កញ្ញា​ព្រំ​ សាវតា​៖ទុក្ខ​លំបាក​និង​ភាព​រីករាយជា​​កម្លាំង​ជម្រុញ​និង​ជា​មេរៀន​ជីវិត

  • 2014-11-25 18:22:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មាន​​ទីកន្លែង​កំណើត​​ ក្នុង​ខេត្ត​បាត់​ដំបង​ ​​កញ្ញា​ ព្រំ ​សាវតា​​ ជា​កូន​ទី​៤ ​ក្នុង​ចំណោម​បង​ប្អូន​​​​ប្រាំ​នាក់​ ​​ឪពុក​ជា​អតីត​ទាហាន​​​ចូល​និវត្តន៍​ ​ម្តាយ​​ជា​អ្នក​រក​ស៊ី​ផ្នែក​​ទេសចរណ៍​​។ ​ដោយ​សារ​លោក​ឪពុក​ជា​ទាហាន​ ​​កញ្ញា​​បាន​​​ផ្លាស់​ប្តូរ​សាលា​ និង​កន្លែង​ស្នាក់​នៅ​ជា​ញឹកញាប់​ ​និង​ធ្លាប់​​រស់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​ប្រទេស​ថៃ ​ខេត្ត​ប៉ៃលិន​ និង​ខេត្ត​សៀម​រាប​​ជា​ដើម​។​ ​​ទោះ​បី​​​ឆ្លង​កាត់​​ប្រវត្តិ​តស៊ូ​ និង​ការ​ប្តូរ​សាលា​ជា​ញឹក​ញាប់​យ៉ាង​ណា​​ បច្ចុប្បន្ន​​​កញ្ញា​​បាន​ប្រែ​ក្លាយ​ជីវិត​ខ្លួន​ឯង​ជា​យុវតី​ដ៏​ឆ្នើម​ម្នាក់​តំណាង​ឲ្យ​កម្ពុជា​។​ កញ្ញា​ជា​បេក្ខភាព​អនុបណ្ឌិត​សិក្សា​​ផ្នែក​ច្បាប់​នៅ​សហរដ្ឋអាមេរិក​​​ដោយ​ចាប់​យក​ជំនាញ​ ​​តស៊ូ​មតិ​នៅ​ក្នុង​បន្ទប់​សវនាការ​ ​(LL​.​M ​program ​in ​​Trial​ ​​Advocacy)​​។​ កញ្ញា​​បាន​​ផ្តល់​​បទ​​​សម្ភាស​​​ជាមួយ​ ​Sabay ​ដូច​ត​ទៅ​៖ ​​​​​​​​

 

Sabay)​ ​តើ​កញ្ញា​​​​អាច​ជំរាប​ពី​ប្រវត្តិ​សិក្សា​​ពី​មុន​មក​បាន​ទេ?​

 

កញ្ញា​ព្រំ​ សាវតា)​ មុន​នឹង​មក​សិក្សា​ថ្នាក់​អនុបណ្ឌិត​ ​នាង​ខ្ញុំ​ជា​អតីត​សិស្ស​វិទ្យាល័យ​​១០ ​មករា​ ​១៩៧៩ ​ខេត្ត​សៀមរាប​ និង​ក្រោយ​មក​ជា​អតីត​និស្សិត​នីតិសាស្រ្ត ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត​ និង​វិទ្យា​សាស្រ្ត​សេដ្ឋកិច្ច​ ​និង​ជា​អតីត​និស្សិត​នារី​ នៃ​មូល​និធិហាប់​ស្វ៊ែល​។​ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ ​នាង​ខ្ញុំ​បាន​ទទួល​អាហារូបករណ៍​មក​រៀន​នៅ​សហរដ្ឋអាមេរិក​​នៅ​សាលា​ Bard College​ ​នៅ​រដ្ឋ​ ​New ​York​ ​រយៈ​ពេល​មួយ​ឆ្នាំ ​ហើយ​ទទួល​បាន​វិញ្ញាបនបត្រ​ ​Certificate​ ​of ​Completion: ​Program​ in ​International​ ​Education​។

 

 

Sabay)​ ចុះ​ប្រវត្តិ​ការងារ​វិញ ​កញ្ញា​ធ្លាប់​ធ្វើ​ការងារ​​អ្វី​ខ្លះ​?​ ​

 

កញ្ញា​ព្រំ​ សាវតា​)​ ​ក្រោយ​បញ្ចប់​ការ​សិក្សា​នៅ​សាលា ​Bard​ ​College​ ​នាង​ខ្ញុំ​ត្រលប់​មក​ស្រុក​ខ្មែរ​វិញ​ និង​បាន​ចូល​បំរើ​ការ​នៅ​ការិយាល័យ​ផ្តល់​ប្រឹក្សា​ច្បាប់​ ​និង​ពាណិជ្ជកម្ម ​Gordon​ & ​Associates​។​ បន្ទាប់​ធ្វើ​ការ​រយៈ​ពេល​មួយ​ឆ្នាំ​កន្លះ ​នាង​ខ្ញុំ​បាន​ប្តូរ​ទៅ​ចូល​បំរើ​ការ​នៅ​ការិយាល័យ​មេធាវី​ ​អអេន​ធី​ ​សុខ​អេន​ហេង​ (R&T Sok&Heng Law Office) ​និង​ធ្វើ​ការ​នៅ​ទី​នោះ​រយៈ​ពេល​មួយ​ឆ្នាំ​ មុន​នឹង​មក​សិក្សា​នៅ​សហរដ្ឋអាមេរិក​។​

 

Sabay)​ តើ​កញ្ញា​ទទួល​បាន​អាហា​រូបករណ៍​ពី​ពេល​ណា?​​ ​អា​ហាររូបករណ៍​​មាន​​ឈ្មោះ​​អ្វី​?កម្រិត​ណា​​?​​លើ​មុខ​ជំនាញ​អ្វី​?​

 

កញ្ញា​ព្រំ​ សាវតា​)​ ​​អាហារូបករណ៍​នេះ​ឈ្មោះ ​Civil Society Leadership Award ​របស់​អង្គការ​ Open​ Society​ Foundations​។ ​នាង​ខ្ញុំ​បាន​ដាក់​ពាក្យ​តាំង​ពី​ខែ ​ធ្នូ ​ឆ្នាំ ​២០១៣​ ហើយ​បាន​ទទួល​លទ្ធផល​ថា​ជាប់​នៅ​ខែ​ ​ឧសភា ​ឆ្នាំ ​២០១៤ ​និង​ចូល​រៀន​នៅ​ខែ​សីហា ​ឆ្នាំ ​២០១៤​។​ វា​ជា​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត​សម្រាប់​ជំនាញ​ច្រើន​មុខ​ដូចជា​ការ​សិក្សា​ពី​ការ​អភិវឌ្ឍន៍​(Development Study)​ ការ​គ្រប់​គ្រង​វិស័យ​អប់រំ​ ​(Education Management) ​ច្បាប់ ​និង​សិទ្ធិមនុស្ស​(Law​ and ​Human​ Right)​ និង​មុខ​វិជ្ជា​ជា​ច្រើន​ទៀត។ ​មើល​បន្ថែម​បាន​នៅ​គេហទំព័រ ​http://www.opensocietyfoundations.org/grants/civil-society-leadership-award​។​

 

