លទ្ធផល​សរុប​រួម​របស់​ក្រុម​កីឡា​កម្ពុជា​នៅ Asian Games គិត​ត្រឹម​ព្រឹក​នេះ​

  • 2014-09-26 18:38:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ថ្ងៃ​ទី​៦​នៃ​ព្រឹត្តិការណ៍​ Asian Games ក្រុម​កីឡា​ជម្រើស​ជាតិ​កម្ពុជា​​បាន​ប្រកួត​៣​ប្រភេទ​កីឡា​ហើយ​ក្នុង​ចំណោម​កីឡា​៨​ប្រភេទ​ដែល​បញ្ជូន​ទៅ​ចូល​រួម​ការ​ប្រកួត ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​មេដាយ​ណា​មួយ​ឡើយ។

 

កីឡា​វាយ​កូន​បាល់

កីឡា​វាយ​កូន​បាល់​កម្ពុជា​​បាន​ប្រកួត​វិញ្ញាសា​វាយ​ទោល​បុរស នារី និង​គូ​បុរស​​ហើយ។ ការ​វាយ​ទោល​បុរស ឡុង​ សំនៀង​ចាញ់​ដៃ​គូ​ទួរមេនីស្ថាន​​ ២​-០ (៦-១, ៦-០) ប៉ុន្តែ​ម៉ម ផល្គុន​ឈ្នះ​ដៃ​គូ​ទួរមេនីស្ថាន​ ២-១ (៤-៦, ៦-៣ និង ៧-៥)។ ចំណែក​ការ​វាយ​ទោ​ល​នារី កីឡា​ការិនី​ខ្មែរ-បារាំង Andrea Ka ចាញ់​អ៊ូបេគីស្ថាន​២-០ (៦-២, ៦-២)។

 

ការ​ប្រកួត​បន្ទាប់ ម៉ម ផល្គុន ផ្តួល​កីឡាករ​អារ៉ាប៊ីសាអ៊ូឌីត​ Omar Fahmi ២-០ (៦-១, ៦-៣) ខណៈ​ឡុង សំនៀង​ចាញ់​គីហ្ស៊ីគីស្ថាន​ដោយ​លទ្ធផល​២-០ (៦-១, ៦-១) ហើយ​ម៉ម ផល្គុន​ចាញ់​កីឡាករ​លេខ​១​ចិន ២-០ (៦-០, ៦-១)។

 

ចំពោះ​ការ​វាយ​គូ​បុរស-នារី កីឡាករ ម៉ម ផល្គុន និង Andrea Ka បាន​ផ្តួល​ជើង​ខ្លាំង​នេប៉ាល់​ Mehernissa និង Sakchyam ដោយ​លទ្ធផល ២-០ (៦-០,៦-១)។ ការ​ប្រកួត​បន្ទាប់ ផល្គុន និង Andrea ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​ចិន Zheng Jie និង Zhang Ze នៅ​ថ្ងៃ​នេះ។

 

កីឡា​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់

ចំពោះ​ការ​ប្រកួត​កីឡា​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​វិញ ក្រុម​កម្ពុជា​បាន​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​ហើយ បន្ទាប់​ពី​​ទទួល​បាន​ជ័យជម្នះ​១ និង​ចាញ់​២។ បើក​ឆាក​ដំបូង​ក្រុម​បាល់ទះ​ឆ្នេរ​ខ្សាច់​កម្ពុជា​ចាញ់​ក្រុម​ប្រទេស​ស្រី​លង្កា​ដោយ​លទ្ធផល ២-១ (២៣-២១, ១៨-២១ និង ១៥-១២)។

 

បន្ទាប់​មក​ក្រុម​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​បង់ក្លាដេស​ដោយ​លទ្ធផល ២-០ (២១-១៣, ២១-១៨) ប៉ុន្តែ​អស់​ឱកាស​ឡើង​ទៅ​ជុំ​បន្ទាប់​ក្រោយ​ចាញ់​ប្រទេស​កាតារ​ដោយ​លទ្ធផល ២-១ (​២៣-២១, ១២-១៩ និង ២១-១៥)។

 

កីឡា​ហែល​ទឹក

និយាយ​ពី​កីឡា​ហែល​ទឹក​វិញ​កីឡាករ​ត្រកូល​ហែម​ធ្វើ​បាន​ល្អ​គួរ​សម ប៉ុន្តែ​មិន​អាច​ឡើង​ទៅ​ជុំ​បន្ទាប់​​បាន​ទេ​ បន្ទាប់​ពី​ប្រៀប​នឹង​នឹង​កីឡាករ​ផ្សេង។

 

អ្នក​ហែល​ទឹក​បុរស​លេខ​១​កម្ពុជា​ ហែម ថុនពន្លឺ ​បើក​ការ​ប្រកួត​ដំបូង​​ជាប់​លំដាប់​លេខ​១​នៅ​ Heat 1 សម្រាប់​វិញ្ញាសា Free Style ចម្ងាយ​៥០​ម៉ែត្រ។ ​ការ​ទទួល​បាន​លេខ​១​នៅ Heat 1 នេះ​មិន​បាន​ធ្វើ​ឲ្យ​ជើង​ខ្លាំង​កម្ពុជា​រូប​នេះ​ឡើង​ទៅ​ជុំ​បន្ទាប់​ឡើយ​ដោយ​​សារ​ពន្លឺ​ប្រើ​ថេរៈ​វេលា​បាន​២៧.៤៦​វិនាទី​ស្ថិត​នៅ​លេខ​ ៣៦​ ក្នុង​ចំណោម​​៤២​បេក្ខជន។

 

 

​វិញ្ញាសា​ទី​២​ Breaststroke ចម្ងាយ​​៥០​ម៉ែត្រ ហែម ថុនពន្លឺ​នៅ​តែ​ធ្វើ​បាន​ល្អ​ដូច​វិញ្ញាសា​ទី​១ បន្ទាប់​ពី​ជាប់​លេខ​១​នៅ​ Heat 1 ក្នុង​ចំណោម​​៧​ប្រទេស​ផ្សេង​ទៀត ប៉ុន្តែ​នៅ​តែ​មិន​សំណាង​ល្អ​ដោយ​ស្ថិត​នៅ​លេខ​​២២ ក្នុង​ចំណោម​​បេក្ខជន​២៧​នាក់។​

 

កីឡា​ការិនី​លេខ​១​កម្ពុជា ហែមថុន វិទីនី ប្រកួត​លើក​ទី​១​ស្ថិត​នៅ​លេខ​​រៀង​ទី​៦​នៅ​ Heat ៣ ​សម្រាប់​​វិញ្ញាសា Breaststroke ចម្ងាយ​៥០​ម៉ែត្រ។ កីឡា​ការិនី​រូប​ស្រស់​ម្នាក់​នេះ​​ធ្វើ​បាន​ល្អ​សម្រាប់​វិញ្ញាសា​ទី​២ freestyle ​ចម្ងាយ​៥០​ម៉ែត្រ​ដោយ​ជាប់​ចំណាត់​ថ្នាក់​លេខ​១​នៅ​ Heat 1 ប៉ុន្តែ​នៅ​តែ​គ្មាន​ឱកាស​ឡើង​ទៅ​ជុំ​បន្ត បន្ទាប់​ពី​ប្រៀប​ធៀប​ជា​មួយ​បេក្ខនារី​ផ្សេង​ កញ្ញា​ស្ថិត​នៅ​លេខ​រៀង​ទី​២០​ក្នុង​ចំណោម​​៣៩​ប្រទេស​ផ្សេង​ទៀត។

 

ប្រភេទ​កីឡា​ផ្សេង​ទៀត​

ប្រភេទ​កីឡា​របស់​កម្ពុជា​ដែល​មិន​ទាន់​ប្រកួត ភាគ​ច្រើន​ជា​​កីឡា​​មាន​សក្ដានុពល និង​សង្ឃឹម​ទទួល​បាន​មេដាយ​ជូន​ជាតិ​មាតុ​ភូមិ។ កីឡា​ដែល​មិន​ទាន់​ប្រកួត​រួម​មាន​ចំបាប់ តេក្វាន់ដូ ​យូដូ​ Soft Tennis និង​រត់​ប្រណាំង

 

កាល​ស៊ីហ្គេម​ឆ្នាំ​២០១៣​នៅ​ប្រទេស​មីយ៉ាន់ម៉ា តេក្វាន់ដូ និង​ចំបាប់​ជា​អ្នក​នាំ​មេដាយ​មាស​ និង​ប្រាក់​ជួន​ជាតិ​បាន​ច្រើន​ជាង​គេ។ ចាំ​មើល ឌន សៅ, ចូវ សុធារ៉ា, ស៊ន ដាវីន និង​ស៊ន សៀវម៉ី​ នឹង​ធ្វើ​បាន​ល្អ​ដូច​កាល​នៅ​ស៊ីហ្គេម​ទេ?

 

​ព្រឹត្តិការណ៍​កីឡា Asian Games លើក​ទី ១៧ ដែល​រៀបចំ​នៅ​ទីក្រុង Incheon​ ប្រទេស​កូរ៉េខាងត្បូង ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ១៩ កញ្ញា ដល់ ៤ តុលា ឆ្នាំ ២០១៤៕

 

អត្ថបទ៖ ជាន ចាន់រ៉ា

ប្រភព​៖ NOCC