ហួសថ្លែង!គ្រោះថ្នាក់ចរាចរណ៍នៅខ្មែរស្មើនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះធំៗ៤គ្រឿងរាល់៣ខែម្ដងលើពិភពលោក
- 2014-12-11 16:58:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហួសថ្លែង!គ្រោះថ្នាក់ចរាចរណ៍នៅខ្មែរស្មើនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះធំៗ៤គ្រឿងរាល់៣ខែម្ដងលើពិភពលោក
ចន្លោះមិនឃើញ
មនុស្សស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវ ក្នុងប្រទេសកម្ពុជា ស្មើនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះធំៗចំនួន៤គ្រឿង រៀងរាល់៣ខែម្ដង នៅក្នុងពិភពលោក នេះជាតួលេខមួយគួរឲ្យព្រួយបារម្ភ ទាក់ទងនឹងអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ចេញដោយអង្គការមូលនិធិបង្ការរបួស អាស៊ី។
តាមការបញ្ជាក់ឲ្យដឹងពី លោក Greig Craft ប្រធានអង្គការមូលនិធិបង្ការរបួស អាស៊ី និងកម្មវិធីមួកសុវត្ថិភាពជាថ្នាំបង្ការជីវិតសាកល លើកឡើងថា ឆ្នាំ២០១៣កន្លងទៅមានមនុស្សប្រមាណ ២០០០នាក់ ស្លាប់បាត់បង់ជីវិតនៅលើផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា ដែលភាគច្រើននៃពួកគេស្លាប់ដោយសារធ្វើដំណើរតាមម៉ូតូ ហើយមិនពាក់មួកសុវត្ថិភាព។
លោក Greig Craft សង្កត់ធ្ងន់ទៀតថា៖ "បើតាមការសិក្សា តួលេខមនុស្សស្លាប់នៅលើដងផ្លូវ ក្នុងប្រទេសកម្ពុជានេះ ស្មើនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះធំៗចំនួន៤គ្រឿង រៀងរាល់៣ខែម្ដង នៅក្នុងពិភពលោក"។
ថ្លែងក្នុងពិធីផ្ដល់អំណោយមួកសុវត្ថិភាព ដល់សិក្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ចំនួន៦,៦៥២ នាក់ នៅសាលាបឋមសិក្សាចំនួន៦ ក្នុងសាលាបឋមសិក្សាទួលស្វាយព្រៃ ក្នុងរាជធានីភ្នំពេញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់បន្ថែមទៀតថា៖ "គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបន្តកើនឡើងក្នុងតួលេខមួយគួរឲ្យព្រួយបារម្ភ"។
លោកបន្តថា៖ តាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញថា ជាមធ្យមមនុស្សស្លាប់៦ នាក់ និងរបួស២២ នាក់ ក្នុងមួយថ្ងៃ បូកទាំងការខូចខាតគិតជាទឹកប្រាក់ប្រមាណ ៣៣៧ លានដុល្លារ ហើយភាគច្រើនជនរងគ្រោះជា យុវវ័យ និងមនុស្សពេញវ័យ។
គិតចាប់ពីថ្ងៃទី ១១ ខែវិច្ឆិកា ២០១៣ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ចំនួនគ្រោះថ្នាក់ចរាចរណ៍កើតមានចំនួន ៤,៨៤០ លើក កើនឡើង ១២% ប្រៀបធៀបនឹងឆ្នាំ២០១៣ ហើយភាគច្រើននៃគ្រោះថ្នាក់ចរាចរណ៍ គឺបង្កឡើងដោយកត្តាមនុស្ស ពិសេសការបើកបរហួសល្បឿនកំណត់ និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង៕ អត្ថបទ៖ យិន សំបូរ