Miley Cyrus ត្រៀម​ចំណាយ​​ជិត ១ម៉ឺន​ដុល្លារ​ជប់លៀង​ឲ្យ​ជន​អនាថា

  • 2014-11-22 18:22:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​អាមេរិក Miley Cyrus បាន​ត្រៀម​ប្រាក់​ចំនួន ៦០០០ផោន (ប្រហែល ៩៤០០ដុល្លារ) ដើម្បី​រៀបចំ​ពិធី​ជប់លៀង​មួយ​សម្រាប់​ជន​អនាថា​គ្មាន​ផ្ទះ​សម្បែង ក្នុង​រដូវ​កាល​បុណ្យ​ណូអែល​ខាង​មុខ​នេះ។

 

ប្រភព​មួយ​បាន​ប្រាប់​សារព័ត៌មាន Daily Star ថា​តារា​ចម្រៀង​វ័យ ២១ឆ្នាំ ដែល​ធ្លាប់​តែ​មាន​រឿង​ចម្រូងចម្រាស​មិន​ចេះ​ចប់​ដោយ​សារ​កាយវិការ​អាសអាភាស​នៅ​លើ​ឆាក កំពុង​ព្យាយាម​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន​ចំពោះ​ជន​ក្រីក្រ ដោយ​បាន​ជួល​ចុងភៅ​ម្នាក់​ និង​អ្នក​បម្រើ​ជា​ច្រើន​នាក់​ទៀត ដើម្បី​រៀបចំ​ពិធី​ជប់លៀង​ឲ្យ​ពួក​គេ។

 

ប្រភព​មួយ​នេះ​បាន​និយាយ​ថា "មនុស្ស​ភាគ​ច្រើន​ធ្លាប់​តែ​ឃើញ Miley មាន​កាយវិការ​ប្លែក​ៗ​ពេល​សម្ដែង។ ប៉ុន្តែ​តាម​​ពិត​នាង​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ចេះ​យកអាសា​អ្នក​ដទៃ ជា​ពិសេស​ចំពោះ​ជន​អនាថា"។​

 

ក្រៅ​ពី​ការ​បម្រើ​អាហារ តារា​ចម្រៀង ដែល​កំពុង​សាង​ស្នេហ៍​ជាមួយ​មិត្ត​ប្រុស​វ័យ ២១​ឆ្នាំ Patrick Schwarzenegger ក៏​នឹង​រៀប​ចំ​ឲ្យ​មាន​ការ​លេង​ល្បែង​កម្សាន្ត​សម្រាប់​ភ្ញៀវ​ចូលរួម ព្រម​ទាំង​ការ​សម្ដែង​របស់​នាង​ផង​ដែរ។

 

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល Miley Cyrus បាន​បង្ហាញ​ទឹកចិត្ត​ចំពោះ​ជន​អនាថា ដោយ​កាល​ពី​ខែ​សីហា កន្លង​ទៅ​នេះ​នាង​បាន​នាំ​​ជនអនាថា​ម្នាក់​ឈ្មោះ Jesse Helt មក​ទទួល​ពាន​រង្វាន់​ជំនួស​នាង​លើ​ឆាក​កម្មវិធី MTV Video Music Awards។ នៅ​ពេល​នោះ Miley បាន​និយាយ​ថា "មនុស្ស​ដែល​គ្មាន​ផ្ទះ​សម្បែង សុទ្ធ​តែ​រស់​នៅ​ក្នុង​ជីវិត​លំបាក​វេទនា ដូច​ជា Jesse អីចឹង។ ខ្ញុំ​សង្ឃឹម​ថា​នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម​នៃ​ការ​​ពិភាក្សា​អំពី​ទុក្ខ​លំបាក​របស់​យុវជន​ដែល​គ្មាន​ផ្ទះ​រស់​នៅ និង​ការ​ស្វែង​រក​វិធី​ដើម្បី​បញ្ចប់​បញ្ហា​នេះ" ៕

 

 អានអត្ថបទ៖ យុវជន​ឡើង​ទទួល​ពាន​ជាមួយ Miley Cyrus ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក ៦​ខែ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ dailystar
អត្ថបទថ្មី