iPhone 6/6 Plus កំពុងកាក់កប ស្រាប់តែចិនប្ដឹងថា ចម្លងម៉ូដគេ
- 2014-12-04 16:59:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 6/6 Plus កំពុងកាក់កប ស្រាប់តែចិនប្ដឹងថា ចម្លងម៉ូដគេ
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតទូរសព្ទរបស់ចិនមួយឈ្មោះ Digione ដែលមិនសូវមានកិត្តិនាមលើទីផ្សារពិភពលោកបានផ្ញើលិខិតមួយទៅកាន់ក្រុមហ៊ុន Apple កាលពីខែកញ្ញាកន្លងទៅ ដោយចោទប្រកាន់ក្រុមហ៊ុនមួយនេះថាបានលួចចម្លងម៉ូដផលិតផលរបស់ខ្លួន ហើយក៏គ្រោងនឹងប្ដឹងក្រុមហ៊ុនមានស្លាកសញ្ញារូបផ្លែប៉ោមមួយនេះពីបទរំលោភលើប៉ាតង់។
ប៉ាតង់ដែលដែលក្រុមហ៊ុនចិនកំពុងតែត្រៀមនឹងប្ដឹង Apple នោះគឺផ្ដោតទៅលើការរចនាផ្នែករូបរាងខាងក្រៅរបស់ iPhone 6/6 Plus ដែលថាបានចម្លងតាម Smartphone របស់ខ្លួនឈ្មោះ 100+V6។ មួយឃ្លានៅក្នុងលិខិតដែល Digione ផ្ញើទៅកាន់ Apple បានសរសេរថា "យើងជឿថាទំនាក់ទំនងដោយសុច្ឆន្ទៈនឹងនាំឲ្យមានដំណោះស្រាយចំពោះជម្លោះប៉ាតង់មួយនេះ"។
ក្រុមហ៊ុនចិនមួយនេះ បានចុះបញ្ជីប័ណ្ណប៉ាតង់របស់ខ្លួនតាំងពីខែមករា ហើយបានអនុញ្ញាតឲ្យប្រើប័ណ្ណប៉ាតង់នោះជាផ្លូវការនៅខែកក្កដាឆ្នាំ ២០១៤ មកម្ល៉េះ។ នេះបើតាមការបញ្ជាក់របស់ការិយាល័យជំនាញផ្នែកអចលនទ្រព្យមួយរបស់ចិន។
Smartphone ម៉ូដែល 100+ V6 របស់ក្រុមហ៊ុនចិននេះមានអេក្រង់ទំហំ ៥,៥អ៊ីញ ប្រើប្រព័ន្ធប្រតិបត្តិការ Android និងមានតម្លៃត្រឹមតែ ១៣០ដុល្លារប៉ុណ្ណោះ (តម្លៃនៅចិន)។
យ៉ាងណាក៏ដោយមកទល់ពេលនេះនៅមិនទាន់មានការឆ្លើយតបណាមួយជាផ្លូវការចំពោះការចោទប្រកាន់ពីសំណាក់ក្រុមហ៊ុនចិនមួយនេះនៅឡើយទេ។ ចំពោះបញ្ហារំលោភសិទ្ធិប៉ាតង់បែបនេះ អាចនិយាយបានថាវាមិនមែនជារឿងអ្វីថ្មោងថ្មីសម្រាប់ក្រុមហ៊ុនម្ចាស់ផលិតផល iPhone 6/6 Plus នេះទេ។ ជាក់ស្ដែងកាលពីឆ្នាំ ២០១២ Apple ក៏ធ្លាប់បង់ប្រាក់ចំនួន ៦០លានដុល្លារដល់ក្រុមហ៊ុន Proview របស់ចិន ដោយសារតែការចោទប្រកាន់ពីបទលួចចម្លងម៉ូដរបស់ក្រុមហ៊ុនចិនមួយនេះ យកទៅរចនាលើ iPad។ ជម្លោះមួយដ៏រ៉ាំរ៉ៃផ្សេងទៀត គឺApple និងSamsung៕
ចាំមើលតទៅទៀតថា តើជម្លោះប៉ាតង់ម្ដងនេះរបស់ Apple នឹងទៅជាយ៉ាងណា ខណៈដែលក្រុមហ៊ុនចិន Digione ព្យាយាមទាមទាររកយុត្តិធម៌ដោយខានតែបានបែបនេះ?
តើរូបរាងទូរសព្ទទាំងពីរម៉ូដែលនេះ ស្រដៀងគ្នាប៉ុន្មានភាគរយ? តើiPhone6/6 Plus ពិតជាចម្លងម៉ូដគេមែនឬយ៉ាងណា ព្រោះ100+V6 ចេញលក់មុន?
អាន៖ Apple ប្ដូរយុទ្ធសាស្ត្រចេញ iPhone មួយឆ្នាំ ២ ដង
ប្រែសម្រួល៖ ប៉ែត ផាន់និត ប្រភព៖ macworld