ប្រជាពលរដ្ឋ​​​ និង ​អ្នក​ជំនួញ​ខ្លះ ​បារម្ភ​រឿង​សន្តិសុខ​សង្គម​

  • 2014-12-08 17:54:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ការ​បាញ់​ប្រហារ​ពីរ​ករណី​​​ធំៗ ស្ទើរកក្រើក​ក្នុង​រាជធានី​ភ្នំពេញ នោះ​គឺការ​បាញ់​សម្លាប់​​​ឧកញ៉ា អ៊ឹង​ ម៉េងជឺ ករណី​បាញ់​រះ​​​សម្លាប់​មនុស្ស​ នៅ​ម្ដុំ​ផ្សារ​ប៉េសេ​ កាល​ពី​យប់មិញ ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ និង អ្នក​រកស៊ី​​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​សម្ដែង​ការ​ព្រួយបារម្ភ​ពី​សន្តិសុខ​ សុវត្ថិភាព។

 

ឧកញ៉ា អ៊ឹង​ ម៉េងជឺ ពេល​ត្រូវ​ឃាតករ​បាញ់​សម្លាប់ (ប្រភពរូប៖ ​គេហទំព័រ អគ្គស្នងការនគរបាល​ជាតិ)

 

យុវជន ហែម មករា អាយុ ២៥ ឆ្នាំ ជា​និស្សិត​ច្បាប់​ឆ្នាំទី ៤ នៃ​សាកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា៖ "មួយ​រយៈ​ចុង​ក្រោយ​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា បញ្ហា​សន្តិសុខ​សង្គម​ក្នុង​ក្រុង​ភ្នំពេញ​យើង ដូច​​ជា​ច្របូកច្របល់​ដល់​ហើយ ខ្ញុំ​ដូចជា ខ្លាច​រអា​មែន​ទែន។ ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ សន្តិសុខ សុវត្ថិភាព​សង្គម កាន់​តែ​ធ្លាក់​ចុះ មើល​ទៅ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់"។

 

ទាក់ទង​​នឹង​បញ្ហា​នេះ​ដែរ លោក​ឧកញ៉ា ចេង ខេង ​ប្រធាន​សមាគម​​អ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​​កម្ពុជា​ និង​ ជា​អគ្គនាយក​ក្រុមហ៊ុន​​អចលនទ្រព្យ​​​ CPL Cambodia Properties Limited លើកឡើង​​ថា ​​ឃាតកម្ម​រន្ធត់​ៗ ដូច​ជា​​​​​​លើ​ឧកញ៉ា​មាន​​ទ្រព្យ​សម្បត្តិ​កាល​ពី​ពេល​កន្លងមក ​​​​នៅ​តែ​ស្ថិត​​ក្នុង​​ការ​តាម​ដាន​​លទ្ធផល​ពី​មហាជន​ ​ជា​ការ​គំរាម​​ស្រស់​ៗ​​លើ​សុវត្ថិភាព​ ​​សម្រាប់​អ្នក​វិនិយោគទុន​​​ទាំង​ក្រៅ​ប្រទេស និង​ក្នុង​ប្រទេស។ ​"ខ្ញុំ​ថា​ សន្តិសុខ​នៅ​តែ​គំរាម​កំហែង​នោះ​​​​នឹង​គ្មាន​ផល​ដល់​ការ​​ទាញ​យក​វិនិយោគទុន​​ឡើយ"​។ ​

បន្ថែម​លើ​នេះ ​​អ្នក​ស្រី​ ជា​ សុខលាង ​អគ្គនាយក​ក្រុមហ៊ុន​ ​ LYS Sovannaphum Group Co., Ltd ​និង​ ជា​ប្រធាន​​បណ្ដាញ​​​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​ (JCI Cambodia ) សាខាចតុមុខ យល់​​​ឃើញ​ថា​ ​​​ចំណាត់​​​ការ​​​លឿន​ៗ​និង​​មាន​ប្រសិទ្ធភាព​របស់​សមត្ថកិច្ច ដើម្បី​វែក​មុខ​​រក​ឃាតក​​​​​ចូល​​​សំណាញ់​ច្បាប់​ ​ជា​អ្វី​ដែល​អាច​ធានា​​សុវត្ថិភាព ​​មិន​ឲ្យ​សហគ្រិន​​​​​ក៏ ​ដូច​​ជា​ពល​រដ្ឋ​​ភិតភ័យ​។ ​«​ប៉ុន្តែ​​​ក្ដី​បារម្ភ​គឺ​ប្រសិន​បើ​សមត្ថកិច្ច​​​មិន​ចំណាត់​ការ​ ព្រោះ​ថា​ជន​អាក្រក់​មាន​គ្រប់​កន្លែង»។

 

ទោះជាយ៉ាងណាក៏ដោយ លោក គឹម ហៀង ​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​​ ខ្មែរ​រៀល​អ៊ីសស្តេត​ ​ថា​​​ករណី​​​​​បាញ់​ប្រហារ​​នៅ​ ភ្នំពេញ​ថ្មី​ៗ​​​​ ពុំ​បង្ក​ក្ដី​បារម្ភ​ធំ​ធេង​ក្នុង​​​​វិស័យ​ពាណិជ្ជកម្ម​​​លោក​ទេ។ លោក​យល់​ថា ​ឧក្រិដ្ឋកម្ម​​​​​​បាញ់​សម្លាប់​ធំ​ៗ​​មួយ​រយៈ​មក​នេះ ​​ភាគ​ច្រើន​​ជា​រឿង​បុគ្គល​។ «​​ដើរ​យប់​យូរ​ៗ ​​គង់​នឹង​ជួប​ខ្មោច​​។ ឲ្យ​​​តែ​យើង​ធ្វើ​អាក្រក់​ គង់​នឹង​ប៉ះ​អាក្រក់​​។ ដើរ​​ទៅ​ណា​មក​ណា​ មើល​មុខ​ក្រោយ​ៗ​​រហូត​​»។

 

ការ​លើកឡើង​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​​វិនិយោគិន​​មួយ​ចំនួន​ខាង​លើ​នេះ គឺ​កើត​ចេញ​បន្ទាប់​ពី​បណ្ដាញ​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​កាល​ពី​ករណី​បាញ់​សម្លាប់​មនុស្ស​នៅ​ម្ដុំ​ផ្សារ​ប៉េសេ កាល​ពី​យប់​មិញ​នេះ។ សមត្ថកិច្ច​​បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ថា ករណី​នេះ​កើត​ចេញ ពី​ទំនាស់​ផឹក​ស៊ី ហើយ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ជា​មុខ​សញ្ញា​ប្លន់​ប្រដាប់​អាវុធ​ទើប​ចេញ​ពី​ពន្ធនាគារ។ ជនសង្ស័យ​ទី ១ ឈ្មោះ ផន សុផល អាយុ ៣០ ឆ្នាំ និង ទី ២ ចេង រ៉ាវី អាយុ ២៤ ឆ្នាំ ចំណែក​​អ្នក​ស្លាប់​​ឈ្មោះ​ជៀវ វាសនា អាយុ ២៨ ឆ្នាំ​ត្រូវ​ ៣ គ្រាប់ និង របួស​ធ្ងន់​ម្នាក់ និង ស្រាល​ម្នាក់។ ទន្ទឹមគ្នា​នឹង​ការ​ចាប់​បាន​ជនសង្ស័យ​ សមត្ថកិច្ច​ក៏​ឃាត់​បាន​​ម៉ូតូ ៣គ្រឿង ក្នុង​នោះ​ AX មួយ​គ្រៀង​ វីវ៉ា​មួយ​គ្រឿង សង់សេ ១២៥ មួយ​គ្រឿង និង កាំភ្លើង​ខ្លី​មួយដើម ខ្មាន់​កាំភ្លើង។

 

ករណី​ដោយ​ឡែក​មួយ​គឺ កាល​ពី​ថ្ងៃ​ទី ២២ ខែ វិច្ឆិកា​ ឆ្នាំ ២០១៤ លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែ​ស៊ីម៉ង់តិ៍​ពេជ្រ និង ជា​ម្ចាស់​ហាង​ពេជ្រ​ហុង​កុង ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​​បណ្ដាល​ឲ្យ​ស្លាប់​​ភ្លាម​ៗ​នៅ​ពេល​​លោក​ចុះ​ទិញ​ផ្លែឈើ​នៅ​ជិត​ស្ដាត​អូឡាំពិក ក្នុងសង្កាត់ទួលស្វាយព្រៃ២​ ខណ្ឌ​ចំការ​មន។ ​

 

ជុំវិញ​ការ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​លើ​បញ្ហា​សន្ដិសុខ លោក ខៀវ សុភ័ក្រ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​និយាយ​ប្រាប់​គេហទំព័រ Sabay នៅ​ព្រឹក​នេះ​ថា ការ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ ក៏ដូចជា អ្នក​វិនិយោគទុន​ គឺជា ​រឿង​ត្រឹម​ត្រូវ​ ព្រោះ​ករណី បាញ់​ប្រហារ នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​កើត​មាន​ជា​បន្តបន្ទាប់។ ប៉ុន្តែ លោក​បាន​បញ្ជាក់​ថា ករណី​បាញ់​ប្រហារ​កន្លង​មក​គឺជា​រឿង​ដាច់​ដោយ​ឡែក​ពី​គ្នា ហើយ​លោក​បាន​លើក​ឡើង​ដែរ​ ករណី​ដែល​បាន​កើត​ឡើង សមត្ថកិច្ច​បាន​វែក​មុខ​រក​ឃើញ​ជន​ដៃ​ដល់​ភ្លាមៗ។

 

ទន្ទឹមគ្នា​នេះ​ លោក ខៀវ សុភ័ក្រ្ដ​ បាន​និយាយ​ថា​ សមត្ថកិច្ច​បាន​​ត្រៀម​កម្លាំង​ការពារ​​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង វិនិយោគទុន​​ ប៉ុន្តែ​ ​សាមី​ខ្លួន​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​ដោយ​ខ្លួន​ឯង​ផងដែរ។

 

ទោះ​បី​យ៉ាង​ណា​ លោក ខៀវ សុភ័ក្រ្ដ​ មិន​បាន​បញ្ជាក់​អំពី​ចំនួន​បទ​ល្មើស​ឆក់​ប្លន់ និង មនុស្ស​ឃាត​នៅ​ក្នុង​អំឡុង​ឆ្នាំ ២០១៤​នេះ​នៅ​ឡើយ​ទេ ដោយ​លោក​ប្រាប់​ថា សមត្ថកិច្ច​កំពុង​បូក​សរុប​របាយការណ៍​ គឺ​កំពុង​ប្រមូល​របាយការណ៍​ពី​គ្រប់​ស្នងការ​ខេត្ត-រាជធានី​​នៅ​ឡើយ។

 

“យើង​កំពុង​ធ្វើ​ការ​រឿង​នេះ យើង​មិន​ទាន់​អាច​បញ្ជាក់​អំពី​ចំនួន​ថយ​ចុះ​ឬ​កើន​អំពី​ករណី​សន្ដិសុខ​នៅ​ឡើយ ប៉ុន្ដែ សមត្ថកិច្ច​​​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​បញ្ហា​សន្ដិសុខ​ ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា អ្នក​វិនិយោគ​ទុន​​នៅ​កម្ពុជា"៕

 

សូមចុចអាន៖ ថោង សារ៉ាត់ នៅ​បាត់ខ្លួន ឪពុក-ម្តាយ​បន្ទន់​ជំហរ​

សូមចុចអាន៖  បញ្ជូនជន​ជាប់​សង្ស័យ​​​ដល់​អយ្យការ​អមសាលាដំបូង​

សូមចុចអាន៖ កក្រើក​មួយ​​រាត្រី​ សមាជិក​​គ្រួសារ​ជន​សង្ស័យ​១៤​នាក់​​ត្រូវ​​ឃាត់​​ខ្លួន​

អត្ថបទថ្មី