មនុស្ស​តម្រង់​ជួរ​ចាំ​ទិញ​ស្មាតហ្វូន Huawei ​ព្រោងព្រាត ទោះ Google កំពុង​ធ្វើ​ទុក្ខ​ទោម្នេញ

  • 2019-10-01 04:03:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេរ៊ី Mate 20 កាល​ពី​ឆ្នាំ​ទៅ​ក្រុមហ៊ុន Huawei លក់​ចេញ​បាន ២០ លាន​គ្រឿង ប៉ុន្តែ​សម្រាប់​សេរ៊ី Mate 30 ឆ្នាំ​នេះ ត្បិត​មិន​ទទួល​បាន​អាជ្ញាប័ណ្ណ​ផ្លូវការ​ពី Google តែ​ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន​បាន​កំណត់​គោលដៅ​លក់​ចេញ​ដល់​ទៅ ៣០ លាន​គ្រឿង។

នា​ថ្ងៃ​ទី ២៨ ​កញ្ញា​កន្លង​ទៅ Huawei ​បាន​បើក​លក់​ស្មាតហ្វូន Mate 30 ជា​ផ្លូវការ ដោយ​នៅ​ហាង​លក់​ក្នុង​ទីក្រុង Shenzhen ​ប្រទេស​ចិន គេ​ឃើញ​មាន​មនុស្ស​ខ្ទង់​ពាន់​នាក់​តម្រង់​ជួរ​ទិញ​ព្រោងព្រាត ដែល​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ជោគជ័យ​របស់ Huawei ក្នុង​ទឹកដី​កំណើត​នៅ​តែ​បន្ត​កើត​មាន។

តាម​ការ​បង្ហើប​ពី​នាយក​ជាន់​ខ្ពស់​លោក Richard Yu បាន​ឲ្យ​ដឹង​ថា​ត្រឹម​រយៈ ពេល ៣ ម៉ោង​ដំបូង​មាន​ការ​បញ្ជា​ទិញ​នៅ​លើ Online ដល់​ទៅ ១ លាន​គ្រឿង ខណៈ​មាន​ជិត ១ សែន​គ្រឿង​បាន​លក់​ដាច់​តាម​បណ្តា​ហាង​នានា ក្រោយ​ការ​បើក​លក់​ផ្លូវការ​ត្រឹម ១ នាទី។

ឆ្លើយតប​នឹង​ភាព​អវិជ្ជមាន បើ​តាម​អ្នក​ជំនាញ​បាន​ព្យាករណ៍​ថា​ការ​លក់​ចេញ​ស្មាតហ្វូន Huawei ដែល​គ្មាន​អាជ្ញាប័ណ្ណ​ផ្លូវការ​ពី Google បែប​នេះ អាច​ប្រឈម​ការ​លំបាក​តែ​ក្នុង​ទីផ្សារ​អន្តរជាតិ​ប៉ុណ្ណោះ ​ព្រោះ​អតិថិជន​បាក់​ចិត្ត​តែ​លើ​ជម្រើស​ពីរ​រវាង​ប្រព័ន្ធ iOS និង Android។ សព្វថ្ងៃ​ការ​នាំ​ចេញ​ប្រមាណ ៥០ ភាគរយ​របស់ Huawei កំពុង​ចរាចរ​នៅ​លើ​ទីផ្សារ​ក្រៅ​ស្រុក ខណៈ​ពាក់​កណ្តាល​សេសសល់​បំពេញ​តម្រូវការ​អតិថិជន​ក្នុង​ប្រទេស​ចិន៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា