ចិនប្រាប់ហាងអ៊ីនធឺណិតកាហ្វេទាំងអស់ ហាមសិស្សសាលាចូលលេងហ្គេមក្រៅពីថ្ងៃឈប់សម្រាក

  • 2019-11-23 02:24:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ចិន កំពុង​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ក្មេង​ៗ​ញៀន​ហ្គេម​អនឡាញ ដោយ​ប្រាប់​ហាង​អ៊ីនធឺណិត​កាហ្វេ​ទាំង​អស់ មិនត្រូវ​អនុញ្ញាត​ឲ្យ​សិស្ស​ចូល​លេង​ក្រៅ​​ពី​ថ្ងៃ​ឈប់​សម្រាក​នោះ​ទេ។

យោង​តាម​ក្រសួង​វប្បធម៌ និង​ទេសចរ ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៏​មួយ​កាល​ពី​ថ្ងៃពុធ​ថា ចាប់​ពី​ខែ​មករា​ឆ្នាំ ២០២០​តទៅ អាជីវកម្ម​កម្សាន្ដ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ក្មេង​ក្រោម​អាយុ​ចូល​លេង​នោះ​ទេ។ សេចក្ដី​ថ្លែងការណ៍​ឲ្យ​ដឹង​ទៀត​ថា "ជំហាន​នេះ នឹង​លើក​កម្ពស់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ដោយ​ស្ថេរភាព និង​បំពេញ​តំរូវ​ការ​របស់​ប្រជាជន​ដែល​កំពុង​កើន​ឡើង​ដើម្បី​ជីវិត​ប្រសើរ​ឡើង។" ចំណែក​ឯ​អ្នក​ប្រឹក្សា​យោបល់​ជាន់​ខ្ពស់​ផ្នែក​ច្បាប់​ក្នុង​ទីក្រុង​ប៉េកាំង​លោក Sun Lei ឲ្យ​ដឹង​ថា ការ​ហាម​ប្រាម ត្រូវ​បាន​ចូល​ជា​ធរមាន​រួច​ហើយ ប៉ុន្តែ​ការ​អនុវត្ត​មិន​សូវ​មាន​នោះ​ទេ ប៉ុន្តែ​លើក​នេះ​រដ្ឋាភិបាល នឹង​អនុវត្ដ​ដោយ​ហ្មត់ចត់​បំផុត។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​សម្គាល់​ឃើញ​ថា​មាន​ការ​កើន​ឡើង​ខ្លាំង​នៃ​អ្នក​ញៀន​ហ្គេម​ក្រោម​អាយុ ១៨​ឆ្នាំ។ កាល​ពី​ដើម​ខែ​វិច្ឆិកា​កន្លង​ទៅ រដ្ឋាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ហាម​អ្នក​លេង​ក្រោម​អាយុ ១៨​ឆ្នាំ លេង​ហ្គេម​ពី​ម៉ោង ១០យប់ ដល់​៨​ព្រឹក។ ក្នុង​អំឡុង​ពេល​ថ្ងៃ​ធ្វើ​ការ អនុញ្ញាត​ឲ្យ​លេង​ត្រឹម ៩០​នាទី​ប៉ុណ្ណោះ និង​៣​ម៉ោង​សម្រាប់​ថ្ងៃ​ចុង​សប្ដាហ៍ និង​ឈប់​សម្រាក៕

ប្រភព៖ Chinadaily   ប្រែ​សម្រួល៖ រ័ត្ន