ឈ្មោះ 'គីម ជុងអ៊ុន' មានតែមួយគត់ ហាមមិនឲ្យអ្នកផ្សេងប្រើ
- 2014-12-05 16:11:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈ្មោះ 'គីម ជុងអ៊ុន' មានតែមួយគត់ ហាមមិនឲ្យអ្នកផ្សេងប្រើ
ចន្លោះមិនឃើញ
កូរ៉េខាងជើងពីមុនធ្លាប់ដាក់បញ្ជាឲ្យប្រុសៗកាត់សក់យកម៉ូដតាមមេដឹកនាំរបស់ខ្លួន ប៉ុន្តែពេលនេះប្លែកខុសលើកមុន ព្រោះប្រទេសនេះបានចេញបម្រាមថ្មីមួយ គឺហាមដាក់ឈ្មោះតាមលោក គីម ជុងអ៊ុន។ ចំណែកឯអ្នកដែលមានឈ្មោះដូចមេដឹកនាំវ័យក្មេងនេះហើយ ត្រូវប្ដូរចេញទាំងអស់។
មេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង គីម ជុងអ៊ុន
ឈ្មោះ គីម ជុងអ៊ុន មិនត្រូវអនុញ្ញាតឲ្យប្រើសម្រាប់ទារកកើតថ្មីទេ។ ចំណែកអ្នកមានឈ្មោះនេះហើយត្រូវប្ដូរចេញជាបន្ទាន់ ទាំងនៅលើសំបុត្របញ្ជាក់កំណើត និងនៅលើសំបុត្របញ្ជាក់ទីលំនៅផង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន KBS ដែលដកស្រង់សម្ដីផ្ទាល់ពីមន្ត្រីកូរ៉េខាងជើង។
បម្រាមនេះ ពីមុនមកធ្លាប់ធ្វើលើអតីតមេដឹកនាំរបស់កូរ៉េខាងជើងពីររូបរួចទៅហើយ គឺឪពុករបស់មេដឹកនាំបច្ចុប្បន្នឈ្មោះ គីម ជុងអ៊ីល និងជីតាឈ្មោះគីម អ៊ីលស៊ុង។ ក្រសួងបង្រួបបង្រួមរបស់ប្រទេសកូរ៉េខាងត្បូង ដែលជាអ្នកភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយកូរ៉េខាងជើង មិនអាចបញ្ជាក់បានភ្លាមៗពីបម្រាមនេះទេ ប៉ុន្តែនិយាយថាវាអាចទៅរួច។
គេនៅមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់កំពុងប្រើឈ្មោះ "គីម ជុងអ៊ុន" ដូចមេដឹកនាំកូរ៉េខាងជើងនេះទេ ប៉ុន្តែ "គីម" គឺជាត្រកូលដែលគ្រួសារទូទៅតែងប្រើ ចំណែកឯ "ជុងអ៊ុន" គឺជាឈ្មោះដ៏ពេញនិយមនៅប្រទេសកុម្មុយនិស្តអាស៊ីមួយនេះ៕
ចុចអាន៖ មន្ត្រីកូរ៉េខាងជើងថាអាមេរិកជាអ្នកបង្កើតមេរោគអេបូឡា
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ yahoo