​ប៉ែន សុខ​អាន៖ ស្ដាយ​មិន​ឈ្នះ​ពាន​ តែ​​បាន​ទាញ​ពិភពលោក​ឲ្យ​ស្គាល់​​ខ្មែរ

  • 2014-12-05 17:47:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប៉ែន សុខ​អាន យុវតី​ដំបូង​គេ​​​ដែល​​ឡើង​ទៅ​ប្រកួត​​​វោហារ​សព្ទ​​​ពាន​​​​​រង្វាន់​ពិភពលោក​​ ​សោក​ស្ដាយ​ដែល​មិន​អាច​យក​​ជយលាភី​មក​ប្រទេស​បាន តែ​ថា​​ហោច​ណាស់​វត្ត​មាន​កញ្ញា​ក្នុង​ឆាក​​​ថ្វី​​​មាត់​ជា​ភាសា​អង់​គ្លេស​កម្រិត​កំពូល​នេះ​​ បាន​​​លាត​ត្រដាង​​ប្រាប់​​​​ពិភពលោក​ និង​​ប្រជាជន​​ខ្មែរ​ថា យុវជន​ខ្មែរ​ឥឡូវ​​​ក៏​​មាន​សមត្ថភាព​​និង​ចំណេះ​ដឹង​មិន​អន់​ដែរ។

 

 

«​ខ្ញុំ​មាន​​មោទនភាព និង​រីករាយ​​ខ្លាំង​ ប៉ុន្តែ​វា​គួរឲ្យ​ស្ដាយ​​និង​អន់​ចិត្ត​ដែល​ខ្ញុំ​មិន​អាច​​ឈ្នះ​ពាន​ពិភពលោក​​នោះ»។ ​​សុខអាន​ វ័យ​១៨​ឆ្នាំ​​ដែល​​បាន​ផ្ដួល​​យុវជន​​​​ឆ្នើម​​​​​​ពី​ប្រទេស​នានា​នៅ​ អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​​យក​កៅអី​វគ្គ​ពាន​ពិភពលោក​​​​​ធ្វើ​ឡើង​នៅ​ក្រុង​​ Leipzig ​ប្រទេស​​ អាឡឺម៉ង់​​​​​​ កាល​​ចុង​ខែ​មុន​​ដែល​ការ​​​​​​ប្រកួត​នេះ ជា​​​​ផ្នែក​​​មួយ​​នៃ​​​​សមាជ​​​ពិភពលោក​របស់​បណ្ដាញ​សភា​យុវ​ពាណិជ្ជករ​​អន្តរជាតិ​​ (JCI) ជាង​១០០​ប្រទេស (2014 JCI World Congress) ​​​​ ​​រៀប​រាប់​​ប្រាប់​ Sabay ​ក្រោយ​វិល​វិញ​​​បាន​ជាង​១​អាទិត្យ​មក​​នេះ។

 

 

ការ​​​ប្រជែង​ពាន​ពិភពលោក​ ប៉ែន សុខអាន​ ​​ជើង​ឯក​ អាស៊ី​ប៉ាស៊ីហ្វិក ​បាន​​តស៊ូ​ជាមួយ​​បេក្ខជន​៣​នាក់​ទៀត​ដែល​ជា​​​ជើង​ឯក​មក​​ពី​​ អឺរ៉ុប អាមេរិក និង​អាហ្វ្រិក លើ​ប្រធាន​ប្រធាន​បទ ​« The greatest global movements have been ignited by one visionary individual»​​ ឬ ​«​ចលនា​សកល​ដ៏​អស្ចារ្យ​​ កើត​ឡើង​​ពី​សកម្មភាព​នៃ​​ចក្ខុវិស័យ​របស់​បុគ្គល​​​ម្នាក់​ៗ»។

 

 

