គួរឲ្យរន្ធត់! រលំអគារនៅឥណ្ឌាសម្លាប់យ៉ាងហោច ១០នាក់ ខណៈច្រើននាក់កំពុងបាត់ខ្លួន

  • 2019-07-17 02:51:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ១០​នាក់ ត្រូវ​បាន​ស្លាប់​និង​ច្រើន​នាក់​ផ្សេង​ទៀត​កប់​ជាប់​ក្រោម​គំនរ​អគារ​ក្រោយ​ពេល​ដែល​អគារ​មួយ​នៅ​ក្នុង​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា​ដួល​រលំ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​។

យោង​តាម​អ្នក​នាំ​ពាក្យ​នៃ​ភ្នាក់​ងារ​គ្រប់គ្រងគ្រោះមហន្ដរាយ​ឥណ្ឌា​ឲ្យ​ដឹង​ថា សាកសព​មនុស្ស​ចំនួន ១០​នាក់ ត្រូវ​បាន​យក​ចេញ​ពី​កន្លែង​កើត​ហេតុ​ខណៈ​ពេល​ដែល​ច្រើន​នាក់​ទៀត​កំពុង​កប់​ជាប់​ក្រោម​កម្ទេច​ថ្ម។ ហេតុការណ៍​នេះ បាន​កើត​ឡើង​ក្រោយ​ពេល​ដែល​មាន​ភ្លៀង​មូសុង​ធ្លាក់​ខ្លាំង​បណ្ដាល​ឲ្យ​ទឹក​ជំនន់​បោកបក់​ផ្ទះ​សម្បែង និង​បាក់ដី​នៅ​តំបន់​ជា​ច្រើន​ទូទាំង​អាស៊ី​ខាង​ត្បូង។ របាយការណ៍​ជា​ច្រើន​ឲ្យ​ដឹង​ថា អគារ​នេះ​មាន​អាយុ​កាល​ជាង ១០០​ឆ្នាំ​ហើយ ដោយ​មាន​គ្រួសារ​ចំនួន ១៥​កំពុង​រស់​នៅ។ ក្រុម​គ្រួសារ​ទាំង​នេះ ធ្លាប់​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​បោះបង់​កន្លែង​នេះ​ទៅ​រស់​នៅ​កន្លែង​ថ្មី​ដែរ​ប៉ុន្តែ​ពួកគេ​នៅ​តែ​បន្ដ​រស់​នៅ។

ក្រោយ​ពេល​កើត​ហេតុ មនុស្ស ១០​នាក់​ត្រូវ​បាន​ប្រកាស​ថា​ស្លាប់​ដោយ​រួម​មាន​ក្មេង​ចំនួន ៣​នាក់ ខណៈ​ពេល​ដែល ៨​នាក់​ផ្សេង​ទៀត​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ចំណែក​ឯ​អ្នក​ជាប់​ក្រោម​គំនរ​ថ្ម​ជាង ១០​នាក់​ទៀត កំពុង​ត្រូវ​គេ​ជួយ​រុករក​ដើម្បី​សង្គ្រោះ៕

ប្រភព៖ Aljazeera   ប្រែ​សម្រួល៖ រ័ត្ន