កុំបោះបង់ជាដាច់ខាត! មេរៀនពីទស្សនវិទូនីឆ

  • 2019-06-27 08:04:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


  • អត្ថបទ៖ Sokcheng Seang
  • សហការជាមួយ wapatoa.com

ប្រសិនបើអ្នកឆ្លៀតសួរមិត្តម្នាក់ថាតើសំរាប់គេ ជីវិតដែលល្អឥតខ្ចោះហ្នឹង មានរូបរាងយ៉ាងណាទៅ?

គេប្រហែលជាឆ្លើយថា ពេលនោះគេនឹងមានលុយច្រើនចាយមិនចេះអស់ មានចុងភៅចំណានធ្វើម្ហូបឆ្ងាញ់ៗឲ្យមិនបាច់ស៊ី​សៀង​ចុងខែនោះទេ ឬពេលគេមានឆ្មាមួយនៅផ្ទះ (ដែលនាងឆ្មានេះញិកញ៉ក់ធ្វើខ្លួនដូចមិនស្រឡាញ់គេអញ្ចឹង តែគេនៅឯណា ក៏ឆ្មាហ្នឹងបន្លំដើរតាម តែធ្វើឬកហីរហូត)។

យើងម្នាក់ៗមានចំលើយខុសៗគ្នាឆ្លើយតបនឹងសំណួរមួយនេះ តែតាមពិតមូលហេតុពីក្រោយរបស់យើងគឺដូចតែគ្នាទេ។

អ្នក​ដែលចង់បានលុយចាយដេកស៊ីមិនងាយអស់នោះ គឺដោយសារគេមិនចង់ពិបាកអត់លុយចាយ។

រីឯអ្នកដែលចង់ញ៉ាំម្ហូបអីក៏បានតាមចិត្តនោះ គឺដោយសារមិនចង់ពិបាកដាច់ពោះ អត់អីញ៉ាំ។

ដូចគ្នាដែរ អ្នកដែលចង់បានឆ្មាមួយមកចិញ្ចឹមប្រលែងលេងនោះ​ ក៏ដោយសារគេមិនចង់នៅម្នាក់ឯងដល់ចាស់សក់ស្កូវគ្មានគូនឹងគេ។

និយាយទៅ ចំលើយអ្វីក៏ដោយ (ចង់បានលុយ សង្សារ ផ្ទះ ការងារល្អ កូន -ល-) សុទ្ធតែមានមូលហេតុដូចគ្នា គឺមនុស្សយើងមិនចង់លំបាកទៅថ្ងៃអនាគតនោះអី (មានទាំងការលំបាកផ្លូវកាយ ផ្លូវចិត្ត ផ្នែកហិរញ្ញវត្ថុជាដើម)។

ជាធម្មតា យើងតែងចង់រស់នៅពោរពេញដោយសំណាង គឺថាយើងធ្វើអ្វីមួយសំរេចដោយរលូនស្រិល មិនបាច់មានភាពលំបាក​អម​ជាមួយឡើយ។ ពេលនោះ បើយើងនិយាយជាមួយអ្នកដែលយើងលួចស្រឡាញ់ យើងនឹងមិននិយាយអីភ្លើៗ ស្តាប់គ្នាមិនយល់ ហើយមុខក្រហមដោយគ្មានមូលហេតុនោះទេ។ បើយើងចង់បាននិទ្ទេស A គឺស្រួលដូចបកចេក។ មិនបាច់ខំរៀនរាប់ឆ្នាំ ហើយមិនបាច់សូត្រមេរៀនពេញមួយយប់មុនប្រឡងទេក៏បាននិទ្ទេសខ្ពស់ (ហើយនឹងគ្មានក្រសួងណាមកប្រាប់យើងពីក្រោយវិញថានិទ្ទេសយើងខុសដោយសារបច្ចេកទេសកុំព្យូទ័រនោះទេ)។ បើជាប់គឺដឹងតែជាប់ពិតប្រាកដតែម្តង។

ចង់ឡើងតំណែងនៅកន្លែងធ្វើការក៏មិនបាច់ពិបាក។ គ្រាន់តែធ្វើការល្មមៗ មេស្រឡាញ់ ស្នាដៃជោគជ័យ បានឡើងតំណែងមួយកាំម្តងជារៀងរាល់ខែជាមិនខាន។

តែរឿងនេះពិតជាអាចទៅរួចបានទេ? «អនាគតភ្លឺស្វាង» របស់យើងអាចមានរូបរាងដូចនេះទេ? មុននឹងយើងយកវាជាគោលបំណងនៃជីវិតរបស់យើង ហើយព្យាយាមរត់ដេញចាប់វាអស់ ៥០ ឆ្នាំទៅខាងមុខនោះ យើងគួរពិនិត្យមើលវាឲ្យច្បាស់បន្តិចសិនហ្អី?

តោះមើលៗ តើយើងអាចមានជីវិតដ៏ប្រសើរមួយដែលយើង មានចិត្តករុណា និងស្ងប់ស្ងាត់ជាងមុន មានទំលាប់ល្អៗក្នុងខ្លួន មានទំនាក់ទំនងល្អជាមួយមនុស្សលោក មានសុខភាពល្អបិរបូរ មានលុយចាយគ្រប់គ្រាន់ ហើយថែមទាំងមានការងារដែលយើងស្រឡាញ់ ដោយមិនធ្លាប់ឆ្លងកាត់ឧបសគ្គការលំបាកបានទេ?

ដើម្បីស្វែងរកចំលើយនេះ យើងអាចចាប់ផ្តើមដោយសង្កេតមើលមនុស្សដែលយើងស្គាល់នៅជិតៗខ្លួនហ្នឹងឯង។ រកមើលមនុស្សដែលស្រឡាញ់ជីវិតខ្លួនខប់ៗតែម្តង។ សាករកមើលក្នុងចំណោមមិត្តភក្តិបងប្អូន អាយដូលដែលយើងស្គាល់ ឬបុគ្គលល្បីៗដែលបានស្លាប់មកជាយូរមកហើយក្តី ហើយជ្រើសរើសយកប៉ុន្មាននាក់មកសិក្សាមក (បើរកមិនបានច្រើន ក៏យ៉ាងហោចណាស់រកឲ្យបានមួយមកណា)។

មើលពីសំបកក្រៅទៅ មនុស្សទាំងនេះហាក់ដូចជាបានជោគជ័យដោយមិនបានឆ្លងកាត់ភាពលំបាកច្រើននោះទេ។ មកពីគេកើតមកភ្លាមមានបុណ្យមានសំណាងតែម្តង? ឬដោយសារគេតែងសរសេរ 168 នៅក្នុងរូបព្រះ និងនាគក្នុងហ្វេសប៊ុកមែនបានជាសំណាងខ្លាំងយ៉ាងនេះ?

កុំចេះតែគិតម្នាក់ឯងអញ្ចឹង… យកល្អ សួរពួកគាត់តែម្តងទៅ។ ប្រសិនបើស្គាល់គេតាមហ្វេសប៊ុកអី អាចផ្ញើសារសួរគេយកតែម្តង។ និយាយមែនណា! ប្រសិនបើគេជាមនុស្សដែលមានសេចក្តីសុខសប្បាយចិត្តពិតមែន គេមិនដែលកំណាញ់រឿងឆ្លើយសំណួរដើម្បីជួយគេឯងផ្សេងនោះទេ។ ជឿខ្ញុំទៅ!

តែប្រសិនបើអ្នកខ្លាចមិនហ៊ានសួរគេ ឬខ្ជិល (ឬទាំងពីរ)នោះ កុំភ័យ! វប្បធម៌ជួយរុករកឲ្យក៏បាន។ ពួកយើងបានវែកញែកទស្សនៈ និងជីវិតរបស់ទស្សនវិទូ ហ្វ្រុីដរីក នីឆ (Friedrich Nietzsche) (1844 – 1900) ជាបុរសមួយរូបដែលយើងមិនងាយបំភ្លេចបាន។ និយាយមែនណា៎ អានទៅដល់ក្រោមទាក់ទងនឹងជីវិតរបស់គាត់ទៅដឹងហើយ … ខ្ញុំជឿថាអ្នកនឹងមិនងាយភ្លេចគាត់បានឡើយ។

ទស្សនវិទូសញ្ជាតិអាល្លឺម៉ង់ដែលមានពុកមាត់ធំនៅកណ្តាលមុខមួយរូបនេះ ពេលគាត់នៅក្មេង ជាមនុស្សដែលងាយបោះ​បង់​ចោល​បំផុតហើយ។ នៅពេលគាត់អាយុ ២២ ឆ្នាំ កាលនោះគាត់ជានិស្សិតហើយក៏បានអានសៀវភៅរបស់ទស្សនវិទូល្បីអាល្លឺម៉ង់ល្បីម្នាក់។ ទាយមើលណាគេ? គ្មាននរណាគេក្រៅពី អថឺ ស្យុពេញឺ (Arthur Schopenhauer) ដែលទើបឡើងល្បីនៅជំនាន់នោះទេ។

ក្រោយពីអានពីទស្សនវិជ្ជាដ៏មហាទុទិដ្ឋិនិយមរបស់ស្យុពេញឺហើយ នីឆក៏បានក្លាយទៅជាមនុស្សស្អប់ជីវិតបណ្តោយ! ដូចពេលយើងនៅវ័យជំទង់ ទុកសក់វែង បិទមាត់ជិត មិនចូលចិត្តនិយាយរកពីណាគេទាំងអស់ ហើយតែងគិតថាហ្វូងមនុស្សគួរឲ្យស្អប់​ហ្អ៎? ហ្នឹងឯងពួកអ្នករបៀបអុីម៉ូ (emo) នោះអី។

ជាធម្មតា ពេលយើងរៀងធំពេញវ័យជាងហ្នឹងបន្តិច យើងចាប់ផ្តើមភ្ញាក់ខ្លួន ឈប់ស្អប់មនុស្សម្នា ហើយនិយាយរកគេធម្មតាវិញហើយ។

អត្ថបទនេះគឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវ៉ិបសាយ​ផ្តោត​លើ​ចំណេះដឹង​ចិត្តវិទ្យា សិល្បៈ និង​ការ​អភិវឌ្ឍន៍ខ្លួន

ប៉ុណ្ណឹងមិនទាន់អស់ទេណា! បើចង់អានអត្ថបទនេះឲ្យដល់ចប់ សូមចុចលើទីនេះ ដើម្បីអានបញ្ចប់នៅ វ៉ិបសាយវប្បធម៌ wapatoa.com!

អត្ថបទ៖ Sokcheng Seang