធ្វើ​រឿង​ធំ​មួយ​សម្រាប់​គ្រូ​បង្វឹក និង អ្នកគាំទ្រ​ Arsenal

  • 2019-06-02 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Unai Emery ចង់​ដឹកនាំ​ការ​ផ្លាស់ប្ដូរ​មួយ​សម្រាប់ Arsenal​ ប៉ុន្តែ​វា​មាន​ភាព​ស្មុគស្មាញ​ដោយសារ​ថវិកា​មាន​កំណត់ ដែល​ក្លឹប​មាន​នា​បច្ចុប្បន្ន ជា​ពិសេស​មាន​លុយ​មិន​គ្រប់​សម្រាប់​ការ​ផ្ទេរ​ធំៗ។

Daily Star បាន​រាយការណ៍​ថា​ក្រោយ​បរាជ័យ​ធ្ងន់ធ្ងរ​នៅ Europa League គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​បាន​​ដាក់​សំណើ​ទៅ​ក្រុមប្រឹក្សាភិបាល​ថា​លោក​ចង់​ចុះហត្ថលេខា​ផ្លាស់ប្តូរ​កីឡាករ​នា​​ទីផ្សារ​ដោះដូរ​រដូវ​ក្ដៅ​នេះ។

ប៉ុន្តែ​ថវិកា​មាន​កម្រិត​ នឹង​ក្លាយ​ទៅ​ជា​​បន្ទុក​ដ៏​ធ្ងន់​ដែល Arsenal ពិបាក​នឹង​ប្រជែង​យក​កីឡាករ​ល្អៗ​នឹង​គេ​ណាស់។ ប៉ុន្តែ​​កីឡាករ​ថ្មី​អាច​ចូល​ក្នុង​ក្រុម​បាន លុះត្រា​ណា​តែ​ក្លឹប​ត្រូវ​លក់​កីឡាករ​ចាស់​ចេញ​ដើម្បី​មាន​លុយ​បង្វិល​ប៉ុណ្ណោះ។ ប្រភព​ខាងលើ​បន្ត។

ឈ្មោះ​កីឡាករ​ដំបូង​ដែល​នឹង​អាច​ចាកចេញ​ពី​ទឹកដី Emirates គឺ Özil ដោយសារ​តែ​កីឡាករ​​អាល្លឺម៉ង់​មាន​ប្រាក់​ខែ​ខ្ពស់​បំផុត​​នៅ​ក្នុង​ក្រុម​កាំភ្លើង​ធំ។

Arsene Wenger គ្រូ​បង្វឹក​ដែល​មាន​ខួរ​ក្បាល​បែប​សេដ្ឋកិច្ច ទើប​អាច​ឈរ​ជើង​បាន​ជាង​២​ទសវត្ស

មិន​ចម្លែក​ទេ​សម្រាប់​ Arsenal ដែល​ជា​ក្លឹប​​គិត​ពី​ចំណូល និង មិន​សូវ​ចង់​ចំណាយ។ រំលឹក​ទៅ​ដល់​ពេលវេលា​ដែល Arsene Wenger ដឹក​នាំ​ Arsenal ២២​ឆ្នាំ ជា​គ្រូ​បង្វឹក​​ដឹកនាំ​ក្លឹប​មួយ​យូរ​ជាង​គេ​នៅ Premier League លោក​ជា​ គ្រូ​បង្វឹក​ដែល​មាន​ខួរ​ក្បាល​បែប​សេដ្ឋកិច្ច ព្រោះ​ធ្លាប់​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​សេដ្ឋកិច្ច​មុន​មក​ប្រលូក​វិស័យ​បាល់ទាត់។

Wenger ល្បី​ខាង​ពូកែ​បណ្ដុះ​យុវជន ឬ​ទិញ​កីឡាករ​ចូល​មក​ធូរ​ៗ​ថ្លៃ តែ​បញ្ចេញ​ទៅ​វិញ​តម្លៃ​ហក់​ឡើង​​កប់​ពពក។ របាយការណ៍​មួយ​ទៀត​របស់ Transfermarket ស្តី​ពី​ការ​ចំណាយ​​​​សម្រាប់​ទីផ្សារ​ដោះដូរ​កីឡាករ​របស់​ក្លឹប​នៅ​អង់គ្លេស​​​​រយៈ​ពេល​២០​ឆ្នាំ​ចុងក្រោយ​​ដោយ​​គិត​ចាប់​ពី​ឆ្នាំ ១៩៩៧ ដល់ ២០១៦ បាន​បង្ហាញ​ថា Wenger មិន​ដែល​ចាយ​​លើស​ពី ២០០ លាន​ផោន​ក្នុង​​១​ឆ្នាំ​ឡើយ។

អាច​ថា នេះ​ក៏​ជា​មូលហេតុ​មួយ​ដែល Arsene Wenger អាច​នៅ Arsenal ជាង​២​ទសវត្ស ព្រោះ​ថា មិន​ងាយ​ឡើយ​ដែល​ក្លឹប​ទទួល​បាន​គ្រូ​បង្វឹក ដែល​ពូកែ​ទាំង​យុទ្ធសាស្ត្រ​លើ​សមរភូមិ​វាល​ស្មៅ ទាំង​​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ សម្រាប់​ជួយ​អភិវឌ្ឍ​ឧស្សាហកម្ម​បាល់ទាត់​របស់​ក្លឹប។

ប៉ុន្តែ ការ​ចាញ់​ផ្ទួនៗ ស្រប​ពេល​ដែល​ក្រុម​អ្នក​គាំទ្រ​​បាន​លើក​បដា "Wenger Out” គឺ​ជា​​មូលហេតុ​​បង្ខំ​ឲ្យ​ម្ចាស់​ក្លឹប​ ហើយ​និង​គ្រូ​បង្វឹក​ចាស់​វស្សា​ត្រូវ​តែ​ទទួល​យក​ទោះ​ចង់ ឬ​មិន​ចង់​ក៏​ដោយ៕

អាន៖ រឿងរ៉ាវ៧យ៉ាង ដែល​អ្នក​គួរ​ដឹង​អំពី Arsene Wenger

អាន៖ Pep Guardiola ប្រើឃ្លា​ចាក់​ដោត​ឲ្យ​តា​បារាំង​យក​ទៅ​គិត

ប្រភព៖ Besoccer   ប្រែ​សម្រួល៖ សុខ លាងហ៊ត