រឿង​មួយ​ចំនួន​ដែល​អ្នក​គួរ​ដឹង​ពី​មហា​បាតុកម្ម​ដ៏​កក្រើក​នៅ​ហុងកុង

  • 2014-09-30 18:43:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ទល់​ពេល​នេះ បាតុកម្ម​នៅ​ហុងកុង​កាន់​តែ​រីក​ដុះដាល​ខ្លាំង​ឡើង ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​មួយ​ដែល​ពិភពលោក​កំពុង​ចាប់​អារម្មណ៍។ សិស្ស-និស្សិត និង​ក្រុម​អ្នក​តវ៉ា​រាប់​ពាន់​នាក់ ​បាន​ធ្វើ​ការ​ទាមទារ​សិទ្ធិ​បោះ​ឆ្នោត​ជ្រើសរើស​មេ​ដឹក​នាំ​ហុងកុង​នៅ​ឆ្នាំ ២០១៧ ដោយ​ផ្ទាល់ ប៉ុន្តែ​រដ្ឋអំណាច​ចិន​មិន​យល់​ព្រម។

 

ក្រុម​អ្នក​តវ៉ា​លើក​ទូរសព្ទ​ដៃ​ឡើង​ព្រម​គ្នា ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ប្រឆាំង​នឹង​ប្រទេស​ចិន

 

ដើម្បី​ឲ្យ​ដឹង​ច្បាស់​ពី​​មហា​បាតុកម្ម​នេះ Sabay បាន​លើក​យក​រឿង​រ៉ាវ​មួយ​ចំនួន​មក​បង្ហាញ៖

 

ហុងកុង ​គឺ​ជា​ដែនដី​មួយ​របស់​ប្រទេស​ចិន ដែល​ទទួល​បាន​ឯករាជ្យ​ពី​អង់គ្លេស​នៅ​ថ្ងៃ​ទី០១ ខែ​កក្កដា ឆ្នាំ១៩៩៧។ ទីក្រុង​ដ៏​ស៊ីវិល័យ​មួយ​នេះ មាន​ផ្ទៃដី​សរុប១១០៤គីឡូម៉ែត្រ​ការ៉េ និង​មាន​ប្រជាជន​កំពុង​រស់នៅ​ប្រហែល​ជាង ៧លាន​នាក់។

 

ក្នុង​ឆ្នាំ១៨៤២ ហុងកុង​បាន​ធ្លាក់​ក្រោម​អាណានិគម​របស់​អង់គ្លេស តាម​រយៈ​សន្ធិសញ្ញា​មួយ។ រហូត​ដល់​ឆ្នាំ១៨៩៨ អង់គ្លេស​បាន​ចុះ​អនុសញ្ញា​ថ្មី​មួយ​ទៀត ដោយ​ជួល​យក​ហុងកុង​ពី​ចិន​ក្នុង​រយៈពេល ៩៩​ឆ្នាំ។ ក្នុង​ចន្លោះ​ពេល​នោះ នា​សម័យ​សង្គ្រាម​លោក​លើក​ទី២ ហុងកុង​ក៏​ធ្លាប់​ត្រូវ​បាន​​គ្រប់​គ្រង​ដោយ​ជប៉ុន​ដែរ​។ ទោះ​យ៉ាង​ណា អង់គ្លេស​បាន​វិល​ត្រលប់​មក​គ្រប់គ្រង​ហុងកុង​វិញ​ក្នុង​ឆ្នាំ១៩៤៥ បន្ទាប់​ពី​ជប៉ុន​ចាញ់​សង្គ្រាម។ ​​

 

ឆ្នាំ១៩៩៧ ទីក្រុង​ហុងកុង​ដែល​ជា​ដែនដី​អាណានិគម​របស់​អង់គ្លេស ត្រូវ​បាន​ប្រគល់​ឲ្យ​ចិន​វិញ​តាម​រយៈ​កិច្ចព្រមព្រៀង​ដែល​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ១៩៨៤។ ​ពេល​នោះ អង់គ្លេស​បាន​ប្រគល់​ស្វ័យ​គ្រប់គ្រង​ស្ទើរ​ទាំង​អស់​ទៅ​​ឲ្យ​ចិន លើក​លែង​តែ​កិច្ចការ​បរទេស និង​កិច្ចការពារ​ដែន​ដី ​ដែល​នឹង​ប្រគល់​ឲ្យ​ក្នុង​រយៈពេល ៥០ឆ្នាំ​បន្ទាប់​ទៀត។ ឆ្នាំ២០០៤ ចិន​បាន​សម្រេច​ថា ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ចំពោះ​ច្បាប់​បោះ​ឆ្នោត​របស់​ហុងកុង។

 

ក្រុម​អ្នក​គាំ​ទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជិត​វិមាន​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ម្សិល​មិញ

 

ពី​ខែ​ឧសភា ដល់​ខែ​កក្កដា ឆ្នាំ២០១៤ សកម្មជន​គាំ​ទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ធ្វើ​ប្រជាមតិ​ក្រៅ​ផ្លូវការ​លើ​កំណែ​ទម្រង់​នយោបាយ​ហុងកុង និង​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា​ដ៏​ធំ​មួយ។ ប៉ុន្តែ​សកម្មភាព​ទាំង​នោះ ត្រូវ​បាន​ប្រឆាំង​ដោយ​ក្រុម​សកម្មជន​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

 

ថ្ងៃ​ទី ៣១ ខែ​សីហា ឆ្នាំ​២០១៤ ប្រទេស​ចិន​បាន​បញ្ជាក់​ថា នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​ផ្ទាល់​នៅ​ហុងកុង​ក្នុង​ឆ្នាំ២០១៧ ប៉ុន្តែ​បេក្ខជន​ដែល​ឈរ​ឈ្មោះ​គឺ​រដ្ឋ​អំណាច​ចិន​ជា​អ្នក​ជ្រើសតាំង​ទុក​ជា​មុន។ ចាប់​ពី​ពេល​នោះ​មក សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​នានា​បាន​ចាប់​ផ្ដើម​ប្រឆាំង​ជា​បន្តបន្ទាប់។

​​​​​​​​​​​

ថ្ងៃ​ទី ២២ ខែ​កញ្ញា ឆ្នាំ​២០១៤ ក្រុម​សិស្ស-និស្សិត បាន​ចាប់​ផ្ដើម​ធ្វើ​ពហិកា​មិន​ចូល​រៀន​​មួយ​សប្ដាហ៍ ដើម្បី​ចូលរួម​ធ្វើបាតុកម្ម។ រហូត​មក​ដល់​ពេល​នេះ ការ​តវ៉ា​កាន់​តែ​ឡើង​កម្ដៅ ខណៈ​សមត្ថកិច្ច​ឈាន​ដល់​ការ​​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​បំបែក​ហ្វូង​បាតុករ​ដែល​មាន​ការ​កើន​ឡើង​ជា​លំដាប់។ ​

 

ចំណែក​ឯ​ការ​បោះ​ឆ្នោត​ជ្រើសរើស​មេដឹកនាំ​ក្រុង​ហុងកុង​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ឆ្នាំ ២០១៧ ហើយ​ឆ្នាំ ២០៤៧ ខាង​មុខ​ កិច្ចព្រមព្រៀង​បច្ចុប្បន្ន​ជាមួយ​អង់គ្លេស​នឹង​ត្រូវ​ផុត​សុពលភាព​។

 

អ្នក​តវ៉ា​ម្នាក់​កំពុង​ជូន​ផ្កា​ដល់​ប៉ូលិស​បង្ក្រាប​កុប្បកម្ម

ដោយ៖ គង់ វិសាល

ប្រភព៖ bbc, channelnewsasia