កូនក្រមុំវាយកូនកំលោះមុនថ្ងៃការ ធ្វើឲ្យអាពាហ៍ពិពាហ៍ជាង២ម៉ឺនដុល្លារត្រូវលុបចោល
- 2014-12-02 22:38:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនក្រមុំវាយកូនកំលោះមុនថ្ងៃការ ធ្វើឲ្យអាពាហ៍ពិពាហ៍ជាង២ម៉ឺនដុល្លារត្រូវលុបចោល
ចន្លោះមិនឃើញ
អាពាហ៍ពិពាហ៍ដែលគេគិតថានឹងប្រកបទៅដោយភាពរីករាយ បានក្លាយជាអាប់អួ បន្ទាប់ពីកូនកំលោះ និងកូនក្រមុំមួយគូនៅប្រទេសសិង្ហបុរី ឈ្លោះប្រកែករហូតឈានដល់ការប្រើហិង្សាមុនប្រារព្ធពិធី។ អាពាហ៍ពិពាហ៍អ្នកទាំងពីរត្រូវធ្វើឡើងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Sentosa ប្រទេសសិង្ហបុរី ដោយត្រូវចំណាយប្រាក់ប្រហែល ២ម៉ឺនដុល្លារ។ ទោះជាប្រកាសលុបចោលមែន តែការទទួលភ្ញៀវនៅតែធ្វើឡើងជាធម្មតា ដោយមានការសុំអភ័យទោសពីសំណាក់កូនកំលោះ។
កូនកំលោះវ័យ ២៦ឆ្នាំ បានប្រាប់សារព័ត៌មាន Seerhin Min ថា មួយសប្ដាហ៍មុនពិធីរៀបការចាប់ផ្ដើមឡើង លោក និងគូដណ្ដឹងដែលមានវ័យ ២៦ឆ្នាំដែរនោះ បានកើតជម្លោះជាមួយគ្នា។ លោកបានបញ្ជាក់ថា "នាងបានទះកំផ្លៀងខ្ញុំ ៧ដង... ហើយស្មាខ្ញុំ និងទ្រូងខ្ញុំក៏ហើមជាំអស់ ដោយសារតែនាងដែរ"។ លោកបានបន្តទៀតថា ហេតុការណ៍នេះបានធ្វើឲ្យលោក និងគ្រួសារអន់ចិត្តខ្លាំងណាស់។ ដូចនេះហើយ ទើបលោកប្រកាសលុបចោលអាពាហ៍ពិពាហ៍ ១ថ្ងៃមុនកាលបរិច្ឆេទ។
នៅថ្ងៃអាពាហ៍ពិពាហ៍មកដល់ មានតែវត្តមានកូនកំលោះប៉ុណ្ណោះ ចំណែកឯកូនក្រមុំមិនបានបង្ហាញខ្លួននៅកន្លែងរៀបចំពិធីទេ។ តុអាហារបី ទៅបួនតុ ពុំមានភ្ញៀវឡើយ ហើយគេជឿថាជាតុ ដែលរៀបត្រៀមទុកសម្រាប់ភ្ញៀវរបស់កូនស្រី។ តុទាំងអស់មានចំនួន ១២តុ ដែលលោក Liu បាននិយាយថាចំណាយអស់ប្រាក់ប្រហែល ២ម៉ឺនដុល្លារ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន Shin Min Daily News។
“ខ្ញុំគិតថា បញ្ហារវាងមនុស្សពីរនាក់គួរតែដោះស្រាយឲ្យរួចមុនពេលការ... អីចឹងហើយទើបខ្ញុំប្រាប់គូដណ្ដឹងពីរឿងនេះ... ប៉ុន្តែដោយសារពិធីរៀបចំហើយ ខ្ញុំក៏សម្រេចចិត្តបន្តទទួលភ្ញៀវ ហើយសុំទោសពួកគេ"។ នេះបើតាមលោក Liu រៀបរាប់ប្រាប់អ្នកយកព័ត៌មាន។ លោកបានបញ្ជាក់បន្ថែមថា នឹងរៀបចំពិធីនេះ ឲ្យទៅជាពិធីជួបជុំគ្រួសារវិញ។ ចំណែកឯចំណងដៃដែលទទួលបានពីភ្ញៀវ លោកនឹងផ្ដល់ទៅឲ្យសកម្មភាពសប្បុរសធម៌។ លោក Liu បានឱនលំទោន និងអានលិខិតអភ័យទោសទៅកាន់ភ្ញៀវទាំងអស់ ដើម្បីសុំការយោគយល់។
ចំណែកគូដណ្ដឹងរបស់លោក Liu ដែលកំពុងពពោះ៤ទៅ ៥ខែ បានបញ្ជាក់ថា នាងទះកំផ្លៀងគូដណ្ដឹងតែម្ដងប៉ុណ្ណោះ ហើយមានហេតុផលទើបធ្វើបែបនេះ។ នាងបាននិយាយទៀតថា មុនពេលរៀបការ លោក Liu ធ្លាប់អះអាងពីរឿងបញ្ឈប់មង្គលការដោយសារជម្លោះញឹកញាប់ពេក។ ការលើកឡើងពីរឿងនេះ បានធ្វើឲ្យនាងខឹងយ៉ាងខ្លាំង ហើយក៏ទះមួយកំផ្លៀងទៅ។ ក្រចករបស់នាងបានធ្វើឲ្យមានស្នាមរបួសលើខ្លួនលោក Liu ប៉ុន្តែនាងមិនបានទះដល់ទៅ ៧កំផ្លៀងដូចលោក Liu និយាយនោះទេ។
នាងបានបញ្ជាក់បន្តថា នាងកំពុងពពោះ អារម្មណ៍មិនសូវល្អ ដូចនេះហើយទើបធ្វើឲ្យនាងហ៊ានទះកំផ្លៀងលោក Liu។ នាងគិតថា អាពាហ៍ពិពាហ៍នេះប្រហែលជាមិនអាចកើតឡើងទៀតទេ ហើយលោក Liu គ្រាន់តែចង់បានកូនប៉ុណ្ណោះ ដោយគ្មានបំណងរៀបការជាមួយនាងទៀតឡើយ។
ទោះយ៉ាងណា ខាងកូនកំលោះឯណោះវិញ នៅតែអះអាងថាមិនបញ្ឈប់ក្ដីស្រលាញ់ចំពោះគូដណ្ដឹងខ្លួនទេ បើទោះជាពេលនេះអាពាហ៍ពិពាហ៍លើកទីមួយបានលប់ចោលក៏ដោយ។ លោកបាននិយាយជាចុងក្រោយថា "ខ្ញុំសង្ឃឹមថានឹងអាចនាំនាងទៅរកការប្រឹក្សាណាមួយ... ធ្វើអីចឹងនាងនឹងអាចគ្រប់គ្រងអារម្មណ៍បានល្អជាងនេះ ហើយមិនប្រើហិង្សាលើខ្ញុំទៀត។ ខ្ញុំនឹងចាំនាង ហើយរៀបចំមង្គលការយើងទាំងពីរនាក់ម្ដងទៀត"៕
យល់យ៉ាងណាដែរ ចំពោះរឿងនេះ?
ចុចអាន៖ ពិតជាមានមែន! សម្ញែងរថយន្តថ្លៃៗ និងចែកលុយសុទ្ធក្នុងថ្ងៃរៀបការ
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ singaporeseen