ទូរសព្ទ 5G ដំបូងរបស់ SONY ទំនងវិវត្តន៍ពី Xperia 1

  • 2020-02-24 02:39:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony ទំនង​ជា​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​បោះ​ជំហាន​ចូល​​ស្មាតហ្វូន 5G។ បើ​តាម​ Max Weinbach ​ក្រុម​ការងារ​របស់​​ XDA បាន​ចែក​រំលែក​រូបភាព​ដែល​ទំនង​ជា​រូបភាព​លេច​ធ្លាយ និង​លក្ខណៈ​សម្បត្តិ​របស់​​ស្មាតហ្វូន Sony ឆ្នាំ ២០២០ គឺ Xperia 1 II និង Xperia 10 II។

Xperia 1 II ​ដូច​ឈ្មោះ​វា​បាន​បញ្ជាក់​អ៊ីចឹង គឺ​វា​ជា​ប្រភេទ​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ថ្មី​នៃ Sony Xperia 1 ដោយ​មាន​ប្ដូរ​ប្រើ​សេវា 5G, បំពាក់​បន្ទះ​ឈីប Snapdragon 865 ដែល​សមត្ថភាព​ខ្លាំង​ក្លា​ជាង​មុន និង​​អេក្រង់​ដែល​អាច​បង្ហាញ​ដូច​ជា​អេក្រង់ 90Hz ផង​ដែរ។

ការ​ផ្លាស់​ប្ដូរ​ផ្សេង​ទៀត​រួម​មាន​ថ្ម​ទំហំ ៤០០០ mAh (កើន​ពី ៣៣០០ mAh), សមត្ថភាព​ Zoom បាន​ ៣ដង (ជំនួស​ឲ្យ ២ដង), មាន RAM ទំហំ ៨GB និង​អង្គ​ផ្ទុក​ក្នុង​ម៉ាស៊ីន​ទំហំ ២៥៦GB។

ចំណែក Xperia 10 II វិញ គឺ​នៅ​តែ​ប្រើ​ប្រាស់​សេវា 4G LTE ដដែល, មាន​អេក្រង់​ OLED អាច​បង្ហាញ​រូប​ភាព​កម្រិត ២៥២០x១០៨០ ដូច​ Xperia 10។ ប៉ុន្តែ​វា​មាន​​សមត្ថភាព​ខ្លាំង​លើស​មុខ​ត្រង់​ការ​ប្រើ​ឈីប Snapdragon 665, មាន RAM ទំហំ ៤GB, មាន​កាមេរ៉ា​ក្រោយ ៣ គ្រាប់ និង​អង្គ​ផ្ទុក ១២៨GB។

កាល​បរិច្ឆេទ​នៃ​ការ​ប្រកាស​ចេញ​មិន​បាន​មក​ព្រម​គ្នា​ជា​មួយ​រូបភាព​លេច​ធ្លាយ​ទាំង​នេះ​ឡើយ ប៉ុន្តែ​គេ​អាច​ដឹង​អំពី​វា​ឆាប់ៗ ដោយ​សារ​នៅ​លើ​ផ្ទាំង​ទូរសព្ទ​មាន​បង្ហាញ​​អំពី​ថ្ងៃ​ទី ២៤ ​ខែ​កុម្ភៈ៕​​

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង