Google ព្រម​ដក​ខ្លួន​​ពី​គម្រោង​មហា​ប្រល័យ​ ក្រោយ​បុគ្គលិក​តវ៉ា​ច្រើន​ពេក

  • 2019-07-05 08:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នកស្រី Diane Greene ប្រធាន​ផ្នែក​សេវាកម្ម Cloud របស់ Alphabet នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​បាន​និយាយ​ថា ក្រុមហ៊ុន​មេ​របស់ Google នឹង​ដក​ខ្លួន​ចេញ​ពី​គម្រោង Maven របស់​មន្ទីរ​បញ្ចកោណនៅ​ពេល​ផុត​កុងត្រា​ដើម​ឆ្នាំ ២០១៩ ពោល​គឺ​មិន​បន្ត​កុង​ត្រា​ថ្មី​ទៀត​នោះ​ទេ។

មុន​ការ​ព្រមព្រៀង​ឈាន​ដល់​ការ​ចុះ​កុង​ត្រា​រយៈ​ពេល ១៨ ខែ​ កាល​ពី​ខែ​កញ្ញា​ឆ្នាំ ២០១៧ លោក​ស្រី Greene គឺ​ជា​អ្នក​ជួយ​ជ្រោមជ្រែង​​​ខ្លាំង​ ព្រោះ​វា​ជា​លើក​ដំបូង ដែល​ក្រុមហ៊ុន Google បាន​ហក់​ចូល​ក្នុង​ទីផ្សារ​ផ្ដល់​សេវាកម្ម Cloud ដល់​រដ្ឋាភិបាល ដែល​មាន​ក្រុមហ៊ុន Microsoft និង Amazon ប្រឡូក​ក្នុង​វិស័យ​នេះ​យូរ​មក​ហើយ។

លោក​ស្រី Diane Greene

បញ្ហា​កើត​ឡើង​តាំង​តែពី​ប៉ុន្មាន​ខែ​មុន​មក​ បន្ទាប់​ពី​មាន​បុគ្គលិក​ខ្លួន​ជាង ៤ ០០០ នាក់​បាន​ទាមទារ ឲ្យ Google ដក​ខ្លួន​ចេញ​ពី​គម្រោង​អភិវឌ្ឍ​ដ្រូន​ពិឃាដ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​មាន​បុគ្គលិក​រាប់​សិប​នាក់ បាន​សុំ​លា​ឈប់​ព្រោះ​ការ​ឆ្លើយ​តប​របស់​លោក Sundar Pichai ជា​ CEO របស់ Google នៅ​តែ​មាន​និន្នាការ​គាំ​ទ្រ​គម្រោង Maven មួយ​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គម្រោង Maven ជា​គម្រោង​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​មន្ទីរ​បញ្ចកោណ ដើម្បី​អភិវឌ្ឍ​ដ្រូន​ដោយ​ដាក់​បច្ចេកវិទ្យា​ ដែល​ដ្រូន​នោះ​អាច​វិភាគ​រូបភាព​បាន​ដោយ​ខ្លួន​ឯង។ នេះ​ធ្វើ​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន Alphabet ទាំង​អស់​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ព្រោះ​មន្ទីរ​បញ្ចកោណ​នឹង​ប្រើ​ប្រាស់​បច្ចេកវិទ្យា AI របស់ Google ទៅ​ក្នុង​គម្រោង​ការ​របស់​ក្រុម​យោធា​៕

ចុចអាន៖

ប្រភព៖ Bloomberg   អត្ថបទ៖ កៅ រក្សា