ជើងឯកទូទាំងប្រទេសឆ្នាំចាស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A គ្រងជើងឯកមណ្ឌលកំពត
- 2020-02-16 14:11:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងឯកទូទាំងប្រទេសឆ្នាំចាស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A គ្រងជើងឯកមណ្ឌលកំពត
ចន្លោះមិនឃើញ
ក្រោយបង្ហាញថ្មីជើងរយៈពេល ២ថ្ងៃ នៅមណ្ឌលកំពត ក្រុមជើងខ្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ពិតជាធ្វើបានល្អ ដោយអាចការពារតំណែងជើងឯកពានរង្វាន់ដ៏អស្ចារ្យ Tiger Street Football 2020 មណ្ឌលជាប់សមុទ្រ ខេត្តកំពត ក្រោយបំបាក់ក្រុមក្ដាមថ្ម B ក្នុងលទ្ធផល ៣-១ វគ្គផ្ដាច់ព្រ័ត្រមុននេះ។
៣ គ្រាប់របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ធ្វើបានសម្រេចក្រោមថ្វីជើងកីឡាករ ថៃ ចំរ៉ុង នៅតង់ទី១ មុនគ្រាប់បាល់តាមស្មើរបស់ ក្ដាមថ្ម B ដោយខ្សែប្រយុទ្ធមុតស្រួចពាក់លេខ៧ ក្លូន មីតូ។ កាន់តែជក់ចិត្តស្លុងអារម្មណ៍ក្នុងតង់ទី២ ព្រោះក្រុមទាំងពីរប្រឹងសម្រុកគ្នាទៅវិញទៅមកសឹងដកដង្ហើមមិនទាន់ ប៉ុន្តែយ៉ាងណាកីឡាករខ្សែការពារដែលមានមាឌធំគឺលោក តារា បានស៊ុត២គ្រាប់បន្ថែមទៀត នាំឱ្យក្រុមជើងឯកទូទាំងប្រទេស Tiger Street Football 2019 យកឈ្នះក្នុងលទ្ធផលទាំង២តង់ ៣-១។
ដោយឡែកក្រុមជក់ចិត្តមួយគូទៀត Jack Sport A បានបំបាក់ក្រុម Taxas LT ក្នុងលទ្ធផល ៣-១ ដណ្ដើមយកចំណាត់ថ្នាក់លេខ ៣ ។ ការប្រកួតជម្រុះពានរង្វាន់ Tiger Street Football 2020 នៅមណ្ឌលកំពត នេះយកតែ ៦ក្រុម ប៉ុណ្ណោះដើម្បីឡើងទៅប្រកួតជម្រុះវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញ នាថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ ២០២០ ខាងមុខ។ ខាងក្រោមនេះជាក្រុមទាំង ៦ ដែលបានឡើងទៅប្រកួត និងប្រាក់រង្វាន់ទទួលបានតាមចំណាត់ថ្នាក់៖
១. ជើងឯក ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A (ទទួលបានប្រាក់រង្វាន់ ១ ៥០០ដុល្លារ)
២. ជើងឯករង ក្ដាមថ្ម B (ទទួលបានប្រាក់រង្វាន់ ១ ០០០ដុល្លារ)
៣. លេខ៣ បានលើ Jack Sport A (ទទួលបានប្រាក់រង្វាន់ ៥០០ដុល្លារ)
៤. លេខ៤ បានលើ Texas LT (ទទួលបានប្រាក់រង្វាន់ ២០០ដុល្លារ)
៥. លេខ៥ បានលើ OSAKHO FC B (បានឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញ)
៦. លេខ៦ បានលើ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ C (បានឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញ)
មណ្ឌលបន្ទាប់ពីខេត្តកំពតគឺ៖
មណ្ឌល តាកែវ
តាកែវ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តតាកែវ
ឈប់ទទួលពាក្យ ថ្ងៃទី១៩ កុម្ភៈ ២០២០
ប្រកួតថ្ងៃទី២២,២៣ កុម្ភៈ ២០២០
មណ្ឌល ភ្នំពេញ
កណ្ដាល ភ្នំពេញ ដាក់ពាក្យនៅមណ្ឌល រាជធានីភ្នំពេញ
ឈប់ទទួលពាក្យ ថ្ងៃទី២៣ កុម្ភៈ ២០២០
ប្រកួតថ្ងៃទី២៦,២៧,២៨ កុម្ភៈ ២០២០
ប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញ ប្រាក់រង្វាន់សរុប៥ម៉ឺនដុល្លារ ធ្វើនៅកោះពេជ្រ នៅថ្ងៃទី ២៩ កុម្ភៈ ដល់ថ្ងៃទី១ មីនា ឆ្នាំ២០២០៕