បច្ចុប្បន្ន​នាង​​ខ្ញុំ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ច្បាប់​ ​ដោយ​ចាប់​យក​ជំនាញ​ ការ​តស៊ូ​មតិ​នៅ​ក្នុង​បន្ទប់​សវនាការ​ ​(LL.M program in ​Trial​ ​Advocacy)​។ ​ចំណុច​ដែល​ខ្ញុំ​បាន​ធ្វើ​ដើម្បី​ទទួល​បាន​អាហារូបករណ៍​គឺ​​សរសេរ​ P​ersonal​ ​Statement​ ​ឲ្យ​បាន​ល្អ​ ដោយ​ឆ្លើយ​តប​នឹង​សំនួរ​ដែល​គេ​សួរ​ ​និង​បង្ហាញ​ពី​ឆន្ទៈ​ ​និង​ភាព​ខ្លាំង​​របស់​យើង​ ដោយ​លើក​ឡើង​ពី​ភាព​ជោគជ័យ​នានា​ជា​អំណះ​អំណាង​​​។​ ចំណុច​សំខាន់​មួយ​ទៀត​គឺ​ ​Recommendation​ ​Letter​ ដែល​នាង​ខ្ញុំ​មាន​សំណាង​ស្គាល់​គ្រូ​ៗ​ ដែល​គាត់​ចិត្ត​ល្អ​សរសេរ ​Letter​ of​ Recommendation​ ដែល​ល្អ​បំផុត​។ ​មួយ​ទៀត​គឺ​នៅ​ពេល​សម្ភាសន៍​​ យើង​ត្រូវ​មាន​ភាព​ជឿ​ជាក់​។ ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ និង​ដឹង​ច្បាស់​ថា​ខ្លួន​ចង់​រៀន​អ្វី​ ​និង​មាន​គោល​បំណង​ច្បាស់​លាស់​ ក្នុង​ថ្ងៃ​អនាគត​ ដែល​ការ​សិក្សា​នៅ​បរទេស​នឹង​ជា​កត្តា​ជំរុញ​ឲ្យ​យើង​បាន​ទទួល​ជោគជ័យ​តាម​បំណង​របស់​យើង​។

 

Sabay)​ តើ​បំណង​ចង់​បាន​អាហារូបករណ៍​​​កើត​ឡើង​​​ពី​ពេល​​ណា​មក​?​ ​​តើ​កន្លង​មក​ធ្លាប់​ទទួល​អាហារូបករណ៍​នៅ​ប្រទេស​ណា​ដែរ​ទេ​?​

 

កញ្ញា​ ព្រំ ​សាវតា​)​​ នាង​ខ្ញុំ​ដឹង​ខ្លួន​តាំង​ពី​នៅ​រៀន​ថ្នាក់​បរិញ្ញាបត្រ​មក​ម្ល៉េះ​​ថា​​ នាង​ខ្ញុំ​ត្រូវ​តែ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ច្បាប់​នៅ​បរទេស​ ​ហើយ​មធ្យោបាយ​តែ​មួយ​គត់​ដែល​អាច​មាន​លទ្ធភាព​រៀន​នៅ​បរទេស​បាន​ គឺ​តាម​រយៈ​អាហារូបករណ៍​។ ​តែ​ដោយ​ចង់​បាន​បទ​ពិសោធន៍​ការងារ​មួយ​រយៈ​សិន​ ​ទើប​នាង​ខ្ញុំ​ចាំ​រហូត​ដល់​ឆ្នាំ​ ២០១៣ ​ទើប​ចាប់​ផ្តើម​ដាក់​ពាក្យ​។​ ​ខ្ញុំ​ដាក់​ពាក្យ​​នៅ​បួន​កន្លែង​ឯណោះ​ តែ​ចុង​បញ្ចប់​នាង​ខ្ញុំ​ជ្រើស​រើស​មក​រៀន​នៅ​សាលា​ ​American​ ​University ​ដោយ​សារ​វា​មាន​មុខ​វិជ្ជា​ល្អៗ ​ច្រើន​ និង​នាង​ខ្ញុំ​ទទួល​បាន​អាហារូបករណ៍​ពេញ​។​​ ដូច​បាន​រៀប​រាប់​ពី​​ដើម​មក​អញ្ចឹង​ថា​​ នៅ​ឆ្នាំ ​២០១០​ នាង​ខ្ញុំ​បាន​ទទួល​អាហារូបករណ៍​ពី​មូល​និធិហាប់​ស្វ៊ែល​ដើម្បី​ទៅ​រៀន​នៅ​សាលា ​Bard​ ​College​ នៅ​សហរដ្ឋ​អាមេរិក​រយៈ​ពេល​មួយ​ឆ្នាំ​។ ​

