សួន​មេអំបៅ​ធំ​មួយ​​​នៅ​សៀមរាប​ កំពុង​ទាក់ទាញ​​​ភ្ញៀវ​ទេសចរ​​ទស្សនា​​

  • 2019-07-16 08:41:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួន​មេអំបៅ​ធំ​មួយ​ទំហំ​ប្រមាណ ១ ​ហិច​តា​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បាន​នឹង​​កំពុង​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​ ខណៈ​សួន​នេះ​បាន​បើក​ដំណើរ​​ការ​៧ ខែ​​មក​ហើយ។​

លោក ​ធីម ម៉ាដុកស៍ ជា​ជន​ជាតិ​អូស្ត្រាលី​ និងជា​ប្រធានគ្រប់គ្រងសួនបាត់ថឺផ្លាយ ភែរើដាយ ដែលស្ថិតនៅក្រោមអង្គការមូលនិធិ សេវេនដេយ អាត់វេនទីស្ទ កម្ពុជា (SDAFC)​ បាន​ឱ្យ​​ដឹង​ថា ​សួន​មេអំបៅ​នេះ​ទើប​តែ​ដំណើរ​ការ​បាន​ប្រមាណ​៧​ខែ​​ នៅ​លើ​ផ្ទៃ​ដី​ទំហំ​​ប្រមាណ​១​ហិច​តា ​និង​មាន​មេអំបៅ​ជា​ច្រើន​ពាន់​ក្បាល​ ​ក្នុង​ចំណោម​១៨​ប្រភេទ​ ​។ ​សត្វ​មេអំបៅ​ទាំង​នោះ មាន​កំណើត​នៅ​ក្នុង​ប្រទេស​កម្ពុជា ​មាន​ដូច​ជា​នៅ​តំបន់​ភ្នំ​គូលេន ​និង​ក្នុង​ក្រុង​សៀមរាប​។​

លោក​បន្ត​ថា ​បច្ចុប្បន្ន​សួន​មេអំបៅ​ភែ​រើ​ដាយ ​ឬ​”​សួន​បាត់​ថឺ​ផ្លាយ ​ភែ​រើ​ដាយ​” នេះ ​កំពុង​មាន​ប្រជា​ប្រិយភាព ​និង​ទាក់​ទាញ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​ទៅ​ទស្សនា​ទី​នោះ​ជា​រៀង​រាល់​ថ្ងៃ​។​ សួន​នេះ​ បើក​ឱ្យ​ចូល​ទស្សនា​ពី​ថ្ងៃ​ អាទិត្យ​ ដល់​ថ្ងៃ​សុក្រ​។​ លោក​ថា​​ ការ​បើក​សួន​មេអំបៅ​នេះ​គឺ​ដើម្បី​រក​ចំណូល​ជួយ​កុមារ​កម្ពុជា​កំព្រា​គ្មាន​ទីពឹង​ ​និង​ផ្ទុកមេរោគអេស៍​។ សួន​មេអំបៅ​នេះ​ មាន​មេអំបៅ​ជា​ច្រើន​ពាន់​ក្បាល​ ដែល​កំពុង​រង់​ចាំ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ ​និង​​អន្តរជាតិ​។

អ្នកស្រី ការី នាថ ជា​អ្នក​គ្រប់​គ្រង​ទូទៅ​បាន​ឱ្យ​ដឹង​ដែរ​ថា ​សួន​មេអំបៅ​នេះ ​មិន​ត្រឹម​តែ​មាន​សត្វ​មេអំបៅ​ប៉ុណ្ណោះ​ទេ ​គឺ​មាន​ទាំង​សត្វ​ជា​ច្រើន​ប្រភេទ​រស់​នៅ​ក្នុង​សួន​នោះ​ផង​ដែរ​សម្រាប់​ឱ្យ​ភ្ញៀវ​ទស្សនា​ក្នុង​នោះ​មាន​ដូច​ជា​ ពស់​ថ្លាន់​ អណ្ដើក សត្វ​ស្លាប​ ​ទន្សាយ ​និង​មាន​ទឹក​ធ្លាក់​ពី​ជ្រោះ​ផង​ដែរ​។​ បាត់​ថឺ​ផ្លាយ​ភែ​រើ​ដាយ​ ក៏​មាន​ដើម​ផ្កា​ជា​ច្រើន​ប្រភេទ​ដ៏​វិសេស​វិសាល ​សម្រាប់​ទស្សនា ​និង​កន្លែង​កម្សាន្ត​​បន្ធូរ​អារម្មណ៍​ផង​ដែរ​។

លោក ​ធីម ម៉ាដុកស៍ ​ប្រធានគ្រប់គ្រងសួនបាត់ថឺផ្លាយ ភែរើដាយ ដែលស្ថិតនៅក្រោមអង្គការមូលនិធិ សេវេនដេយ អាត់វេនទីស្ទ កម្ពុជា (SDAFC) ​បាន​មក​រស់​នៅ​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩២ ​ដែល​មក​ដល់​ពេល​នេះ​មាន​រយៈ ​ពេល​ប្រមាណ​២០​ឆ្នាំ​មក​ហើយ​។​ ការ​រស់​នៅ​ក្នុង​ស្រុក​ខ្មែរ​របស់​លោក​នេះ​ ដោយ​សារ​តែ​លោក​ស្រលាញ់​ប្រជាជន​ និង​ប្រទេស​កម្ពុជា​ ខណៈ​ដែល​លោក​រស់​នៅ​កម្ពុជា​លោក​បាន​ជួយ​ប្រជា​កសិករ​នៅ​តាម​ជន​បទ​និង​បាន​បើក​អង្គការ​ជួយ​កុមារ​ក្រីក្រ​ និង​កុមារ​កំព្រា​ជា​បន្ត​បន្ទាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ​។​ ដូច្នេះ​ក្រៅ​ពី ​ការ​ទស្សនា​ប្រាសាទ​បុរាណ ​ភ្ញៀវ​ទេសចរ​ក៏​អាច​ទស្សនា​ សួន​មេអំបៅ​បែប​ធម្មជាតិ​ ​នៅ​លើ​ទឹក​ដី​តំបន់​អង្គរ​ខេត្ត​សៀមរាប​ ស្ថិត​នៅ​ភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕​

អត្ថបទ៖ សុផល

អត្ថបទពេញនិយម