ហ្វីលីពីនចាប់ផ្ដើមជម្លៀសពលរដ្ឋ ក្រោយភ្នំភ្លើងបាញ់ផេះពេញមេឃ ជាសញ្ញាបង្ហាញថាជិតផ្ទុះ

  • 2020-01-13 02:38:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំ​ភ្លើង​មួយ​ដែល​ស្ថិត​នៅ​ជិត​រដ្ឋធានី Manila របស់​ហ្វីលីពីន បាន​បាញ់​ផេះ​ពេញ​មេឃ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ បណ្ដាល​ឲ្យ​អាជ្ញាធរ​ចាប់​ផ្ដើម​ជម្លៀស​ប្រជាជន​ប្រមាណ ៨ ០០០​គ្រួសារចេញ​ពី​តំបន់​ដោយ​បារម្ភ​អំពី​ការ​ផ្ទុះ​ភ្នំ​ភ្លើង។

ស្ថិត​នៅ​ភាគ​ខាង​ត្បូង​រដ្ឋធានី Manila ភ្នំ​ភ្លើង Taal បាន​បាញ់​ផ្សែង​ផេះ​ទៅ​លើ​មេឃ​កម្ពស់​ជិត ១​គីឡូម៉ែត្រ។ អាជ្ញាធរ​បាន​ចេញ​សញ្ញា​ប្រកាស​អាសន្ន​ភ្លាម​ៗ ហើយ​ព្រមាន​ថា​អាច​នឹង​មាន​ការ​ផ្ទុះ​ភ្នំ​ភ្លើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ទៀត។ លើស​ពី​នេះ​ ពលរដ្ឋ​ក៏​បាន​រាយការណ៍​មក​ថា​ឮ​សំឡេង​ញ័រ និង​រញ្ជួយ​ដី​ពី​ភ្នំ​ភ្លើង​ផង​ដែរ។ វិទ្យាស្ថានភ្នំភ្លើង​ហ្វីលីពីន ក៏បានព្រមានដល់ប្រជាជនដែលរស់នៅក្បែរនោះ​ថា “ស៊ូណាមិភ្នំភ្លើង” អាច​នឹង​កើត​មាន​ឡើង ខណៈ​ដែល​ជើងហោះហើរ​ជា​ច្រើន​ ត្រូវបានផ្អាកនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Manila ដោយសារតែផេះភ្នំភ្លើង។

គួរ​បញ្ជាក់​ថា Taal ស្ថិត​ក្នុង​ចំណោម​ភ្នំ​ភ្លើង​តូច​ជា​គេ​បំផុត​ក្នុង​ពិភពលោក ប៉ុន្តែ​វា​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ផ្ទុះ​យ៉ាង​ហោច ៣៤​ដង​មក​ហើយ​ក្នុង​រយៈ​ពេល ៤៥០​ឆ្នាំ​ចុងក្រោយ​នេះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន