រៀនត្រឹមវិទ្យាល័យ បង្កើតបានប្រព័ន្ធទំនើបប្លែកគេ រហូតក្រុមហ៊ុនបច្ចេកវិទ្យាធំៗចង់បាន
- 2019-06-11 03:52:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀនត្រឹមវិទ្យាល័យ បង្កើតបានប្រព័ន្ធទំនើបប្លែកគេ រហូតក្រុមហ៊ុនបច្ចេកវិទ្យាធំៗចង់បាន
ចន្លោះមិនឃើញ
យុវជនវ័យក្មេងម្នាក់បានក្លាយជាខ្លួនជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា ត្រឹមតែរយៈពេលខ្លី នេះក៏ព្រោះតែរូបគេរកឃើញបច្ចេកវិទ្យាប្រព័ន្ធបើកបរស្វ័យប្រវត្តិ(Self-driving car) រហូតឈានដល់បង្កើតបានក្រុមហ៊ុន The Luminar Technology តាំងពីនៅរៀនថ្នាក់វិទ្យាល័យ(អាយុ ១៧ ឆ្នាំ)។
Austin Russell ជាឈ្មោះក្មេងប្រុសរាងខ្ពស់ស្រឡះ ពណ៌សក់ទង់ដែងគ្របមុខតាមបែបអឺរ៉ុប ដែលមានចំណូលចិត្តផ្នែកបច្ចេកវិទ្យាតាំងពីតូចមកម្ល៉េះ។ កាលពីនៅអាយុ ១០ ឆ្នាំ Russell រៀនសរសេរកូដចេះស្ទាត់បាត់ទៅហើយ។ គ្រាមួយនោះ ម្ដាយរបស់ Russell មិនទិញទូរសព្ទឲ្យរូបគេប្រើ ស្រាប់តែក្មេងប្រុសឆ្លាតវៃនេះ នឹកឃើញយករបស់លេង(Nintendo DS) រួចមកសរសេរកូដកម្មវិធីដែលគេចេះ(firmware) នោះមកដាក់បញ្ចូលក្នុងបន្ទះឈីបរហូតអាចក្លាយជាទៅទូរសព្ទបាន។ សំណួរពី CNBC តើវាទៅរួចដែរទេ? Russell ឆ្លើយថា "បាទ! វាពិតជាខលចេញបានមែន”។
នៅមិនទាន់ចប់ត្រឹមនេះទេ ក្មេងប្រុសដែលមានទេពកោសល្យខាងច្នៃប្រឌិតថ្មីនេះ បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើប្រព័ន្ធដំណើរការរបស់ម៉ាស៊ីននានា។ រូបគេមានមហិច្ចតាធំ ចង់បង្កើតប្រព័ន្ធកុំព្យូទ័រ, ចង់បង្កើតកំពូលកុំព្យូទ័រកម្លាំងខ្លាំង(Super Computer) គ្រឿងបង្គុំផ្នែករឹង(Hardware) និងឧបករណ៍ជាច្រើនទៀតដែលទាក់ទងនឹងប្រព័ន្ធឡេសឺ(Lasers), ឧបករណ៍អុបទិក(Optics), ឧបករណ៍ Photonics ដោយផ្ទាល់ខ្លួន។ Russell បានពន្យល់ថា បច្ចេកវិទ្យា Photonics ជាដំណើការបែបវិទ្យាសាស្ត្រអាចបង្កើតចេញពន្លឺនិងថាមពលផ្សេងៗចេញពីរូបថតផ្ទាល់។ នេះបើយោងតាមការស្រាវជ្រាវរបស់មជ្ឍមណ្ឌល The National Center for Optics and Photonics Educations។
ដោយហេតុនេះហើយទើបទាក់ចិត្តរូបគេឲ្យដក់ជាប់នឹងបច្ចេកវិទ្យានេះ ហើយក៏ចង់ក្លាយជាចំណែកមួយនៃការបង្កើតប្រព័ន្ធនោះអាចដំណើរការក្នុងជីវភាពប្រចាំថ្ងៃបាន។
លុះដល់អាយុ១៥ ឆ្នាំរូបគេទទួលបានការងារលើកដំបូងជាមួយ LIDAR ជាមនុស្សមួយក្រុមដែលសិក្សាស្រាវជ្រាវពីប្រព័ន្ធពន្លឺ និងបង្កើតម៉ាស៊ីនឡេសឺធំៗផងដែរ។ LIDAR ជាវិធីសាស្ត្រមួយដែលប្រើប្រាស់ឡេសឺ ទៅគណនាចម្ងាយរបស់វត្ថុ ក្នុងការបង្កើតចេញជាផែនទី 3D ឲ្យដូចទៅនឹងស្ថានភាពជាក់ស្ដែង។
បច្ចេកវិទ្យានេះជាជណ្ដើរដ៏ល្អ ដែលអាចឲ្យក្មេងប្រុស Russell យកទៅអនុវត្តន៍លើរថយន្តដែលមានសមត្ថភាពអាចកំណត់សម្គាល់ អាចដៅទីតាំង និងកំណត់ដឹងឧបសគ្គនៅខាងមុខបានយ៉ាងល្អ ដែលឲ្យឈ្មោះថា Self-driving technology។ កន្លែងធ្វើការដំបូងនេះហើយជាបេះដូងរបស់ Russell អាចចាប់ផ្ដើមអាជីវកម្មដំបូងបង្អស់(Start-up) ហើយក៏ជាកន្លែងចាប់កំណើតក្រុមហ៊ុន Luminar Technology ដោយយកបច្ចេកវិទ្យាសេនសឺរបស់ LIDAR ទៅអភិវឌ្ឃថ្មីបំពាក់លើយានយន្ត។
