ម៉ូឌែល​នេះ​ក្នុង​ចំណោម Galaxy S20 ទាំង​ ៣ លក់​ដាច់​ជាង​គេ ត្បិត​តួ​លេខ​សរុប​លក់​ចាញ់ S10

  • 2020-03-19 04:19:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​របាយការណ៍​ពី Insiders ​បាន​ឲ្យ​ដឹង​ថា​តួ​លេខ​លក់​ចេញ Galaxy S20 ឆ្នាំ ២០២០ របស់​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង Samsung ​បាន​មាន​ការ​ធ្លាក់​ចុះ​បើ​ធៀប​នឹង​ជំនាន់​ឆ្នាំ​ទៅ Galaxy S10។ ដើមចម​នៃ​បញ្ហា​គឺ​ដោយសារ​ការ​ប៉ះពាល់នៃ​កត្តា​សេដ្ឋកិច្ច​របស់​អតិថិជន ក្រោយ​ញាំញី​ពី​វីរុស​កូវីដ១៩។

ប៉ុន្តែ​ក្នុង​ចំណោម​ម៉ូឌែល​ទាំង ៣ គេ​ឃើញ​មាន Galaxy S20 Ultra ​ក្ដោបក្ដាប់​ចំណែក​សរុប​ដល់​ទៅ ៥០ ភាគរយ ពោល​ជា​រឿង​ភ្ញាក់ផ្អើល​មួយ​ព្រោះ​តាម​ការ​ប៉ាន់ប្រមាណ​របស់ Samsung គឺ​គិត​ថា Galaxy S20+ ទៅ​វិញ​ទេ។

នេះ​ក៏​មិន​ខុស​ពី​ការ​ព្យាករណ៍​ឆ្នាំ​ទៅ​ដែល​ក្រុមហ៊ុន​រំពឹង​ខ្ពស់​លើ S10 តែ​លទ្ធផល​បែរ​ជា S10+ ឈរ​នៅ​លំដាប់​កំពូល។ បញ្ជាក់​ថា​តួ​លេខ Galaxy S10 គឺ​លក់​ដាច់​ខ្លាំង​ជាង​គេ​បង្អស់​បើ​ធៀប​នឹង​ត្រកូល Galaxy S ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ហើយ​ក៏​សោកស្តាយ​ដែល​ឆ្នាំ​នេះ S20 មិន​អាច​បន្ត​កំណត់ត្រា​ដ៏​ល្អ​។

រំឭក​ថា​ក្រុមហ៊ុន Samsung ក៏​កំពុង​ដុតដៃដុតជើង​ក្នុង​ការ​បញ្ជា​ឲ្យ​មាន​ការ​ផ្គត់ផ្គង់​បន្ថែម​លើ​បង្គំ​កាមេរ៉ា 108MP ​ឆ្លើយតប​ទៅ​នឹង​ការ​កុម្ម៉ង់​ទិញ​លើស​ពី​ការ​រំពឹង​ទុក​នៃ Galaxy S20 Ultra ផង​ដែរ៕​​

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា