កំពូល​អ្នក​មាន! ចំណាយ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ បាញ់​ដំរី​កម្សាន្ត​អារម្មណ៍

  • 2014-11-28 00:14:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី​កសិកម្ម Ioan Niculae ដែល​គេ​ជឿ​ថា​ជា​អ្នក​មាន​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​រ៉ូម៉ានី បាន​ចំណាយ​ប្រាក់​ជា​ច្រើន​ម៉ឺន​ដុល្លារ ដើម្បី​បាញ់​ដំរី​ជា​ការ​កម្សាន្ត​អារម្មណ៍​នៅ​ទីក្រុង​មួយ ស្ថិត​ក្នុង​ខេត្តLimpopo របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

 

 

​​បន្ទាប់​ពី​បាញ់​រួច មហាសេដ្ឋី​ទឹក​ប្រាក់​ពាន់​លាន​នេះ ​បាន​កុម្ម៉ង់​​ឲ្យ​អ្នក​ជំនាញ​ព្រលះ​យក​ស្បែក​ដំរី ពាស​លើ​សំឡី​ជា​រូប​សិប្បនិម្មិត​យក​ទៅ​ប្រទេស​របស់​ខ្លួន​វិញ។ ​អ្នក​ជំនាញ​ខាង​សូន​រូប ​​បាន​ចំណាយ​ពេល ៧​ខែ ព្រលះ​យក​ស្បែក ដើម្បី​ទុក​​ឲ្យ​ស្ងួត ងាយ​ស្រួល​យក​ទៅ​ពាស​ជា​រូប​សិប្បនិម្មិត​នោះ​។

 

 

ការ​បាញ់​ដំរី ត្រូវ​ចំណាយ​អស់ ២០០០០​ផោន (ជាង ៣ម៉ឺន​ដុល្លារ) ហើយ​ថ្លៃ​ឈ្នួល​លើ​ការ​ព្រលះ និង​សូន​ចេញ​ជា​រូប​សិប្បនិម្មិត​ត្រូវ​ចំណាយ​អស់ ៣០០០០​ផោន​ទៀត (ជិត ៥​ម៉ឺន​ដុល្លារ)។ សរុប​ទាំង​អស់ លោក​ត្រូវ​ចំណាយ​អស់​ប្រាក់​ប្រហែល ៨​ម៉ឺន​ដុល្លារ ក្នុង​ការ​នាំ​យក​ដំរី​សិប្បនិម្មិត និង​រូប​សត្វ ១៩​ផ្សេង​ទៀត ទៅ​កាន់​ប្រទេស​រ៉ូម៉ានី​វិញ។ ​​​

 

បុរស​វ័យ ៥១​ឆ្នាំ លោក Deiter Ochsenbein ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ពាស​ស្បែក​សត្វ និង​ជា​អ្នក​ទទួល​ការ​កុម្ម៉ង់​របស់​មហាសេដ្ឋី​រ៉ូម៉ានី បាន​និយាយ​ថា "ពាស​ស្បែក​ដំរី​យូរ​ខ្លាំង​ណាស់...... ពេល​នៅ​រស់ ដំរី​មាន​ទម្ងន់​ប្រហែល ៤​តោន​កន្លះ.... តែ​ពេល​ព្រលះ​យក​សាច់​ចេញ ដាក់​សំឡី​ជំនួស​ចូល​ក្នុង​ស្បែក​វិញ វា​នៅ​សល់​ត្រឹម​តែ​កន្លះ​តោន​ទេ"។

 

ការងារ​នេះ​ត្រូវ​ចំណាយ​កម្លាំង​មនុស្ស ៦​នាក់ ដើម្បី​បំពេញ​គ្រោង​ដំរី​ទាំង​មូល ដែល​ធ្វើ​ឡើង​ពី​បំណែក ៤៧​ផ្នែក។ លោក Deiter ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ភ្លុក​ក៏​ដាក់​ជំនួស​ដោយ​របស់​សិប្បនិម្មិត​ដែរ ចំណែក​ឯ​ភ្លុក​ដើម​អាច​ត្រូវ​ដាក់​នៅ​ក្នុង​កេះ​ដាច់​ដោយ​ឡែក។

 

រូប​ដំរី​សិប្បនិម្មិត​ដែល​អ្នក​ជំនាញ​ធ្វើ​រួច និង​ពាស​ដោយ​ស្បែក​ដំរី

 

លោក Ioan Niculae គឺ​ជា​អ្នក​មាន​ជាង​គេ​ក្នុង​ប្រទេស​រ៉ូម៉ានី និង​ជា​មហាសេដ្ឋី​លំដាប់​ថ្នាក់​ទី​ ១៣៧២ របស់​ពិភពលោក ជាមួយ​ទ្រព្យ​សម្បត្តិ ១,១​ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​ការ​ចាត់​ថ្នាក់​របស់​ទស្សនាវដ្ដី Forbes នៃ​សហរដ្ឋអាមេរិក។

ចុចអាន៖ ជីវិត​កូន​អ្នក​មាន​ចិន​​រៀន​នៅ​អាមេរិក ជិះ​សុទ្ធ​តែ​ឡាន​​កប់ស៊េរី

 

​​ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ dailymail