មុន​​ពេល​​ប្រកួត​​បេក្ខជន​ម្នាក់ៗ​​​​​មាន​ពេល​មួយ​ខែ​ ដើម្បី​​ស្រាវជ្រាវ​​ និង​ហ្វឹកហ្វឺន​ការ​​បក​ស្រាយ​ប្រធាន​បទ​នេះ។ ​ឯ​ សុខ​អាន​ វិញ​ប្រាប់​​ថា​ ដំបូង​​កញ្ញា​ប្រមូល​គំនិត​ថា​​ត្រូវ​និយាយ​អ្វី? រួច​​រៀប​ចំ​សរសេរ​​គម្រោង​​ពង្រាង​ឡើង​​ឲ្យ​មាន​​បែប​បទ​ល្អ។ ​បន្ទាប់​ទៀត​ ចាប់​​ផ្ដើម​​​ហាត់​​​សម​និយាយ​ ការ​ប្រើ​កាយវិការ​ ឥរិយាបថ​ ​ដែល​​​ទាក់​ទាញ​ ម្ដង​ហើយ​ម្ដង​ទៀត​ៗ​។ ​

 

អាន​អត្ថបទ៖ ក្រមា​​បង់​ក​​ខ្មែរ​កំពុងឡើងកូដ​ក្លាយ​ជា​ Fashion ​ស៊ី​វិល័យ​នៅ​ប៉ារីស​

ប៉ែន សុខអាន និង​​បេក្ខជនជើង​ឯក​មក​ពី អាមេរិក អាហ្វ្រិក និង អឺរ៉ុប

 

​​ថ្ងៃ​ប្រកួត ​ប៉ែន សុខអាន​ និង​​​ បេក្ខជន​​៣​ទៀត​ ​​មាន​ពេល​មិន​ក្រោម​​៥​នាទី និង​មិន​ឲ្យ​លើស​​៧​នាទី ​ដើម្បី​​បក​ស្រាយ​​​ប្រធាន​បទ​ ដែល​មាន​គណៈកម្មការ​វាយ​តម្លៃ​បី​នាក់​​​។​ ​​​គ្មាន​ការ​​​តម្រូវ​​​​ឲ្យ​​បេក្ខជន​ណា​​​​​ម្នាក់​​មើល​និង​ស្ដាប់​ការ​បក​ស្រាយ​​ដៃគូ​បាន​ទេ ​​ក្រែង​​ច្បិច​​យក​គំនិត​ល្អ​ៗ។​ គឺ​ទាល់​តែ​​​​​​​បេក្ខជន​ណា​មួយ​​​​និយាយ​ចប់​ ទើប​អាច​​​ទៅ​​អង្គុយ​ស្ដាប់​​អ្នក​បន្ទាប់​បាន​។​ សុខ​អាន ​​បរិយាយ​ពី​អារម្មណ៍​លើ​ឆាក​​ប្រកួត​កម្រិត​ពិភពលោក​និង​តំបន់​​៖  ​«​ខ្ញុំ​រង​សម្ពាធ​​ និង​ភ័យ​ខ្លាំង​ បើ​ធៀប​​កាល​ជាប់​ជើង​ឯក អាស៊ី​ប៉ាស៊ី​ហ្វិក​ នៅ ជប៉ុន​ ​ព្រោះ​មើល​ទៅ​គូ​ប្រជែង​៣​នាក់​ទៀត សុទ្ធ​តែ​​​​ចាស់​ៗ​​និង​​មាន​បទ​ពិសោធន៍​ការងារ​ច្រើន​ ដឹង​ច្រើន​​»។

 

ជា​លទ្ធផល​​ក្រោយ​ការ​​​​បក​ស្រាយ​យ៉ាង​ប្រុង​ប្រយ័ត្ន​រៀង​ៗ​​ខ្លួន​​២​ថ្ងៃ​​ លទ្ធផល​បាន​ប្រកាស​។ ​​​តែ​ជា​លទ្ធផល​​សោក​ស្ដាយ​​សម្រាប់​ សុខអាន នៅ​​ពេល​​​​ជយលាភី​ World Public Speaking Championship ​​នោះ​​ បាន​​ធ្លាក់​ទៅ​លោក​ Paul Akingbola​​​ សញ្ជាតិ​​​​នីហ្សេរីយ៉ា ​​ដែល​​ជា​​​ជើង​​​​​ឯក​​​​តំណាង​ឲ្យ​​​ទ្វីប​​អាហ្វ្រិក។

