ស្ងាត់ៗ​! ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ WBA​ ខ្មែរ-អាមេរិក​ មក​អរគុណ​អ្នកគាំទ្រ​ដល់​កម្ពុជា​

  • 2019-07-12 09:24:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ប្រដាល់​សកល​អាជីព​ខ្មែរ-អាមេរិក​ Eric Pieroun Pen​ ដែល​ទើប​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ WBA​ Asia នៅ​វៀតណាម​ កាល​ពី​ខែ​ឧសភា​ ២០១៩​ កន្លង​ទៅ​នេះ​បាន​មក​ដល់​កម្ពុជា​តាំង​ពី​ម្សិលមិញ​មក​ម្ល៉េះ។​

ខ្សែក្រវាត់ WBA Asia

Eric Pieroun Pen​ បាន​ឲ្យ​ដឹង​មុន​នេះ​ថា​ នេះ​ជា​លើក​ទី១​ហើយ​ ដែល​រូប​គេ​បាន​មក​ដល់​ទឹកដី​ឈាមជ័រ​របស់​ខ្លួន​ និង​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ ដោយបាន​ការ​ស្វាគមន៍ពី​ប្រជាជន​ខ្មែរ​នៅ​ទី​នេះ​ទៀត​ផង។​ ម្ចាស់​ខ្សែក្រវាត់​ WBA​ Asia​ រូប​នេះ​លើក​ឡើង​ទៀត​ថា​ ខ្លួន​ចង់​មក​លេង​កម្ពុជា​ជា​យូរ​ហើយ​ប៉ុន្តែ​មិន​មាន​ឱកាស​ទើប​តែ​លើក​នេះទេ​​បានមកលេង ប៉ុន្តែ​ក៏​មិន​បាន​យូរ​ ហើយអាច​ទៅ​ប្រាសាទ​អង្គរ​នោះឡើយព្រោះពេលខ្លី។​

កីឡាករ Eric Pieroun Pen​

អ្នក​ប្រដាល់​សកល​ខ្មែរ​-អាមេរិក​ខាង​លើ​នេះ​ បន្ថែម​ទៀត​ថា​ កាល​ពី​ជ័យជម្នះ​នៅ​ឯ​ប្រទេស​វៀតណាម​កន្លង​ទៅ​នេះ​ រូប​គេ​ក៏​ទទួល​ដំណឹង​ថា​ខាង​ប្រជាជន​កម្ពុជា​សប្បាយ​ចិត្ត​ និង​គាំទ្រ​ផង​ដែរ​ ប៉ុន្តែ​មិន​បាន​ដឹង​ថា​មាន​ការ​គាំទ្រ​ខ្លាំង​តាម​បណ្ដាញ​សង្គម​ ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិក​បែប​នេះ​ទេ។​

កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ​ ក៏​សូម​ថ្លែង​អំណរគុណ​ជា​ខ្លាំង​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់​ដែល​បាន​ជួយ​គាំទ្រ​សម្រាប់​ជ័យជម្នះ​កាល​នៅ​វៀតណាម​នេះ។​ លោក​ក៏​មាន​បំណង​ចង់​មក​ជួយ​ខាង​ផ្នែក​ប្រដាល់​សកល​កម្ពុជា​ដែរ​ បើ​មាន​​ការ​ផ្ដល់​ឱកាស​ណា​មួយ​នៅ​ពេល​បន្ទាប់​ពី​នេះ។​

កីឡាករ Eric Pieroun Pen​ និង​លោក ហ៊ុន ចាន់រាជ្យ

រំលឹក​ដែរ​ថា​ កីឡាករ​ប្រដាល់​សកល​អាជីព​ ខ្មែរ​-អាមេរិក​ Eric Pieroun Pen​ ជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ WBA​ Asia។​ កីឡាករ​រូប​នេះ​មក​លេង​កម្ពុជា​ ក៏​ដូច​ជា​មក​ក្លឹប​ប្រដាល់​ Cambodian Top Team​ នេះ​តាំង​ពី​ម្សិលមិញ​មក​ម្ល៉េះ​ ហើយ​នឹង​ត្រូវ​វិល​ត្រលប់​ទៅ​ក្លឹប​ប្រដាល់​របស់​ខ្លួន​នៅ​ឯ​វៀតណាម​វិញ​នៅ​ថ្ងៃ​ស្អែក៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​