បើអាច! ដាច់ខាត​កុំ​និយាយ​ពាក្យ​ទាំង​នេះ​ ដាក់​ហ្វេនៗរបស់​ K-Pop ឲ្យសោះ

  • 2019-12-24 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

K-Pop ពិត​ជា​មាន​ឥទ្ធិពល​នៅ​លើ​សាកលលោក វិស័យ​នេះ​កាន់​តែ​រីក​ស្គុះស្គាយខ្លាំង​ និង​នាំ​ចិត្ត​យុវវ័យ​ឲ្យ​រាំច្រៀង​តាម និង​គាំទ្រ​ជា​បន្តបន្ទាប់។ ជាក់ស្ដែង​ទម្លាប់​អ្នក​ដែល​ចូល​ចិត្ត​ K-Pop អាច​នឹង​ស្រដៀង​គ្នា​ភាគ​ច្រើន​ និង​ឆាប់​យល់ពីគ្នា ស្របពេល​ដែល​អ្នក​ដែល​មិន​មែន​ជា​អ្នក​គាំទ្រ​ K-Pop មិន​យល់ និង​មិន​ខ្វល់​ឡើយ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ បើអាច​ ដាច់ខាត​សូម​កុំ​និយាយ​ពាក្យ​ទាំង​នេះ​ចំពោះ​ហ្វេន​ K-Pop ឲ្យ​សោះ៖

១. មិនគួរសួរថា៖ «ហេតុអ្វី​អ្នក​ស្ដាប់​បទ K-Pop ទាំង​មិនចេះ​ភាសា​កូរ៉េមួយ​ម៉ាត់ផង?»

មនុស្ស​ភាគ​ច្រើន​ពិត​ជា​មិន​យល់​សោះ​ ថា​តើ​អ្នក​ដែល​មិន​ចេះ​ភាសាកូរ៉េអាច​រីករាយ​នឹង​បទ​ K-Pop ដោយរបៀបណា? ប៉ុន្តែ​ចំណុច​នេះ​មាន​តែ​អ្នក​ចូលចិត្ត​ទេ​ដែល​អាច​យល់​បាន​ ព្រោះ​គេ​ជឿជាក់​ថា​ តន្ត្រី​គឺជា​ភាសាសាកល​ មានន័យ​ថា​ទោះ​បី​មិនចេះ​ភាសា​របស់​គេ​ ក៏​នៅ​តែ​អាច​យល់​ខ្លះៗ​បាន។

២. មិនគួរនិយាយថា៖ «តារាប្រុស​ម្នាក់​នោះដូចស្រី" / "តារា​ស្រី​ម្នាក់​នោះដូច​ប្រុស»

ការ​លាន់​មាត់​បែប​នេះ​ ដោយសារភាគច្រើន​គេ​សង្កេត​ឃើញតារា​ K-Pop តែងខ្លួន​ Cute ដូចនេះ​វា​ពិត​ជា​ខុស​ពី​សិល្បៈ​អឺរ៉ុប​ដែល​ម៉ឺងម៉ាត់។ ឧទាហរណ៍​ជាក់ស្ដែង​តារា​ប្រុស​ក្នុង​ពិភព K-Pop មិន​មានពុកមាត់​ទេ ហើយ​ពេល​ខ្លះ​ប្ដូរ​ពណ៌សក់​ទៅជា​ពណ៌​ផ្កាឈូក​ ផ្ទៃមេឃ -ល-។

ចំណែក​តារាស្រី​ខ្លះ​មិន​មែន​ត្រូវ​តែ​តែង​ខ្លួន​ដូច​ស្រី​ដែរ ដូច​ Amber (សមាជិក​ក្រុម f(x)) ជា​ដើម​ តាំង​ពី​ចូល​សិល្បៈ​នាង​តែង​ខ្លួន​បែប​ប្រុស​ជានិច្ច តែ​មិន​មែន​បានន័យ​ថា​នាង​ជា​ប្រុស​ទេ។

៣. មិនគួរសន្មតថា៖ «តារាៗ​ទាំង​អស់​សុទ្ធ​តែ​វះកាត់​កែសម្ផស្ស»