 

 

​​ប៉ែន សុអាន ​ដែល​ជាប់​បាក់​និទ្ទេស​B​កាល​២០១៣​ ​រៀប​រាប់​ថា​ទោះ​អន់​ចិត្ត​ ដែល​មិន​អាច​ឈ្នះ​គូ​ប្រជែង​បាន ​តែ​ហោច​ណាស់​​វត្តមាន​​​​​ជា​ប្រវត្តិសាស្ត្រ​​របស់​កញ្ញា​នៅ​ឆាក​​​កំពូល​នេះ ​បាន​​ទាញ​ឲ្យ​​​​ពិភពលោក​ ​និង អាស៊ី​​ ​ភ្ញាក់​​​​​ថា​​​  យុវជន​ខ្មែរ​​​ក៏​​មាន​សមត្ថភាព​មិន​​ចាញ់​​យុវជន​ខ្លាំង​ៗ​​លើ​ពិភពលោក​ឡើយ។ «​​គឺ​វា​អស្ចារ្យ​ណាស់​! ​​មើល​ទៅ​​​គេ​មិន​សូវ​ស្គាល់​ខ្មែរ​យើង​សោះ តែ​ពេល​ហ្នឹង​គេ​ចាប់​ស្គាល់​​ ហើយ​ខ្ញុំ​​សង្ឃឹម​ថា​យុវជន​ខ្មែរ​យើង​ដទៃ​នឹង​​ធ្វើ​វា​បាន​​កាន់​តែ​អស្ចារ្យ​​​»៕

 

ប៉ែន សុខអាន និង​ក្រុម​ថ្នាក់​គ្រប់​គ្រង JCI កម្ពុជា ដែល​ដឹក​នាំ​ទៅ​ការ​ប្រកួត​​នៅ​ក្រុង  Leipzig

 

ប៉ែន សុខ​អាន​ មុន​ពេល​​មាន​កៅ​អី​​ប្រកួត​ពាន​ពិភពលោក​ ​កញ្ញា​​បាន​ជាប់​ជើង​ឯក​​ក្នុង​ការ​ប្រកួត​ ​វោហារ​សព្ទ​​ថ្នាក់​ជាតិ​រៀប​ចំ​ដោយ JCI កម្ពុជា ​សាខា​ចតុមុខ រួច​ទៅ​​បន្ត​ទៅ​​ក្លាយ​ជា​ជើង​ឯក​ប្រចាំ​តំបន់​ គឺ​ពាន​រង្វាន់​ អាស៊ី​ប៉ាស៊ីហ្វិក​ នៅ​​ប្រទេស​ជប៉ុន ​ដោយ​ការ​ផ្ដួល​យុវជន​ពី​ប្រទេស​​ផ្សេង​ៗ​ដូច​ជា ម្ចាស់​ផ្ទះ​ជប៉ុន ម៉ុងហ្គោលី ​ម៉ាឡេស៊ី ហ្វីលីពីន និង​ ឥណ្ឌា ជា​​ដើម។​ សុខ អាន​ ​ជា​សិស្ស​​ភាសា​អង់​គ្លេស​​កម្រិត​ខ្ពស់​នៅ​វិទ្យាស្ថាន AII និង​​ទើប​ចាប់​ផ្ដើម​​​ការ​សិក្សា​ជំនាញ​ភាសា​អង់គ្លេស​​​ឆ្នាំ​ដំបូង​នៅ​វិទ្យាស្ថាន​ភាសា​បរទេស​ IFL ​កាល​ដើម​សប្ដាហ៍​នេះ៕

 

សុខ ដែន តារា​ក្បាច់​គុន​ខ្មែរ​ ត្រៀម​បង្ហាញ​ឃ្លីប​វីដេអូ​ពិសេស​ដើម​ឆ្នាំ​ ២០១៥! ​ក្រមា​​បង់​ក​​ខ្មែរ​កំពុងឡើងកូដ​ក្លាយ​ជា​ Fashion ​ស៊ី​វិល័យ​នៅ​ប៉ារីស​

អត្ថបទ៖ ប៉ែន សុផាន់ណា​​