Bill Gates ៖ Steve Jobs ពូកែខាងប្រើ​សីល ធ្វើឲ្យ Apple រស់រានមានជីវិត

  • 2019-07-08 06:31:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Steve Jobs គឺ​​ជំនាញ​ខាង​ប្រើ​​សីល (ចង់​សំដៅ​លើ​ការ​ដឹកនាំ)​ ធ្វើ​ឲ្យ​បុគ្គលិក​របស់​ Apple មាន​អារម្មណ៍​ចង់​ធ្វើ​ការងារ​របស់​ខ្លួន និង​ធ្វើ​ការ​ច្រើន​ម៉ោង។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Bill Gates មហាសេដ្ឋី​ដែល​បាន​បង្កើត​ក្រុមហ៊ុន Microsoft។

​លោក Bill Gates បន្ត​និយាយ​ថា ៖ ”កាល​នោះ​ ខ្ញុំ​ដូច​ជា​អ្នក​ចេះ​អាគម​តូចតាច​ម្នាក់​ដែរ ព្រោះ​តែ​គាត់​អាច​ប្រើ​សីល ហើយ​ខ្ញុំ​ឃើញ​​គ្រប់​គ្នា​ត្រូវ​សីល​នេះ ប៉ុន្តែ​ដោយ​សារ​​ខ្ញុំ​ជា​អ្នក​ចេះ​អាគម​​ ដូច​នេះ​ខ្ញុំ​មិន​ត្រូវ​សីល​ឡើយ​”។

ត្បិត​ថា​មាន​ការ​ដឹក​នាំ​ខ្លាំង​មែន ប៉ុន្តែ​លោក Steve Jobs បាន​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​មហារីក​លំពែង​កាល​ពី​ឆ្នាំ ២០១១ ហើយ​វា​ជា​ឧទាហរណ៍​មួយ​​បង្ហាញ​ថា​កុំ​ឲ្យ​គ្រប់​គ្នា​​មាន​ការ​ដឹក​នាំ​ដូច​គាត់។ នេះ​ជា​ការ​បន្ថែម​របស់​លោក Bill Gates។

ក្នុង​បទ​សម្ភាសន៍​ជា​មួយ CNN នេះ មហាសេដ្ឋី​​ទីពីរ​ក្នុង​លោក បន្ត​ទៀត​ថា ៖ "ខ្ញុំ​នៅ​មិន​ទាន់​បាន​ជួប​មនុស្ស​ដែល​អាច​ ជ្រើស​រើស​អ្នក​មាន​ទេពកោសល្យ ហើយ​ជំរុញ​អ្នក​ដែល​មាន​ទេពកោសល្យ​នោះ បាន​ល្អ​ដូច​ជា​គាត់ (Steve Jobs) ​នៅ​ឡើយ​ទេ។ Jobs ជា​ករណី​កម្រ​មួយ ដោយ​ Apple បាន​ដើរ​លើ​គន្លង​ស្លាប់​ទៅ​ហើយ ប៉ុន្តែ​បែរ​ជា​អាច​ត្រឡប់​ក្លាយ​ជា​ក្រុមហ៊ុន​មាន​តម្លៃ​ជាង​គេ​ក្នុង​លោក​ទៅវិញ។ រឿង​រ៉ាវ​បែប​នេះ មិន​មាន​ច្រើន​នោះ​ទេ"។

​​ការ​ស្លាប់​របស់​លោក Steve Jobs បាន​ធ្វើ​ឲ្យ​លោក Tim Cook ឡើង​ធ្វើ​ជា​អ្នក​ដឹកនាំ​​រហូត​ទល់​បច្ចុប្បន្ន​នេះ។ ហើយ​នៅ​ថ្ងៃ​ទី ២៧ ខែ​មិថុនា ក្រុមហ៊ុន Apple បាន​ប្រកាស​ពី​ការ​លា​ឈប់​របស់​លោក Jony Ive ប្រធាន​ផ្នែក​ឌីហ្សាញ​របស់ Apple។ Ive ត្រូវ​បាន​ចាត់​ទុក​ថា​ជា​មនុស្ស​សំខាន់​ម្នាក់ ទទួល​រ៉ាប់រង​លើ​ផ្នែក​ឌីហ្សាញ​​ផលិតផល​សំខាន់ៗ រួម​មាន iPhone និង Mac។ លោក​បាន​ធ្វើ​ការ​នៅ Apple ជាង ២០ ឆ្នាំ​មក​ហើយ៕​

ចុចអាន៖

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង