កូនអ្នកនេសាទម្នាក់ Live លក់គ្រឿងសមុទ្រលើ Facebook រកបានជិត ១ លានដុល្លារ/មួយខែ

  • 2019-07-03 02:33:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Anurak Saruethai ជា​កូន​អ្នក​នេសាទ​ម្នាក់​ ​តែង​តែ​ធ្វើ​ការ​ Live លក់​បង្គា​គ្រាម​, មឹក​គ្រាម និង​ត្រី​គ្រាម​លើ​បណ្ដាញ​សង្គម​ Facebook។ ពេល Live ម្ដងៗ​អាច​ទាក់ទាញ​ចំនួន​ទស្សនា​រហូត​ដល់ ៣០ ម៉ឺន​នាក់ តាម​រយៈ​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​កំប្លែងៗ និង​​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​អតិថិជន។

នៅ​ពី​ក្រោយ​ខ្នង​របស់​ Anurak ​មាន​មនុស្ស​មួយ​ក្រុម​ចាំ​ជួយ​ឆ្លើយ​តប​ការ​កុម្ម៉ង់​ទិញ, ឆ្លើយ​សំនួរ​លើ​កម្មវិធី​ Facebook, ត្រួត​ពិនិត្យ​​ការ​បង់​លុយ​តាម​គណនី​ធនាគារ និង​ប្រាប់​ពី​ឃ្លា​កំប្លែង​​​សម្រាប់​ប្រើ​ពេល Live ផង​ដែរ។ វិធីសាស្ត្រ​នេះ​ដំណើរ​ការ​​រលូន​ខ្លាំង ដោយ​ Anurak និយាយ​ថា​អាច​​លក់​បាន​ចំណូល ២៦ លាន​បាត (ស្មើ​ប្រមាណ ៨២៩ ០០០ ដុល្លារ) ក្នុង​ខែ​មីនា​។

ជោគជ័យ​របស់​ Anurak ជា​ការ​សម្គាល់​មួយ​អំពី​ជំនួយ​លើ​បណ្ដាញ​សង្គម​ដែល​កំពុង​ផ្ទុះ​ខ្លាំង​នៅ​ថៃ ដោយ​​អ្នក​លក់​អាច​លក់​ទំនិញ​​ទៅ​ឲ្យ​អតិថិជន​ដោយ​ផ្ទាល់​តាម​ Facebook, Instagram និង​កម្មវិធី​ផ្ញើ​សារ​ដូច​ជា​ Line ជា​ដើម។

តាម​រយៈ​ការ​ជំរុញ​នៃ​​​កម្មវិធី​ធនាគារ​លើ​ទូរសព្ទ (Mobile Banking) ការ​លក់​លើ​បណ្ដាញ​សង្គម​នៅ​ថៃ​ បាន​កើន​ឡើង​ទ្វេ​ដង​នៅ​ឆ្នាំ ២០១៧ ដល់​តួ​លេខ ១០,៩ ពាន់​លាន​ដុល្លារ។ នេះ​បើ​ផ្អែក​តាម​របាយការណ៍​ចុង​ក្រោយ​នៃ​​ភ្នាក់ងារ​អភិវឌ្ឍន៍​ប្រតិបត្តិការ​អេឡិចត្រូនិក។ លើស​ពី​នេះ​ចំនួន​លក់​នេះ​ស្មើ​នឹង​ ៤៤% នៃ​ការ​លក់​ទំនិញ​អនឡាញ​នៅ​ថៃ។ ចាប់​តាំង​ពី​នោះ​ធនាគារ​បាន​ទម្លាក់​កម្រៃ​សេវា​ផ្ទេរ​ប្រាក់ ធ្វើ​ឲ្យ​ទីផ្សារ​នេះ​កើន​ឡើង​រឹត​តែ​ខ្លាំង។

នៅ​អាស៊ី មាន​តែ​ឥណ្ឌូណេស៊ី​ប៉ុណ្ណោះ​ដែល​កំពុង​ប្រកួត​ប្រជែង​នឹង​ថៃ លើ​ការ​លក់​ទំនិញ​លើ​បណ្ដាញ​សង្គម។ នៅ​ឥណ្ឌូណេស៊ី​​​ការ​លក់​លើ​បណ្ដាញ​សង្គម​ស្មើ​នឹង ៤០% នៃ​ការ​​លក់​ទំនិញ​អនឡាញ ដែល​ស្មើ​ប្រមាណ ៣ ពាន់​លាន​ដុល្លារ។ ក្នុង​ប្រទេស​អាស៊ី​ផ្សេង​ទៀត​ការ​ទិញ​ទំនិញ​លើ​អនឡាញ​ដូច​ជា​​លើ Alibaba, Amazon និង Walmart នៅ​តែ​ទទួល​បាន​ការ​ពេញ​និយម​ដដែល​ ​ហើយ​ការ​​​លក់​លើ​បណ្ដាញ​សង្គម​កំពុង​រីក​នៅ​ប្រទេស​មួយ​ចំនួន៕

ចុចអាន៖

​​​​​​​​

ប្រភព៖ Chiangraitimes   ប្រែ​សម្រួល៖ សុខហេង