Wenger ៖ ពី​អ្នកសេដ្ឋកិច្ច ក្លាយ​ជា​គ្រូ​បាល់ទាត់​ ចេះ​ចាយ​លុយ​ក្លឹប​ដ៏​មាន​ប្រសិទ្ធភាព

  • 2019-08-04 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsene Wenger​ ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​សេដ្ឋកិច្ច តែ​ចាប់​អាជីព​បាល់ទាត់។​ Wenger​ កើត​នៅ Duttlenheim ដែល​ជា​ភូមិ​តូច​មួយ​នៅ​ក្រុង Strasbourg ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​បារាំង។

ពី​​អនុបណ្ឌិត​សេដ្ឋកិច្ច ក្លាយ​ជា​ខ្សែ​ការពារ​លេង​នៅ​លីគ​កំពូល​របស់​បារាំង​​

លោក​​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​វិស្វកម្ម និង បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​នៅ​ឆ្នាំ ១៩៧១ ត្រឹម​អាយុ​២២​ឆ្នាំ ហើយ​អំឡុង​ពេល​កំពុង​រៀន​ថ្នាក់​អនុបណ្ឌិត​បណ្ដើរ លោក​លេង​បាល់​ឲ្យ​ក្លឹប Mutzig បណ្ដើរ។ ទីបំផុត Wenger បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​អាជីព​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ១៩៧៨ ជា​ខ្សែ​ការពារ​ លេង​ឲ្យ​ក្រុម Strasbourg នៅ​លីគ​កំពូល​របស់​បារាំង។

Wenger មិន​បាន​ចំណាយ​ពេល​យូរ​ដើម្បី​សម្រប​ខ្លួន​ក្នុង​ជីវិត​បាល់ទាត់​អង់គ្លេស​ឡើយ។ ក្រោយ​ដឹកនាំ Arsenal បាន​១​ឆ្នាំ លោក​បាន​ដឹកនាំ​ក្រុម​ឱ្យ​ឈ្នះ​ពាន​រង្វាន់ Premier League ជា​លើក​ដំបូង​នៅ​ក្នុង​រដូវ​កាល ១៩៩៧/៩៨ និង​បាន​បង្កើត​ប្រវត្តិសាស្ត្រ​​ឲ្យ​ក្លឹប​​​លើក​ពាន​មាស Premier League ដោយ​មិន​ដែល​ស្គាល់​ពាក្យ​ចាញ់​សោះ​​ពេញ​១​រដូវ​កាល ២០០៣/០៤។

Wenger ជំនាញ​​ក្នុង​ការ​ទិញ​យុវជន​​ថោកៗ និង លក់​វិញ​បាន​ថ្លៃ​ខ្ពស់

គ្រូ​បង្វឹក​ដែល​មាន​ខួរ​ក្បាល​បែប​សេដ្ឋកិច្ច ថែម​ពី​លើ​យុទ្ធសាស្ត្រ​ដ៏​ប៉ិនប្រសប់​លើ​ទីលាន Wenger មាន​ចំណុច​ពិសេស​មួយ​ទៀត គឺ​យុទ្ធសាស្ត្រ​បែប​សេដ្ឋកិច្ច។ Wenger ល្បី​ខាង​ពូកែ​បណ្ដុះ​យុវជន ឬ​ទិញ​កីឡាករ​ចូល​មក​ធូរ​ៗ​ថ្លៃ តែ​បញ្ចេញ​ទៅ​វិញ​តម្លៃ​ហក់​ឡើង​​កប់​ពពក។

ឧទាហរណ៍​ជាក់​ស្តែង Nicolas Anelka ដែល Wenger បាន​នាំ​យក​មក​ពីក្លឹប Paris St Germain ជាមួយ​តម្លៃ​ត្រឹមតែ ៥០ ម៉ឺន​ផោន (ប្រហែល ៧០ ម៉ឺន​ដុល្លារ)។ ២​ឆ្នាំ​ក្រោយ​មក គ្រូ​បង្វឹក​មាន​សញ្ញាប័ត្រ​អនុបណ្ឌិត​សេដ្ឋកិច្ច​មួយ​នេះ បាន​លក់​ Anelka ទៅ​ឲ្យ​ Real Madrid ក្នុង​តម្លៃ ជាង ៣១ លាន​ដុល្លារ កាល​ពី​ឆ្នាំ​ ២០០០ ហើយ​វា​គឺ​ជា​តម្លៃ​ខ្ពស់​បំផុត​មួយ​ក្នុង​ជំនាន់​នោះ។

របាយការណ៍​មួយ​ទៀត​របស់ Transfermarket ស្តី​ពី​ការ​ចំណាយ​​​​សម្រាប់​ទីផ្សារ​ដោះដូរ​កីឡាករ​របស់​ក្លឹប​នៅ​អង់គ្លេស​​​​រយៈ​ពេល​២០​ឆ្នាំ​ចុងក្រោយ​​ដោយ​​គិត​ចាប់​ពី​ឆ្នាំ ១៩៩៧ ដល់ ២០១៦ បាន​បង្ហាញ​ថា Wenger មិន​ដែល​ចាយ​​លើស​ពី ២០០ លាន​ផោន​ក្នុង​​១​ឆ្នាំ​ឡើយ ខណៈ​ដែល​គូ​ប្រជែង​របស់​ខ្លួន ដូច​ជា Man City, Chelsea, Man Utd, Liverpool និង Tottenham ជា​ដើម អ្នក​ខ្លះ​ហ៊ាន​ចាយ​​លុយ​ទិញ​កីឡាករ​ថ្លៃ​ៗ​​ក្នុង​១​ឆ្នាំ​ៗ​ដល់​ទៅ​ប្រមាណ ៨០០ លាន​ផោន (ប្រហែល ១ ១២២ លាន​ដុល្លារ)។

អាច​ថា នេះ​ក៏​ជា​មូលហេតុ​មួយ​ដែល Wenger អាច​នៅ Arsenal ជាង​២​ទសវត្ស ព្រោះ​ថា មិន​ងាយ​ឡើយ​ដែល​ក្លឹប​ទទួល​បាន​គ្រូ​បង្វឹក​​ដ៏​ល្អ​ដូច​​លោក ដែល​ពូកែ​ទាំង​យុទ្ធសាស្ត្រ​លើ​សមរភូមិ​វាល​ស្មៅ ទាំង​​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ សម្រាប់​ជួយ​អភិវឌ្ឍ​ក្លឹប។

ប៉ុន្តែ ការ​ចាញ់​ផ្ទួនៗ ស្រប​ពេល​ដែល​ក្រុម​អ្នក​គាំទ្រ​​បាន​លើក​បដា "Wenger Out” ទំនង​ជា​មូលហេតុ​ចម្បង​ដែល​បង្ខំ​ឲ្យ​ម្ចាស់​ក្លឹប​ និង ​គ្រូ​បង្វឹក​ចាស់​វស្សា​ត្រូវ​តែ​ទទួល​យក​ទោះ​ចង់ ឬ​មិន​ចង់​ក៏​ដោយ។

បច្ចុប្បន្ន អតីត​គ្រូ​បង្វឹក​វ័យ​៦៩​ឆ្នាំ​របស់ Arsenal មិន​ទាន់​​​វិល​ត្រលប់​ទៅ​ធ្វើ​ជា​គ្រូ​បង្វឹក​វិញ​នៅ​ឡើយ ប៉ុន្តែ​គេ​ឃើញ Wenger និង​លោក Jose Mourinho ធ្វើ​ជា​អ្នកវិភាគ​ឲ្យ​ទូរទស្សន៍​កីឡា beIN Sports៕

ប្រភព៖ The Economist   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម