Apple បង្កើតក្រុមពិសេសមួយ ក្រោយធ្លាយដំណឹងពី iPhone ចេញឆ្នាំ ២០១៣
- 2019-07-22 02:34:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple បង្កើតក្រុមពិសេសមួយ ក្រោយធ្លាយដំណឹងពី iPhone ចេញឆ្នាំ ២០១៣
ចន្លោះមិនឃើញ
ក្នុងពិភពបច្ចេកវិទ្យាមានពោរពេញដោយព័ត៌មានលេចធ្លាយ ជាពិសេសអំពីផលិតផលថ្មីៗដែលរៀបនឹងប្រកាសចេញ។ យ៉ាងណាក្ដីក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយមកនេះ Apple ខិតខំយ៉ាងសស្រាក់សស្រាំដើម្បីទប់ស្កាត់ការលេចធ្លាយព័ត៌មាន។
សារព័ត៌មាន The Information បានចុះផ្សាយឲ្យដឹងថា ក្រោយពីមានការលេចធ្លាយព័ត៌មានសំខាន់ៗជាច្រើនអំពី iPhone 5C ក្រុមហ៊ុន Apple បានបង្កើតក្រុមការពារព័ត៌មានផ្ទៃក្នុងមួយដែលមានឈ្មោះថា New Product Security (NPS)។ ក្រុមនេះទទួលខុសត្រូវលើការពិនិត្យមើលសកម្មភាពរបស់ដៃគូផ្គត់ផ្គង់ និងដៃគូដំឡើងនៅប្រទេសចិន ដើម្បីកាត់បន្ថយករណីទម្លាយព័ត៌មានពីផលិតផលថ្មីៗដោយបុគ្គលិកនៃក្រុមហ៊ុនដៃគូទាំងនោះ។
ព័ត៌មានលេចធ្លាយអំពី iPhone 5C ត្រូវបានបង្ហាញចេញ នៅពេលដែលបុគ្គលិករបស់ Jabil ដែលជាដៃគូផ្គត់ផ្គង់មួយរបស់ Apple អាចលួចយកសម្បក iPhone 5C ដែលមានចម្រុះពណ៌ដោយស្ងាត់ៗ រួចហើយថតរូបភាពនៃសម្បកនោះ បង្ហោះលើអ៊ីនធឺណិត។ ពេលនោះមហាជនដឹងមុនថា iPhone 5C មានពណ៌ចម្រុះ និងមានតួខ្លួនធ្វើអំពីប្លាស្ទិក។
The Information បានឲ្យដឹងថាដែរថា មានបុគ្គលិកម្នាក់របស់ Jabil បានជីកច្រកឆ្លងកាត់ក្រោមដីដើម្បីនាំយកគ្រឿងបន្លាស់ iPhone 5C ចេញក្រៅ ប៉ុន្តែផែនការមួយនេះត្រូវបរាជ័យ។ ជាមួយបុគ្គលិក Jabil ដដែលនេះ មានបុគ្គលិក ២ នាក់ បានលួចយក iPhone 6s បាន ១៦០ គ្រឿង ដោយអាចឆ្លងផុតពីការត្រួតពិនិត្យនៃប្រព័ន្ធការពារ។ ក្រោយមកពួកគេបានលក់ iPhone ដែលលួចបាននៅទីផ្សារងងឹត ប៉ុន្តែ Apple ដឹងពីហេតុការណ៍នេះ និងបានទិញយកមកវិញនូវ iPhone ដែលបានលួចទៅទាំងអស់។
ជាធម្មតា Apple មិនសហការជាមួយសមត្ថកិច្ច ដើម្បីដោះស្រាយលើករណីទាំងនេះឡើយ។ នេះក៏ព្រោះតែ អាចឲ្យសារព័ត៌មានដឹង ហើយផលិតផលដែលមិនទាន់ប្រកាសចេញ ត្រូវបានបង្ហាញរូបរាងឡើង។
ទោះបីជាបានបង្កើតក្រុម NPS មែន ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថាក្រុមមួយនេះមិនសូវមានប្រសិទ្ធភាពប៉ុន្មានឡើយ។ ជាក់ស្ដែងដំណឹងអំពី iPhone ចេញឆ្នាំ ២០១៩ នេះ នៅបន្តលេចធ្លាយដដែល។ ត្បិតមិនទាន់ប្រកាសចេញប៉ុន្តែរចនាបថរបស់ iPhone ដែលស្នងតំណែង iPhone XS និង XR ត្រូវគេដឹងខ្លះៗហើយ៕
ចុចអាន៖