ពិត​ហើយ​ តារា​មួយ​ចំនួន​សុទ្ធ​តែ​មាន​ជំនួយ​ពី​ការ​កែសម្រស់​ តែ​វា​គ្មាន​អ្វី​ខុស​ឡើយ ព្រោះ​ពួកគេ​ជា​តារា​ប្រាកដ​ជា​ត្រូវ​ការ​ភាពស្រស់ស្អាតផ្ទាល់​ខ្លួន​ដូច​មនុស្សទូទៅ​ដែរ។ ប៉ុន្តែ​មិន​មែន​បាន​ន័យ​ថា​ គ្រប់ Idol ទាំងអស់​សុទ្ធ​តែ​កែសម្ផស្សទេ ព្រោះ​ថា​អ្នក​ផ្សេង​ទៀត​មាន​មុខមាត់​ និង​រូបរាង​ស្រស់ស្អាត​ធម្មជាតិ​តាំង​ពី​កំណើតមក​ម្ល៉េះ និង​ផ្អែក​លើ​ការ​តុបតែង​បន្ថែម ឧទាហរណ៍ជាក់ស្ដែងដូច V ជាដើម។

៤. មិនគួរនិយាយថា៖ «មិន​គួរ​ចាយ​លុយ​លើ​អាល់ប៊ុម ឬ​សំបុត្រទៅ​មើល​ Concert សោះ»

ហ្វេន​មួយ​ចំនួន​ធំតែង​ចំណាយ​លុយ​ទិញ​វត្ថុ​អនុស្សាវរីយ៍ អាល់ប៊ុម និង​សំបុត្រ​ចូល​មើល​ការ​ប្រគំតន្ត្រី​ K-Pop ហើយ​នេះ​គឺជា​ក្ដី​សុខ​របស់​ពួកគេ ប៉ុន្តែ​មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​យល់​អារម្មណ៍​នេះ​ទេ តែ​គេ​បែរជា​គិត​ថា​វា​ជា​រឿង​អត់​ប្រយោជន៍​ទៅវិញ។

៥. មិនគួរសន្មតថា៖ «តារា​ទាំង​អស់​មុខ​ដូចៗគ្នា»

វា​ជា​ការ​ពិត​មែន​ដែល​តារា​ភាគ​ច្រើន​តែង​ខ្លួន​ស្រដៀង​គ្នា មើល​មួយ​ភ្លែត​អាច​ច្រឡំ ប៉ុន្តែក៏មិនមែន​មានន័យ​ថា​ពួកគេ​មានមុខដូចគ្នា ១០០ភាគរយ​ដែរ លើក​លែង​គេ​ជា​បងប្អូន​ភ្លោះ​នឹង​គ្នា​ដូច​ Kwangmin និង​ Youngmin (ក្រុម Boyfriend)។

៦. មិនគួរសួរថា៖ «ទិញ​អាល់ប៊ុមធ្វើ​អី បើ​បទ​ចម្រៀង​អាច​ Download បាន​សេរី​ពេញ​អ៊ីនធើណិត?»

វា​មិន​ខុស​អី​ពីពាក្យ​ថា «ទិញ​អាល់ប៊ុមធ្វើ​អី បើគង់​តែ​អាច​លួច​បទ​គេ​បាន​ងាយៗហ្នឹង?»។ តាមពិត​ការ​ដែល​ហ្វេន​ចំណាយលុយ​ខំ​សន្សំ​ទិញ​អាល់ប៊ុម​ ក៏ដោយសារ​កើត​ចេញ ពីទឹកចិត្តគាំទ្រ​ផលិតផល​ពិត។ មួយ​ទៀត​កាដូ​ផ្សេង​ទៀត​ដែល​ពួកគេទទួលបាន​ក្នុង​អាល់ប៊ុម​នោះ​ ក៏​មាន​តាំង​ពីសៀវភៅរូបភាព និង​ Photocard ផងដែរ។

៧. មិនគួរសួរថា៖ «តើ​តារាទាំង​នោះ​ជា​ភេទ​ទី ៣មែនទេ?»

ជា​សំណួរ​ដែល​តែង​លេចឮដូចគ្នា​ ពិសេស​នៅ​ពេល​ដែល​មនុស្ស​មួយ​ចំនួន​ឃើញ​តារា​ K-Pop មិន​ថា​ប្រុស​ មិន​ថា​ស្រី​ឱបតារាៗភេទ​ដូចគ្នា ប៉ុន្តែ​មិនមែន​ពួកគេជា​ភេទទី៣ទេ។ ផ្ទុយទៅវិញ​ វា​គ្រាន់​តែ​បង្ហាញ​ពីក្ដី​ស្រឡាញ់​ ការរាប់អាន​ប្រៀបដូច​បងប្អូន​ដែល​ពួកគេ​មាន​ចំពោះ​គ្នា​ប៉ុណ្ណោះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី