ចម្រៀង​១​បទ ធ្វើ​ឲ្យ​តារា​​សម្ដែង​ស្រី​ម្នាក់​​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក ២៦​ឆ្នាំ

  • 2014-11-27 17:15:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Bollywood ម្នាក់​មក​ពី​ប្រទេស​ប៉ាគីស្ថាន​គឺ​នាង​ Veena Malik ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២៦ឆ្នាំ ពី​បទ​ចូល​រួម​អំពើ​ "ប្រមាថ​ព្រះ" តាម​រយៈ​កម្មវិធី​ទូរទស្សន៍។

 

តារា​សម្ដែង​វ័យ ៣០ឆ្នាំ​ Malik រួម​ជាមួយ​ស្វាមី Asad Bashir Khan Khattak, អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ផលិតកម្ម​វិធី លោក Mir Shakil-ur-Rahman និង​ពិធីករ​កម្មវិធី Shaista Wahidi ត្រូវ​បាន​តុលាការ​ប្រឆាំង​អំពើ​ភេរវកម្ម​នៅ​​ប្រទេស​ប៉ាគីស្ថាន ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ២៦ឆ្នាំ និង​ពិន័យ​ជា​ទឹក​ប្រាក់​ម្នាក់ ១,៣លាន​រូពី​ប៉ាគីស្ថាន (ប្រហែល ១២៧០០ដុល្លារ​អាមេរិក) ហើយ​បើ​សិន​ជា​ពួក​គេ​មិន​មាន​លទ្ធភាព​បង់​​ ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​នឹង​ត្រូវ​ដាក់​លក់​ដើម្បី​បង់។ នេះ​បើ​តាម​របាយការណ៍​របស់​សារព័ត៌មាន Times of India។

 

កម្មវិធី​ទូរទស្សន៍​មួយ​នេះ​បាន​ចាក់​ផ្សាយ​កាល​ពី​ខែ​ឧសភា ដែល​ក្នុង​នោះ Veena Malik និង​ស្វាមី​​ បាន​សម្ដែង​ឈុត​រៀបការ​មួយ ដោយ​បាន​ចាក់​បទ​ភ្លេង​សាសនា​ឥស្លាម ដែល​តុលាការ​ចាត់​ទុក​ថា​ជា​អំពើ​ប្រមាថ​ធ្ងន់ធ្ងរ​មិន​អាច​លើកលែង​បាន។​

 

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​តារា​សម្ដែងMalik ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ទីក្រុង​ឌុយបៃ បាន​និយាយ​ប្រាប់​សារព័ត៌មាន India Today ថា​នាង​មាន​ជំនឿ​លើ​តុលាការ​ប្រទេស​ប៉ាគីស្ថាន ហើយ​នាង​ជឿ​ជាក់​ថា​សេចក្ដី​សម្រេច​ចុង​ក្រោយ​នឹង​ផ្ដល់​យុត្តិធម៌​ឲ្យ​នាង។ នាង​នឹង​ត្រលប់​មក​ប្រទេស​ប៉ាគីស្ថាន​នៅ​ខែ​ធ្នូ ដើម្បី​ប្ដឹង​តវ៉ា​ចំពោះ​ករណី​នេះ។​

 

ក្រៅ​ពី​អាជីព​ជា​តារា​សម្ដែង Malik គឺ​ជា​តារា​ម៉ូដែល និង​ពិធី​ការិនី​ម្នាក់។ នាង​បាន​រៀប​ការ​ជាមួយ​ស្វាមី​កាល​ពី​ឆ្នាំ​២០១៣ និង​ទើប​តែ​សម្រាល​បាន​កូន​ប្រុស​មួយ​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ ៕

 

ទស្សនា​វីដេអូ​សម្ដែង​ដែល​ធ្វើ​ឲ្យ Malik រង​ការ​ចោទ​ប្រកាន់៖ http://youtu.be/o9TR6j-jTnY

អានអត្ថបទ៖តារា​ចម្រៀង​ល្បី​ៗ​​ច្រើន​នាក់​លេច​មុខ​ក្នុង​កម្មវិធី American Music Awards 2014
ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ mirror