ហេតុផលធំ ២ ​ធ្វើ​ឲ្យ​ក្រុមហ៊ុនផលិតទូរសព្ទបច្ចុប្បន្នបោះបង់រន្ធកាស ៣.៥ ម.ម​

  • 2019-07-05 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយដល់បច្ចេកវិទ្យា​នាឆ្នាំ ២០១៨ ដែល​គេ​បំពាក់លើទូរសព្ទនេះ ពិតជា​មាន​ភាព​ទំនើប និង​ច្នៃ​ប្រឌិត​ច្រើន មិន​ថាតែ​លើ​ផ្នែក កាម៉េរា សំឡេង ឬ​ប្រព័ន្ធសុវត្ថិភាព​ឡើយ​ សុទ្ធ​តែ​ត្រូវ​បា​ន​អភិវឌ្ឍ​បន្ថែម​ឲ្យ​មាន​ភាព​កាន់​តែ​ទំនើប​ខ្លាំង​ឡើង​តប​ទៅ​នឹង​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់។ មិនត្រឹម​តែ​ប៉ុណ្ណោះ សូម្បីតែ​រូប​រាង​របស់​ទូរសព្ទ ក៏​ស្ដើង ហើយ​ខ្លះ​ទៀត​ក៏​កោង យ៉ាងទាក់​ទាញ​ផង​ដែរ។

យ៉ាងណាមិញ ដើម្បី​ឲ្យ​ទូរសព្ទ​មាន​ការ​រចនា​មក រាយ​ឡូយ​ ស្ដើង កោង​បែប​អនាគត បូក​រួម​នឹង​បច្ចេកវិទ្យា​កប់​ទៀត​នោះ រចនាបទ និង​បច្ចេក​វិទ្យា​ចាស់​ៗ​មួយ​ចំនួន​ត្រូវ​បាន​គេ​ចាប់​ផ្ដើមបោះ​បង់​ចោល​ហើយ ទោះ​បី​ជា​វានៅ​សំខាន់​យ៉ាង​ណា​ក៏​ដោយ។

តួ​យ៉ាង​ដូច​ជា រន្ធកាស ៣.៥ ម.ម អុីចឹង ដែល​ក្រុមហ៊ុនទូរសព្ទ​ភាគច្រើន​បោះ​បង់​ចោល​លើ​ទូរសព្ទ​ស៊េរីថ្មី​របស់​ខ្លួន ឧទាហរណ៍ Apple បាន​បោះ​បង់​រន្ធដោត​កាស ៣.៥ ម.ម តាំង​តែ​ពី​ iPhone 7 មក ហើយ Google Pixel 2 ដែល​ជា​ជំនាន់ក្រោយ​របស់ Google Pixel ក៏​បោះបង់​រន្ធ​កាស ៣.៥ ម.ម ដូច​គ្នា។

រន្ធ​កាស ៣.៥ ម.ម បាន​ចាប់​ផ្ដើម​ល្បី​ល្បាញ​ខ្លាំង​តាំង​តែ​ពី​ឆ្នាំ ១៩៧៩ មក​ម៉្លេះ​ ក្រោយ​ក្រុមហ៊ុន Sony សម្រេច​ចិត្ត​ប្រើ​រន្ធ​កាសនេះ​ លើ​ឧបករណ៍​ស្ដាប់​ចម្រៀង Walkman របស់​ខ្លួន។ រន្ធ​កាស ៣.៥ ម.ម មាន​រាង​ទ្រវែង ដែល​វា​អាចគាំទ្រ​ការ​បញ្ចេញ​សំឡេង​ខាង​ឆ្វេង ខាង​ស្ដាំ និង​ឧបករណ៍​ស្រូប​សំឡេង (MIC) តាម​គន្លាក់​របស់​វា​នី​មួយៗ។

យ៉ាង​ណា​មិញ នៅ​ពី​ក្រោយ​រឿង​នេះមាន​ហេតុ​ផលសំខាន់​ចំនួន ២ ដែល​តម្រូវ​ឲ្យ​ទូរសព្ទទំនើបស៊េរី​ចុង​ក្រោយ​ត្រូវ​បោះបង់​រន្ធកាស ដែល​ពេញ​និយមជាង​គេលើ​ពិភព​លោក​នេះ៖

១. កម្រាស់​ទូរសព្ទ

ដោយសារតែ​ទំនោរ​របស់​អ្នក​ប្រើប្រាស់​បច្ចុប្បន្ន ស្រឡាញ់​ទូរសព្ទ​ដែល​ស្ដើង ស្រាល​និង​រចនា​មក​ដោយ​ភាព​ទាក់​ទាញ ដូច​នេះ​ក្រុមហ៊ុន​ទូរសព្ទ​នា​ពេល​បច្ចុប្បន្ននេះប្រឹងប្រែង​រិះ​រក​វិធី ធ្វើ​យ៉ាងណា​ឲ្យ​​ការ​រចនា​ទូរសព្ទ​របស់​ខ្លួន​បាន​ស្ដើង​ជាង​មុន។ ដូចនេះ រន្ធ​កាស ៣.៥ ម.ម ជា​ឧបសគ្គ​មួយ ដែល​អាច​ដក​ចេញ​ពី​ទូរសព្ទ​បាន ការ​ដក​វាចេញ​អាច​បន្ថយ​កម្រាស់​ទូរសព្ទ​ពី ១​ ម.ម ទៅ ២ ម.ម ហើយ​អាច​ជំនួស​ដោយរន្ធ​កាស ប្រភេទ​ផ្សេង​ដែល​ស្ដើង​ជាង​ដូច​ជា USB-C ជា​ដើម។

រូបតំណាង

២. គុណភាព​នៃ​សំឡេង

រន្ធ​កាស ៣.៥ ម.ម ពេញ​និយមក​ជិត ៤០ ឆ្នាំ​ទៅហើយ ដោយ​បច្ចេកវិទ្យារបស់​វា​មិន​បាន​​អភិវឌ្ឍ​ឲ្យ​បាន​ប្រសើរ​ឡើង​ខ្លាំង​នោះ​ទេ។ ដោយ​ហេតុ​ថា​ ទូរសព្ទ​ស៊េរី​ថ្មី​មានបច្ចេកវិទ្យា ដែល​គាំ​ទ្រ​ការ​បញ្ចេញ​សំឡេង​កម្រិត​ខ្ពស់ ប្រភេទ HD ឬ Hi-Fi ជា​ដើម​នោះ រន្ធ​កាស ៣.៥ ម.ម មិន​អាច​គាំទ្រ​នូវ​បច្ចេកវិទ្យា​នេះ​បាន​ពេញ​លេញ​ទេ ដោយសារ​តែរន្ធ​ស៊េរី​ថ្មី ដូច​ជា Lightning​ របស់ Apple និង​ USB-C អាច​គាំ​ទ្រ​បច្ចេកវីទ្យា​នេះ​បាន​ពេញ​លេញ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ Lightning និង USB-C ក៏អាច​សាក​បញ្ចូល​ថ្ម​បាន និង​ផ្ទេរ​ទិន្នន័យ​បាន​ផង​ដែរ ធ្វើ​ឲ្យ​រន្ធ​កាស ៣.៥ ម.ម កាន់​តែ​អស់​តម្លៃ និង​ធ្វើ​ឲ្យ​ខាត​កន្លែង​ក្នុងទូរសព្ទ។

រន្ធ USB-C
រន្ធ Lightning

ចុចអាន៖

ប្រភព៖ Huffingtonpost   អត្ថបទ៖ ផាត សុវត្ថិ

អត្ថបទថ្មី