ខេម ចេញ​បទ​ស្រែក​ខ្លាំង​លើក​ដំបូង​ក្រោយ​​​ប្រឡូក​សិល្បៈ​បាន ៧ ​ឆ្នាំ​​ (វីដេអូ)

  • 2014-12-08 19:35:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេម​ បាន​ចេញ​បទ​ចម្រៀង​ស្រែក​ខ្លាំង​លើក​ដំបូង​ មិនធ្លាប់​មាន​​ក្នុង​ផលិតកម្ម Town ក្រោយ​ប្រឡូក​សិល្បៈ​​ជិត ៧​ឆ្នាំ​មក។

ចម្រៀង​លោក​ប្រើ​សំឡេង​ខ្លាំង​លើក​ដំបូង​មាន​ចំណង​ជើង​ថា"គេ​ជា​តារា​ល្បី" ត្រៀម​នឹង​ចេញ​លក់​លើ​ទីផ្សារ​ក្នុង​ពេល​ឆាប់ៗ។

 

បទ"គេជា​តារា​ល្បី" របស់​ ខេម​ប្រើ​សំឡេង​ខ្លាំង​ត្រៀម​ចេញ​លក់​លើ​ទីផ្សារ

 

តារា​ចម្រៀង​សំឡេង​ស្អក​កំពុង​ឈាន​មុខ​ក្នុង​ផលិតកម្ម Town លោក ខេម និយាយ​ថា៖ "ខ្ញុំ​មិន​ធ្លាប់​មាន​ចម្រៀង​ស្រែក​ដល់​ថ្នាក់​ហ្នឹង​ទេ​តាំង​ពី​ចូល​សិល្បៈ​មក។ ជា​ធម្មតា​ ចម្រៀង​មួយ​បទ​ខ្ញុំ​ប្រើ​ពេល​ថត​សំឡេង តែ​ ១៥​នា​ទី​ប៉ុណ្ណោះ តែ​នេះ​ជាង​មួយ​ម៉ោង​ហើយ​នៅ​តែ​មិន​ទាន់​រួច"។

 

ខេម បន្ត​ថា​ បទ​ចម្រៀង​មួយ​បទ​ខាង​លើ​គឺ​ពិបាក​ច្រៀង និង​ធ្វើ​សំឡេង​បំផុត។ លោក​មិន​បាន​ដឹង​ពី​មូលហេតុ​នាំ​ឱ្យ​អ្នក​និពន្ធ​ជ្រើសរើស​ខ្លួន​ឱ្យ​បក​ស្រាយ​បទ "គេ​ជា​តារា​ល្បី" នេះ​ឡើយ។

 

ទោះ​ជា​បែប​នេះ​ តារា​ចម្រៀង​មាន​ប្រភព​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ខាង​អះអាង​ថា អាច​អ្នក​និពន្ធ​ចង់​ដឹង​ពី​សំឡេង​ ក៏​ដូច​ជា​សមត្ថភាព​របស់​ខ្លួន​មាន​កម្រិត​ណា។

 

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ Town ខេម​ បាន​រំពឹង​ខ្ពស់​ថា​ បទ​ចម្រៀង​ដែល​លោក​ប្រើ​សំឡេង​ខ្លាំង​លើក​ដំបូង​ក្នុង​អាជីព​ជា​អ្នក​សិល្បៈ​នឹង​អាច​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន​បាន​ច្រើន​ពេល​ចេញ​លក់​លើ​ទីផ្សារ។

 

 

ទន្ទឹម​នឹង​នេះ​លោក​ ក៏​ស្នើ​ឱ្យ​ប្រិយមិត្ត និង​ មិត្ត​យុវវ័យ​ជួយ​គាំទ្រ​​បទ​ចម្រៀង​របស់​ខ្លួន រួម​នឹង​តារា​ចម្រៀង​ផ្សេង​ទៀត​ផង​ដែរ ហើយ​ក្នុង​នោះ​លោក​ក៏​សុំ​ឱ្យ​ទស្សនិកជន​រិះគន់​ក្នុង​ន័យ​ស្ថាបនា​លើ​តារា​ចម្រៀង​​និមួយៗ កុំ​បន្តុះបង្អាប់​ជាន់​ពន្លិច​បន្ថែម។

 

“ចម្រៀង​ទី​មួយ​របស់​ខ្ញុំ​ត្រូវ​ប្រើ​សំឡេង​ស្រែក​ខ្លាំង បងប្អូន​ជួយ​គាំទ្រ​ផង ហើយ​បើ​រិះគន់​ គឺ​ធ្វើ​ក្នុង​ន័យ​ស្ថាបនា​បាន​ហើយ កុំ​​ធ្វើ​ឱ្យ​តារា​ចម្រៀង​ពួកគាត់​បាក់​ទឹក​ចិត្ត​អី"។ ខេម បន្ថែម។

 

ខេម គឺ​ជា ​តារា​ចម្រៀង​កំពុង​លេចធ្លោ​ក្នុង​ផលិតកម្ម Town ធៀប​ទៅ​នឹង​តារា​ចម្រៀង​ផ្សេងៗ​ទៀត។ លោក​បាន​ចាប់​អាជីព​ជា​អ្នក​ចម្រៀង​ក្នុង​ឆ្នាំ ២០០៧ ក្រោយ​ប្រឡង​ជាប់​កម្មវិធី Boy Band របស់​ស្ថានីយ​ទូរទស្សន៍ CTN។ លោក​បាន​ហក់​ចូល​ផលិតកម្ម​ Town ក្នុង​ឆ្នាំ​២០១០ ហើយ​បាន​ក្លាយ​ជា​តារា​ល្បី​ឈ្មោះ​មក​ទល់​នឹង​បច្ចុប្បន្ន​ ដោយសារ​តែ​សំឡេង​ស្អក​ប្លែក​ពី​គេ៕

 

អានអត្ថបទបន្ត៖ ខេម ពី​អ្នក​រត់​ម៉ូតូឌុប​មក​ជា​តារា​ចម្រៀង​លំដាប់​ជួរ​មុខ​នាពេល​បច្ចុប្បន្ន​

អានអត្ថបទបន្ត៖ ​មាន​ដើម​ទ្រូង​ធំ​ពេក​ តារា​សម្ដែង Katie Price ​ក៏​សម្រេច​ចិត្ត​វះកាត់​ទំហំ​ឲ្យ​តូច

អានអត្ថបទបន្ត៖ ខាត់ សុឃីម ឲ្យ​បេក្ខជន​ម្នាក់​ឱប​ជំនួស​ម្ដាយ ធ្វើ​ឲ្យ​ទស្សនិកជន​ស្រក់​ទឹក​ភ្នែក!

 

http://youtu.be/ZWMZ6w-ybis

 

អត្ថបទ៖ អ៊ីង សុឡា