ការសាកល្បងធ្វើការ ៤ថ្ងៃ/សប្ដាហ៍របស់ Microsoft បានលទ្ធផលល្អខ្លាំង

  • 2019-11-05 02:05:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការិយាល័យ​​ក្រុមហ៊ុន Microsoft ក្នុង​ប្រទេស​ជប៉ុន បាន​សាក​ល្បង​កម្មវិធី​មួយ​ឈ្មោះ​ថា "Work Life Choice Challenge Program” ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ខែ​សីហា។ កម្មវិធី​នេះ​គឺ​ក្រុមហ៊ុន​​ត្រូវ​បើក​ដំណើរ​ការ​តែ ៤ ថ្ងៃ​ប៉ុណ្ណោះ ដោយ​បុគ្គលិក​អាច​ឈប់​បាន​រហូត​ដល់ ៣ ថ្ងៃ។

នៅ​ត្រឹម​ចុង​ខែ​សីហា ក្រុមហ៊ុន​រក​ឃើញ​ថា​កម្លាំង​ពលកម្ម​មាន​​ប្រសិទ្ធភាព​ជាង​មុន ដោយ​គេ​គិត​គូរ​ឃើញ​ថា​ចំណូល​ដែល​បុគ្គលិក​ម្នាក់ៗ​រក​បាន​ជា​មធ្យម មាន​ការ​កើន​ឡើង ៣៩,៩% បើ​ធៀប​នឹង​ខែ​សីហា ឆ្នាំ ២០១៨។ នេះ​ក៏​ដោយ​សារ​ការ​ប្រជុំ​​​ពី​ចម្ងាយ (Remote Meeting) និង​ការ​កាត់​បន្ថយ​រយៈពេល​នៃ​​ប្រជុំ។

ក្រៅ​ពី​នេះ​តួ​លេខ​បុគ្គលិក​ដែល​លា​ឈប់​ពី​ការ​ងារ​ក្នុង​ខែ​សីហា មាន​ ២៥,៤% ទាប​ជាង​ឆ្នាំ​មុន ហើយ​​ទំហំ​នៃ​ថាមពល​អគ្គិសនី​ដែល​ប្រើ​ប្រាស់​មាន​ការ​ថយ​ចុះ ២៣,១% និង​ចំនួន​ឯកសារ​ដែល​បោះ​ពុម្ភ​ថយ​ចុះ ៥៨,៧%។ កម្មវិធី​នេះ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ​វិជ្ជមាន​ពី​បុគ្គលិក ដោយ​មាន​ ៩២,១% និយាយ​ថា​ចូល​ចិត្ត​នឹង​ការ​ធ្វើ​ការ ៤ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។

Microsoft Japan និយាយ​ថា​ គ្រោង​នឹង​ដាក់​កម្មវិធី​ឲ្យ​ប្រើ​ប្រាស់​ម្ដង​ទៀត​នៅ​ក្នុង​រដូវ​ត្រជាក់​ខាង​មុខ (អំឡុង​ខែ​ធ្នូ ដល់​ខែ​កុម្ភៈ) ដើម្បី​បង្កើត​នូវ​បរិយាកាស​ការងារ​ដែល​បត់​បែន​ជាង​មុន។ ក្នុង​ឆ្នាំ ២០១៨ ក្រុមហ៊ុន​មួយ​របស់​នូវែលហ្សេឡង់​ក៏​បាន​សាក​ល្បង​កម្មវិធី​ធ្វើ​ការ ៤ ថ្ងៃ​នេះ រយៈពេល ២ ខែ ហើយ​ទទួល​បាន​ការ​ឆ្លើយ​តប​វិជ្ជមាន​ពី​បុគ្គលិក ដែល​វា​ធ្វើ​ឲ្យ​មាន​ភាព​ស្មើ​គ្នា​រវាង​ការងារ និង​​ជីវិត​ផ្ទាល់​ខ្លួន៕

ចុចអាន ៖​ ការរកលុយដោយមិនពឹងលើ Ads របស់ Google កាន់តែល្អទៅហើយ

​​​​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង