បញ្ញា​និម្មិត​រៀន​ឲ្យ​ស៊ី​ជម្រៅ រៀន​ធ្វើ​ឲ្យ​កុំព្យូទ័រ​មាន​ប្រាជ្ញា​គិត​ដូច​មនុស្ស

  • 2014-11-27 17:13:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​បញ្ញា​និម្មិត (Artificial intelligence) មាន​ការ​បណ្ដុះបណ្ដាល​នៅ​តាម​គ្រឹះស្ថាន​សិក្សា​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា តែ​ការ​សិក្សា​មិន​សូវ​ស៊ី​ជម្រៅ​នោះ​ទេ​ និង​គ្រាន់​តែ​ជា​មុខវិជ្ជា​បំពេញ​បន្ថែម​តែ​ប៉ុណ្ណោះ។ យ៉ាង​ណា​មិញ នៅ​ស្រុក​ថៃ​ជំនាញ​នេះ គ្រឹះស្ថាន​សិក្សា​នានា​មាន​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​បណ្ដុះបណ្ដាល និង​សិស្ស​និស្សិត​ជា​ច្រើន​ក៏​ចាប់​អារម្មណ៍​ចុះ​ឈ្មោះ​សិក្សា។

 

 

អ៊ិត វណ្ណដេត ដែល​ទទួល​បាន​អាហារូបករណ៍​សិក្សា​ជំនាញ​បញ្ញា​និម្មិត នៅ​សាកលវិទ្យាល័យ​មហា​សារ៉ាខាម​នៅ​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា បញ្ញា​និម្មិត​ជា​ជំនាញ​ដែល​និស្សិត​ថៃ​កំពុង​មាន​ការ​ពេញនិយម និង​គ្រឹះស្ថាន​សិក្សា​នានា​ក៏​មាន​ការ​ផ្តោត​ការ​បណ្តុះបណ្តាល​ខ្លាំង។

 

បញ្ញា​និម្មិត​ជា​ការ​ធ្វើ​ឲ្យ​កុំព្យូទ័រ​អាច​មាន​សមត្ថភាព​គិត​បាន​ដូច​មនុស្ស​ឬ​ប្រសើរ​ជាង​មនុស្ស។ បញ្ញា​និម្មិត មិន​មែន​ដើម្បី​តែ​ធ្វើ​ឲ្យ​កុំព្យូទ័រ​ឆ្លាត​ដោយ​គ្រាន់​តែ​ឲ្យ​ដឹង​ព័ត៌មាន​ច្រើន​នោះ​ទេ ប៉ុន្តែ​អាច​បង្ហាញ​សកម្មភាព​ឆ្លាត​ដូច​មនុស្ស​បាន​ដែរ។

 

វណ្ណដេត​ថា គ្រឹះស្ថាន​សិក្សា​នៅ​ប្រទេស​កម្ពុជា ការ​សិក្សា​មិន​ស៊ី​ជម្រៅ​នោះ​ទេ និង​គ្រាន់​តែ​ជា​មុខវិជ្ជា​បំពេញ​បន្ថែម​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​ស្រុក​ថៃ​ជំនាញ​នេះ​មាន​ការ​សិក្សា​យក​ចិត្ត​ទុក​ដាក់ និង​ក៏​មុខ​ជំនាញ​ស្នូល​ដែល​គ្រឹះស្ថាន​សិក្សា​ដាក់​ឲ្យ​និស្សិត​សិក្សា។

 

“នៅ​ស្រុក​យើង បញ្ញា​និម្មិត​គេ​រៀន​មិន​លម្អិត​នោះ​ទេ គ្រាន់​តែ​មុខ​វិជ្ជា​រៀន​បំពេញ​បន្ថែម​តែ​ប៉ុណ្ណោះ។ តែ​នៅ​ស្រុក​ថៃ​ជំនាញ​នេះ​គេ​រៀន​ខ្លាំង​មិន​ចាញ់​មុខ​ជំនាញProgramming និង Networking ដែល​សិស្ស​និស្សិត​កម្ពុជា​កំពុង​ពេញ​និយម​នោះ​ទេ”។

 

វណ្ណដេត​ថា ជំនាញ​បញ្ញា​និម្មិត​មាន​លក្ខណៈ​សិក្សា​ខុស​ប្លែក​ពី​មុខ​ជំនាញ​ដទៃ​ទៀត។ ជំនាញ​នេះ​បង្រៀន​ឲ្យ​កុំព្យូទ័រ​មាន​សមត្ថភាព​គិត​ពិចារណា​និង​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ដើម្បី​អាច​ដោះស្រាយ​អ្វី​មួយ​ជាក់លាក់។

 

នៅ​ស្រុក​ថៃ​និស្សិត​ដែល​ចូល​ដល់​ឆ្នាំ​ទី ៤ និង​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា​ ត្រូវ​ជ្រើសរើស​ជំនាញ​សិក្សា ដោយ​ក្នុង​នោះ​ក៏​មាន​ជំនាញ​បញ្ញា​និម្មិត​នេះ​ដែរ។ យុវជន​រូប​នេះ​ថា បញ្ញា​និម្មិត​នៅ​ស្រុក​ថៃ ទើប​តែ​មាន​រយៈ​កាល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សិស្ស​និស្សិត។

 

វណ្ណដេត សង្ឃឹម​និង​ជឿជាក់​ថា នៅ​ថ្ងៃ​ខាង​មុខ​នេះ​ជំនាញ​បញ្ញា​និម្មិត​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ ពី​សិស្ស​និស្សិត​កម្ពុជា ដោយសារ​មុខជំនាញ​នេះ​ផ្តល់​សារប្រយោជន៍​ច្រើន​សម្រាប់​បម្រើ​លើ​វិស័យ​បច្ចេកវិទ្យា។ ជាពិសេស​តាម​គ្រឹះស្ថាន​សិក្សា​មួយ​ចំនួន​ក៏​នឹង​បញ្ចូល​មុខ​ជំនាញ​មួយ​នេះ សម្រាប់​និស្សិត​ជ្រើសរើស​សិក្សា​នោះ​ដែរ។

 

អាន៖ រក​គូព្រេង​តាម​​ Facebook ឆុត​មិន​ឆុត​សាក​សិន​បាន​

អាន​៖ កំពូល​ស្មាតហ្វូន​ទាំង ៤ គីឡូ​ធ្ងន់​ហ៊ាន​តតាំង iPhone 6/6Plus

អាន​៖​ ចំណាយ​ពេល​បន្តិច​ស្វែង​យល់​​ពី​ក្តារ​ចុច​ខ្មែរ​លើ iOS 8

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី