ប្រជាជន​ចិន​នាំ​គ្នា​ផ្ដិត​មេ​ដៃ ដេញ​ក្មេង​កើត​អេដស៍​ចេញ​ពី​ភូមិ

  • 2014-12-18 22:32:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​ជាង ២០០​នាក់ ​នៅ​ភូមិ​មួយ​នា​ភាគ​និរតី​ខេត្ត​ស៊ីឈួន ប្រទេស​ចិន បាន​ផ្ដិត​មេដៃ​លើ​ញត្តិ​រួម​គ្នា​ទាមទារ​ឲ្យ​យក​ក្មេង​អាយុ ៨​ឆ្នាំ ដែល​មាន​មេរោគ​អេដស៍​ជាប់​ខ្លួន​ចេញ​ពី​ភូមិ និង​ដាក់​ឲ្យ​នៅ​ព្យាបាល​ដាច់​ពី​គេ។ នេះ​បើ​​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Reuters ដក​ស្រង់​ចេញ​ពី​ប្រភព​កាសែត People's Daily របស់​ចិន។

 

 

ក្មេង​ប្រុស​ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​​ថា Kun Kun បាន​ឆ្លង​មេរោគ​អេដស៍​ពី​ម្ដាយ​ក្នុង​ឆ្នាំ​២០១១។ បន្ទាប់​ពី​មាន​មេរោគ​កំណាច​ក្នុង​ខ្លួន កុមារ​នេះ​ត្រូវ​សាលា​បញ្ឈប់​លែង​ឲ្យ​រៀន និង​មាន​ការ​រើសអើង​ពី​អ្នក​ភូមិ​យ៉ាង​ខ្លាំង។ កាល​ពី​ដើម​ខែ​នេះ អ្នក​ភូមិ​បាន​នាំ​គ្នា​ធ្វើ​ញត្តិ​មួយ​ទាមទារ​ឲ្យ​ជម្លៀស​ក្មេង​នេះ​ចេញ​ពី​ភូមិ ដោយ​ក្នុង​នោះ​មាន​ការ​ចុះ​ហត្ថលេខា និង​ផ្ដិត​មេដៃ​ពី​មនុស្ស​ជាង ២០០​នាក់ រាប់​ទាំង​អ្នក​មើល​ថែ និង​ជីតា​របស់ Kun Kun ផង។ ​​​

 

ប្រធាន​ភូមិ ដែល​ជា​អ្នក​ផ្ដើម​គំនិត​កោះ​ប្រជុំ និង​ធ្វើ​ញត្តិ បាន​អះអាង​ថា "Kun Kun មាន​អេដស៍​ជាប់​ខ្លួន បើ​នៅ​ក្នុង​ភូមិ​យើង​ទៀត ខ្លាច​ឆ្លង​ដល់​គ្រួសារ​យើង និង​កូន​ៗ"។ អ្នក​ភូមិ​ម្នាក់​ទៀត​បាន​និយាយ​ថា "ក្មេង​នេះ នឹង​ចម្លង​អ្នក​ផ្សេង​ទៀត... យើង​ចាស់​ៗ​ហើយ មិន​ខ្លាច​ស្លាប់​ទេ... តែ​ពេល​ក្មេង​ៗ​មក​វិញ គង់​តា​ដេញ​ចេញ​ដូច​គ្នា​ទេ"។

 

អ្នក​ភូមិ​ផ្សេង​ទៀត ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា បើ​ក្មេង​​នេះ​មាន​របួស​រហូត​ដល់​ហូរ​ឈាម នោះ​មេរោគ​ប្រាកដ​ជា​ឆ្លង​ដល់​អ្នក​ឯ​ទៀត។ ដូចនេះ បើ​មិន​បញ្ជូន​ក្មេង​នេះ​ទៅ​ព្យាបាល​ទេ វា​នឹង​ប៉ះ​ពាល់​ក្មេង​ៗ​ក្នុង​ភូមិ។ អ្នក​ភូមិ​ម្នាក់​បាន​និយាយ​ដោយ​ការ​រើស​អើង​ថា "ខ្ញុំ​ស្អប់​ក្មេង​នេះ​ណាស់ ស្អប់​មេរោគ​អេដស៍... ពេល​មួយ​នុះ គេ​បាន​មក​លេង​ផ្ទះ​ខ្ញុំ ហើយ​ខ្ញុំ​បាន​អោយ​បាយ​គេ​ហូប... ក្រោយ​មក​ខ្ញុំ​បាន​បោះ​ចាន​បាយ​នោះ​ចោល"។

 

ក្មេង​ប្រុស​រងគ្រោះ

 

​​ជីតា​វ័យ ៦៩​ឆ្នាំ របស់ Kun Kun ឈ្មោះ Luo Wenhui បាន​បញ្ជាក់​ថា មាន​តែ​ម្ដាយ​របស់​ក្មេង​នេះ​ទេ ទើប​ដឹង​ថា​ឪពុក​ក្មេង​នេះ​ជា​នរណា។ "...យើង​មិន​អាច​ធ្វើ​អី​បាន​ទេ ព្រោះ​ជំងឺ​នេះ​ព្យាបាល​មិន​កើត... ឪពុក​គេ​មិន​ដែល​ចេញ​មុខ​មក​ឲ្យ​លុយ​ខ្ញុំ​ដើម្បី​ចិញ្ចឹម​ក្មេង​នេះ​ទេ... ក្មេង​នេះ​រស់​នៅ និង​ស៊ី​ចុក​ជាមួយ​ខ្ញុំ​រហូត​មក។ ខ្ញុំ​ច្បាស់​ហើយ ព្រោះ​ខ្ញុំ​អ្នក​ឲ្យ​ខោ​អាវ​គេ​ពាក់ និង​ឲ្យ​បាយទឹក​គេ​ស៊ី"។ លោក​តា Wenhui និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន។ ​

 

នៅ​សាលា​បឋមសិក្សា​ដែល​ក្មេង​នេះ​រៀន មាន​សិស្ស​ប៉ុន្មាន​នាក់​បាន​និយាយ គេ​មិន​ដែល​លេង​ចូល Kun Kun ទេ ព្រោះ​ក្មេង​នេះ​កើត​ជំងឺ​អេដស៍។ ទោះ​យ៉ាង​ណា ក្មេង​ទាំង​​នោះ​មិន​ដឹង​ថា​អេដស៍​ជា​អ្វី​ផង។ ខណៈ​អ្នក​យក​ព័ត៌មាន​សួរ​ក្មេង​ម្នាក់​ថា អេដស៍​ជា​អ្វី? ក្មេង​នោះ​ឆ្លើយ​ថា ជា​ជំងឺ​មហារីក​គ្រាប់​ឈាម​ទៅ​វិញ។

 

ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​អ្នក​ភូមិ អភិបាល​ក្រុង​បាន​និយាយ​ថា Kun Kun គួរ​ទទួល​បាន​សិទ្ធិ​ស្មើ​នឹង​មនុស្ស​គ្រប់​រូប មិន​គួរ​បណ្ដេញ​ចេញ​ពី​ភូមិ​ទេ។ បន្ថែម​ពី​លើ​នេះ អភិបាល​ក្រុង​នឹង​ធ្វើ​ការ​ពន្យល់​អ្នក​ភូមិ​ឲ្យ​ឈប់​រើស​អើង​អ្នក​កើត​មេរោគ​អេដស៍​ទៀត។

 

ញត្តិ​ដែល​អ្នក​ភូមិ​នាំ​គ្នា​ផ្តិត​មេដៃ

 

អ្នក​ផ្ទុក​មេរោគ​អេដស៍ ត្រូវ​ប្រឈម​នឹង​ការ​​រើស​អើង​ទូទាំង​ប្រទេស​ចិន ហើយ​វេជ្ជបណ្ឌិត​មួយ​ចំនួន​បាន​បដិសេធ មិន​ពិនិត្យ​អ្នក​ផ្ទុក​មេរោគ​សង្គម​នេះ​ទេ លើស​ពី​នេះ​ទៀត​ក្រុមហ៊ុន​មួយ​ចំនួន​មិន​ទទួល​ឲ្យ​ចូល​ធ្វើ​ការ​ឡើយ។

 

រដ្ឋាភិបាល​បាន​ដាក់​ចេញ​គោល​នយោបាយ បញ្ឈប់​ការ​រើស​អើង​ចំពោះ​អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍ ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​នយោបាយ​នានា​តែង​ទៅ​សួរ​សុខទុក្ខ​អ្នក​ជំងឺ​ជា​សាធារណៈ ដើម្បី​បង្ហាញ​ពី​ការ​ទទួល​ស្គាល់​បញ្ហា​ប្រឈម​នៃ​អ្នក​មាន​មេរោគ​អេដស៍៕

 

ចុចអាន៖ សុខាភិបាលបាត់ដំបង ឆ្លើយ​តប​ករណីស្ទើ​រមួយ​ភូមិ​ឆ្លង​ជំងឺ​អេដស៍​

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ Reuters, Shanghaiist

អត្ថបទថ្មី