គ្រូ​អាជីព​មក​ពី​ Spur​s ពិត​ជា​ខំប្រឹង​បង្រៀន​បាល់ទាត់​ដល់​សិក្ខាកាម​ខ្មែរ​ ដោយ​អស់​ពី​ចិត្ត​មែន​

  • 2019-06-08 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈាន​ដល់​វគ្គ​សិក្សា​លើក​ទី២​ ដែល​ AIA​ សហការ​ជា​មួយ​ក្រុម​លំដាប់​កំពូល​របស់​អង់គ្លេស​ Spurs​ នាំ​យក​គ្រូ​ជំនាញ​មក​បង្ហាត់​បង្រៀន​ ក៏​ដូច​ជា​ចែក​រំលែក​បទ​ពិសោធ​បន្ថែម​ដល់​ក្រុម​គ្រូ​បង្វឹក​ រួម​និង​កីឡាករ​នៅ​ក្នុង​លីគ​កំពូល​កម្ពុជា​ ជា​ថ្មី​ទៀត​នេះ​រឹតតែ​ស៊ីជម្រៅ​ ខណៈ​គ្រូ​ឧបទេស​ទាំង​នោះ​បង្រៀន​ដោយ​អស់​ពី​ចិត្ត​តែ​ម្ដង។​

លោក​ Anton Blackwood​ មក​ពី Spurs

លោក​ Anton Blackwood​ ប្រាប់​ឲ្យ​ដឹង​ថា​ វគ្គ​សិក្សា​លើក​ទី២​នេះ​ គឺ​ផ្ដោត​ទៅ​លើ​ការ​ចុះ​បង្រៀន​ដល់​សហគមន៍​ដូច​មុន​ដដែល ប៉ុន្តែ​បូក​បន្ថែម​នូវការ​អនុវត្ត​ផ្ទាល់​លើ​ទីលាន​​ រៀប​ចំ​ផែន​ការ​ច្បាស់​លាស់​ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់កាល​នៅ​ពេល​បង្ហាត់។​

ពេល​រៀន​ទ្រឹស្ដី​

អ្នក​ជំនាញ​របស់​ Spurs​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ វគ្គ​នេះ​សិក្ខាកាម​យល់​ច្បាស់​ ហេតុ​អ្វី​បាន​ជា​ត្រូវ​បង្កើត​កម្មវិធី​នៅ​តាម​សហគមន៍​ បង្កើត​ឡើង​ដោយ​របៀប​ណា​ ដើម្បី​ដំណើរ​ការ​ផែនការ​នេះ​បាន​ត្រូវ​រក​ជំនួយ​ឧបត្ថម្ភ​ ជំនួយ​សហការ​គម្រោង​ដោយ​ដូចម្ដេច។​ ក្រៅ​ពី​នេះ​ទៀត​នោះ​ ផ្ដោត​លើ​បច្ចេកទេស​បង្រៀន​ធ្វើ​ដូចម្ដេច​ ឲ្យ​អ្នក​ចូលរួម​មាន​ចិត្ត​ចង់​ចូលរួម​ជា​ថ្មី​ទៀត​ មាន​អារម្មណ៍​សប្បាយ​ អ្នក​ចូលរួម​មាន​ចិត្ត​បង្កើត​ក្ដី​សុបិន​របស់​ខ្លួន​ជា​មួយ​កម្មវិធី​នេះ។​ ទន្ទឹម​និង​នេះ​ផង​ដែរ​ សិក្ខាកាម​យល់​ដឹង​ពី​រៀប​ដោះស្រាយ​បង្ហាញ​ផ្សេងៗ​ជាក់​ស្ដែង​នៅ​លើ​ទីលាន​អនុវត្ត​ផ្ទាល់​ ដែល​ទាំង​នេះ​សុទ្ធ​តែ​ជា​បទ​ពិសោធ​ល្អៗ​របស់​ក្រុម​ Spurs​ ធ្លាប់​ឆ្លងកាត់​ពី​មុន​មក។​

ពេល​ចុះ​អនុវត្តន៍​ម្សិលមិញ

ចំណែក​លោក​ស្រី​ Pauline Teoh​ តំណាង​ AIA Cambodia​ បាន​លើក​ឡើង​ដែរ​ថា​ ពួក​លោក​ស្រី​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ ដែល​បាន​សហការ​ជា​មួយ​ដៃគូ​ផ្សេងៗ​បង្កើត​ឲ្យ​មាន​កម្មវិធី​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​ កីឡាករ​មក​ពី​ក្លឹប​កំពូល​របស់​កម្ពុជា​នេះ​ឡើង។​ សកម្មភាព​នេះ​វា​ស្រប​ទៅ​និង​គោលដៅ​របស់​ AIA​ ដែល​ជួយ​សហគមន៍​ឲ្យ​រស់នៅ​មាន​សុខភាព​ល្អ​ និង​ជីវិត​កាន់​តែ​ពេញលេញ។​ សង្ឃឹម​ថា​ កម្មវិធី​ខាង​លើ​នេះ​នឹង​ផ្ដល់​ភាព​វិជ្ជមាន​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ហ្វឹកហាត់​បាល់ទាត់​ថ្នាក់​មូលដ្ឋាន​នៅ​កម្ពុជា​ ព្រម​ទាំង​អាច​ទាក់ទាញ​ការ​ចូលរួម​ពី​កុមារ​តូចៗ​ឲ្យ​កាន់​តែ​ច្រើន​ ទទួល​បាន​ប្រយោជន៍​ពី​កីឡា​ផង​ដែរ។​

ពេល​ចុះ​អនុវត្តន៍​ម្សិលមិញ

រំលឹក​ដែរ​ថា​ កម្មវិធី​បណ្ដុះបណ្ដាល​«គ្រូ​បង្វឹក​ ដើម្បី​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​សម្រាប់​សហគមន៍»​ ក្រោម​ការ​សហការ​រវាង​ AIA ​និង​ CNC​ រួម​ទាំង​បណ្ដាល​ក្លឹប​កំពូល​នានា​នៅ​កម្ពុជា បាន​បង្កើតកម្មវិធី​ពិសេស​នេះ​ឡើង​ ដោយ​មាន​គ្រូ​ឧបទេស​មក​ពី​ក្រុម​ Spurs។​ នេះ​ជា​លើក​ទី២ ​នៃ​វគ្គ​បណ្ដុះបណ្ដាល​ខាង​លើ​នេះ​ ហើយ​នៅ​សល់​២វគ្គ​បន្តទៀត​អំឡុង​ ខែ​កញ្ញា ​និង​ខែ​ធ្នូ​ ២០១៩​ ដែល​ AIA​ រៀបចំឡើង៕​

អត្ថបទ៖ នួន ស៊ីណា​