និយាយអំពីការបង្កើតក្រុមហ៊ុនក្មេងខ្ចីនេះ ធ្វើឲ្យសិស្សវិទ្យាល័យរូបនេះដក់ជាប់នឹងការធ្វើជំនួញ រហូតដល់បោះបង់ការសិក្សាថ្នាក់ឧត្ដមនៅសកលវិទ្យាល័យល្បីលំដាប់ពិភពលោកគឺ Stannford University តាំងពីឆ្នាំដំបូងម្ល៉េះ។
ទោះបោះបង់ការសិក្សាក្ដី ក៏ប៉ុន្តែយុវជនរូបនេះបានដាក់ពាក្យចូលរួមប្រកួត ព្រមទាំងបានក្លាយជាជ័យលាភីក្នុងកម្មវិធី The Thiel Fellowship ដែលបង្កើតឡើងដោយលោក Peter Thiel (ជា Co-founder ក្រុមហ៊ុន PayPal) សម្រាប់ផ្ដល់ជូន Start-up វ័យក្មេងអាយុក្រោយ ២៣ ឆ្នាំដែលមានទឹកប្រាក់សរុបចំនួន ១០០ ០០០ ដុល្លារអាមេរិករយៈពេល ២ ឆ្នាំធ្វើជាទុនដំណើរការអាជីវកម្មរបស់ខ្លួន។
មកទល់ពេលនេះក្រុមហ៊ុនថ្មីថ្មោង The Luminar Technology បានឈរជើងលើទីផ្សារយ៉ាងមាំដែលមានកេរ្តិ៍ឈ្មោះថាជាក្រុមហ៊ុនស្តង់ដារឈានមុខគេលើបច្ចេកវិទ្យាបើកស្វ័យប្រវត្តិលើយានយន្ត។ លើសពីនេះមានក្រុមហ៊ុនទុនរាប់កោដដុល្លារ បានផ្ដល់ទំនុកចិត្តឲ្យអភិវឌ្ឍលើផលិតផលរបស់គេដូចជាក្រុមហ៊ុនបច្ចេកវិទ្យា Velodyne, Quanergy, Innoviz ហើយបច្ចេកវិទ្យាក្រុមហ៊ុនទាំងនោះយកទៅបំពាក់លើក្រុមហ៊ុនរថយន្ត Ford, Volvo , Mecedes-Benz ព្រមទាំងបានប្រើលើក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដូចជា BMW និងក្រុមហ៊ុនរថយន្តអគ្គិសនីប្រទេសចិនដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងគឺ HiRain ថែមទៀតផង។
កាលពីខែមេសាឆ្នាំ ២០១៧ ក្រុមហ៊ុន Toyota ផ្នែក Toyota Research Institute ក៏បានចុះហត្ថលេខាជាដៃគូជាមួយ The Luminar Technology ដើម្បីស្រាវជ្រាវពីដំណើការបច្ចេកវិទ្យាថ្មីៗទៀតបំពាក់លើរថយន្តរបស់ Toyota ។
ភាពល្បីល្បាញកក្រើករបស់ក្មេងប្រុសអាយុត្រឹម ២៣ ឆ្នាំនេះបានធ្វើឲ្យនាយកប្រតិបត្តិ ៩ ស្ថាប័ននិងជាបុគ្គលជោគជ័យផ្នែកបច្ចេកវិទ្យាជើងចាស់លោក Elon Musk បានលើកឡើងថា ក្រុមហ៊ុនរថយន្ត Tesla របស់លោកបានសិក្សាលើបច្ចេកវិទ្យានេះយូរហើយដែរ ក៏ប៉ុន្តែនៅមិនមានលទ្ធផល។ បើចូលឲ្យជ្រៅទៅ ប្រព័ន្ធរបស់ Russell និង Tesla មានភាពខុសគ្នា តែឈរលើគោលដៅតែមួយ។ ដូចនេះ ចង់ឬមិនចង់ Tesla មានគូប្រជែងថ្មីមួយទៀតរួចទៅហើយ។
សព្វថ្ងៃក្រុមហ៊ុន The Luminar Technology ដែលមានទីស្នាក់ការកណ្ដាលនៅ Palo Alto រដ្ឋកាលីហ្វរញ៉ាមានទឹកប្រាក់ជាង ៣៦ លានដុល្លារនិងមានបុគ្គលិកបម្រើការជាង ៤០០ នាក់រួចទៅហើយដោយបង្កើតឡើងត្រឹម ៥ ឆ្នាំប៉ុណ្ណោះ។
ជាចុងក្រោយនាយកប្រតិបត្តិវ័យក្មេងរូបនេះបានផ្ដាំផ្ញើទៅអ្នកជំនាន់ក្រោយថា បោះបង់ការសិក្សា មិនមែនសុទ្ធតែជាការគិតត្រូវសម្រាប់មនុស្សទាំងអស់គ្នាទេ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនដែល មានគោលដៅច្បាស់ ហើយដឹងថាខ្លួនឯងចង់ធ្វើអ្វី វាជាការសម្រេចចិត្តលើគោលដៅជីវិតរបស់យើងខ្លួនឯង៕
ទស្សនាវីដេអូខាងក្រោម៖
អត្ថបទទាក់ទង៖