Sabay)​ ​តើ​ក្រោយ​ចប់​ការ​សិក្សា​គ្រោង​ទៅ​ធ្វើ​ការងារ​ ​ក្នុង​វិស័យ​ណា​មួយ​?​

 

កញ្ញា​ ព្រំ ​សាវតា​)​ ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ នាង​ខ្ញុំ​មាន​គំរោង​បន្ត​ធ្វើ​ការងារ​​នៅ​ការិយាល័យ​មេធាវី​ឯកជន​នៅ​រាជធានី​ភ្នំពេញ​។​

 

Sabay)​ ​​តើ​ការ​រស់​នៅ​សហរដ្ឋអាមេរិក​ជួប​ការ​លំបាក​ដែរ​ទេ​?​​ ម្យ៉ាង​ការ​ស្នាក់​នៅ​​​ និង​ការ​​សម្រប​ខ្លួន​នឹង​អាកាស​ធាតុ​មាន​​ភាព​ខុស​ប្លែក​ដូច​ម្តេច​ដែរ​?​​

 

កញ្ញា​ ព្រំ ​សាវតា​)​ ​នៅ​ទីក្រុង​ វ៉ាស៊ីន​តោន ​ឌីស៊ី​​ មិន​សូវ​ពិបាក​ប៉ុន្មាន​ទេ​ ដោយ​សារ​មាន​ជន​ជាតិ​ខ្មែរ​ដែល​រស់​នៅ​ទី​នេៈ​យូរ​ហើយ​ជូយ​ជ្រោម​ជ្រែង​។​ ​ម្យ៉ាង​ទៀត​ ​បន្ទប់​អាផាត​មេន​ ដែល​នាង​ខ្ញុំ​ស្នាក់​នៅ​​នៅ​ក្បែរ​សាលា​ ដូច្នេះ ​នាង​ខ្ញុំ​អាច​ធ្វើ​ដំណើរ​ទៅ​សាលា​យ៉ាង​ស្រួល​។ ​អាកាស​ធាតុ​ ​វា​ជា​រឿង​ធម្មតា​ទេ​ វា​មាន​ខែ​ត្រជាក់​ខ្លាំង​ដែល​ស្រុក​ខ្មែរ​យើង​មិន​មាន​ ​ដូច្នេះ​យើង​ត្រូវ​ពាក់​អាវ​ក្រាស់ៗ ​ច្រើន​ជាន់​។​ មិន​មាន​ភាព​ពិបាក​ប៉ុន្មាន​ទេ​។ ​ចំ​ណុច​ពិបាក​បំផុត​គឺ​ ​នឹក​ក្រុម​គ្រួសារ​ ​មិត្តភ័ក្ត្រ​​ និង​អ្នក​រួម​ការងារ​ តែ​ដោយ​សារ​នៅ​កម្ពុជា​មាន​អ៊ីនធឺណេត​​ល្បឿន​លឿន​ ​ដូច្នេៈ​នាង​ខ្ញុំ​អាច​ទាក់​ទង​ទៅ​ពួក​គេ​បាន​តាម​រយៈ ​ស្កាប​ ឡាញ ​និង​ហ្វេសប៊ុក​ជាដើម​។​

 

Sabay)​ ​​ឆ្លង​កាត់​​មក​ដល់​ដំណាក់​​កាល​នេះ​ តើ​អ្វី​ដែល​កញ្ញា​មិន​អាច​បំភ្លេច​បាន​ ​(ជីវិត​សិក្សា ​ការងារ​ ​និង​ការ​តស៊ូ​ពី​មុនៗ​មក​)​?​

 

កញ្ញា​ ព្រំ ​សាវតា​)​ ​ជីវិត​មាន​ទុក្ខ​លំបាក​ ​និង​ភាព​សប្បាយ​ច្រើន​ ​តែ​អ្វី​ដែល​សំខាន់​គឺ​ យើង​ប្រឹង​​ប្រែង​យក​ភាព​លំបាក​ និង​សប្បាយ​ទាំង​នោះ​មក​ធ្វើ​​ជា​កំលាំង​ជំរុញ​ចិត្ត​ ​និង​មេរៀន​ជីវិត​។ ​អ្វី​ដែល​ខ្ញុំ​ចង​​ចាំ​មិន​ដែល​ភេ្លច​ ហើយ​ខ្ញុំ​គិត​ថា ​វា​ជា​មេរៀន​ជីវិត​ដ៏​សំខាន់​មួយ​គឺ​ ​នៅ​ពេល​ដែល​ម៉ាក់​ និង​ប៉ា​បាន​បញ្ជូន​នាង​ខ្ញុំ​ឲ្យ​ទៅ​នៅ​ប្រទេស​ថៃ​ជា​មួយ​មិត្តភ័ក្ត្រ​របស់​គាត់​ជា​ជន​ជាតិ​ថៃ​ ដោយ​សារ​តែ​តំបន់​ដែល​នាង​ខ្ញុំ​ស្នាក់​នៅ​មាន​ទាហាន​បាញ់​គ្នា​ ​និង​ទំលាក់​គ្រាប់​បែក​។​ ​ក្នុង​នាម​ជា​ជន​ជាតិ​ខែ្មរ​ ​មិន​ទាន់​ចេះ​និយាយ​ ​សរសេរ​ និង​អាន​ភាសា​ថៃ ​នាង​ខ្ញុំ​ត្រូវ​បាន​ក្មេង​ៗ ​ដូច​គ្នា​មើល​ងាយ​ ​និង​បង្អាប់​។ ​កាល​នោះ​នាង​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្មាស់​គេ ​តែ​ព្យាយាម​ប្រាប់​ខ្លួន​ឯង​ថា​ ដើម្បី​កុំ​ឲ្យ​គេ​មើល​ងាយ​ យើង​ត្រូវ​បង្ហាញ​សមត្ថភាព​ថា​យើង​គ្រាន់​បើ​ដូច​គេ ​ឬ​ពូកែ​ជាង​គេ។​ ​នាង​ខ្ញុំ​ខំ​រៀន ​រហូត​ដល់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​មួយ​រហូត ​៣​ ឆ្នាំ​បន្ត​បន្ទាប់​។ ​នៅ​ពេល​ដែល​គ្រូ​ទទួល​ស្គាល់​ ​ហើយ​នាង​ខ្ញុំ​បាន​ទទួល​ពាន​រង្វាន់​ លេខ​មួយ​ប្រចាំ​ថ្នាក់​ជា​រៀង​រាល់​ឆ្នាំ​​។​ នាង​ខ្ញុំ​មាន​មិត្តភ័ក្ត្រ​ច្រើន​ ហើយ​គេ​ក៏​មិន​ដែល​បង្ហាញ​ថា​ពួក​គេ​មើល​ងាយ​នាង​ខ្ញុំ​ដែរ​។​ ​នេះ​ជា​មេរៀន​សម្រាប់​​ខ្លួន​ខ្ញុំ​ថា​​ តម្លៃ​មនុស្ស​មិន​មែន​ស្ថិត​នៅ​ថា​យើង​​មក​ពី​ណា​ មាន​សញ្ជាតិ​អ្វី​នោះ​ទេ​ ​តម្លៃ​មនុស្ស​គឺ​នៅ​លើ​សមត្ថភាព​។​

 

Sabay)​តើ​កញ្ញា​ចាត់​ទុក​នេះ​គឺ​ជា​ភាព​ជោគជ័យ​ដែរ​?​

 

កញ្ញា​ ព្រំ ​សាវតា​)​ ​ខ្ញុំ​មាន​គំរោង​ជីវិត​ថា​​នៅ​អាយុ​ប៉ុន្មាន​ ​គួរ​ទទួល​បាន​ជោគជ័យ​ត្រឹម​ណា ​ហើយ​នាង​ខ្ញុំ​យល់​ថា​ ជីវិត​របស់​នាង​ខ្ញុំ​នៅ​ពេល​បច្ចុប្បន្ន​នេះ ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​បាន​សង្ឃឹម​ទុក​។​ ដូច្នេះ​ នាង​ខ្ញុំ​គិត​ថា​ខ្លួន​ឯង​បាន​ទទួល​ជោគជ័យ​មួយ​កម្រិត​ហើយ​ តែ​ក៏​នៅ​មាន​ជំហាន​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ដើរ​ដើម្បី​ទទួល​បាន​គោល​បំណង​ខ្ពស់​បំផុត​។​

 

Sabay)​​មាន​អ្វី​ចង់​ថ្នាំ​ផ្ញើ​ ​និង​ចែក​រំលែក​ទៅ​អ្នក​​ដទៃ​​ ជា​ពិសេស​អ្នក​ចង់​បាន​អាហារូបរណ៍​ទៅ​សិក្សា​នៅ​​បរទេស​?​​

 

កញ្ញា​ ព្រំ ​សាវតា​)​ ​សម្រាប់​អ្នក​ដែល​មាន​បំណង​មក​សិក្សា​នៅ​បរទេស​ ជា​ពិសេស​អ្នក​ដែល​មាន​បំណង​ទទួល​បាន​អាហារូបករណ៍​​?​ នាងខ្ញុំ​សូម​ផ្តាំ​ថា​ ចំណុច​ដែល​ធំ​បំផុត​គឺ​ដឹង​ថា​ខ្លួន​ចង់​រៀន​ពី​អ្វី​ច្បាស់​លាស់​ ​ហើយ​អ្វី​ដែល​យើង​រៀន​នោះ​ វា​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ណា​មួយ​ក្នុង​សង្គម​បាន​យ៉ាង​ដូចម្តេច​។ ​ម្យ៉ាង​ទៀត​ ​ក្រៅ​ពី​កម្រិត​ភាសា​បរទេស​ ​និង​ពិន្ទុ​ល្អ​នៅ​សាលា​ សកម្មភាព​ផ្សេងៗ​ក្រៅ​សាលា​ក៏​សំខាន់​ខ្លាំង​ដែរ​ដូចជា​ ​សកម្មភាព​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម ​ការងារ​ក្រុម​ធ្វើ​សម្មភាព​ផ្សេងៗ​ដែល​បណ្តុះ​សមត្ថភាព​ខ្លួន​ឯង​ ​និង​ជួយ​អ្នក​ដទៃ​ ក៏​ដូច​ជា​ការ​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​នានា​។ ​ចំណុច​មួយ​ទៀត​ ដែល​ត្រូវ​ចង​ចាំ​គឺ​មិន​ត្រូវ​គិត​ថា​ខ្លួន​យើងមិន​អន់​ជាង​អ្នក​ដទៃ​ តែ​ក៏​មិន​ត្រូវ​ក្រអើត​ក្រទម​ដែរ​។ ​មនុស្ស​ម្នាក់​ៗ​មាន​ភាព​ខ្លាំង​ ​និង​ភាព​ខ្សោយ​ផ្សេងៗ​គ្នា​ ​ដូច្នេះ ​យើង​ត្រូវ​ចេះ​ប្រើ​ប្រាស់​ភាព​ខ្លាំង​របស់​យើង​ឲ្យ​ជា​ប្រយោជន៍​របស់​ខ្លួន​ឯង​ ​និង​សង្គម​៕

 

អត្ថបទ៖មៃ សុខលីម

អត្ថបទពេញនិយម